(កំពង់ធំ)៖ អំបុក គឺជាអាហារបុរាណខ្មែរមួយប្រភេទដ៏មានប្រជាប្រិយភាព និងពេញនិយមខ្លាំងនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ។ អំបុក គឺជាអាហារដែលធ្វើចេញពីស្រូវទើបតែចាប់ផ្ដើមទុំ ឬពលរដ្ឋខ្មែរហៅថា ទុំស្លាបសេក។
អំបុកក្រៅពីជាអាហារដ៏មានប្រជាប្រិយភាពហើយនោះ អំបុកក៏ជាអាហារផ្សាភ្ជាប់ជាមួយជំនឿយ៉ាងជ្រាលជ្រៅក្នុងផ្នត់គំនិតពលរដ្ឋខ្មែរ។ ដោយនៅក្នុងព្រះរាជពិធីបុណ្យអុំទូក មានពិធីមួយមានឈ្មោះថា «អកអំបុក» ត្រូវបានគេធ្វើឡើងនៅក្នុងរាត្រីសែនព្រះខែដែលឧទ្ទិសដល់ព្រះសម្មាសម្ពុទ្ធ។ ការអកអំបុក ចាស់ព្រឹទ្ធាចារ្យតែងតែបញ្ចុកអកទៅកាន់ក្មេងៗពេញៗមាត់ បន្ទាប់មកឱ្យអ្នកដែលបានគេអកអំបុកនោះ ប្រាថ្នាអ្វីដែលគេចង់បាន។ ការធ្វើបែបនេះ ត្រូវបានគេមានជំឿថា សេចក្ដីប្រាថ្នានោះ នឹងបានសម្រេច។
ដោយសារអំបុកស្ថិតនៅក្នុងជំនឿដ៏ជ្រាលជ្រៅ និងជាអាហារដ៏មានប្រជាប្រិយភាពខ្មែរនាឱកាសប្រមូលផលស្រូវទូទាំងប្រទេសកម្ពុជាបែបនេះហើយ ទើបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសយកថ្ងៃទី៩ ខែវិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជជាតិនោះ ជាឱកាសអកអំបុករួមគ្នាសម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។
ការអកអំបុកនេះ គឺដើម្បីបង្ហាញទៅដល់បុគ្គលក្បត់ជាតិ ដែលប្រកាសយកថ្ងៃបុណ្យឯករាជជាតិ ដើម្បីផ្ដួលរលំរដ្ឋាភិបាលស្របច្បាប់ឱ្យបានដឹងថា ប្រទេសកម្ពុជាកំពុងមានការរីកចម្រើន មានសន្តិភាព ប្រជាពលរដ្ឋរស់នៅដោយស្មើមុខស្មើមាត់គ្នាលើឆាកជាតិ និងអន្តរជាតិ មិនត្រូវការសង្រ្គៀម ឬការផ្ដួលរលំរដ្ឋាស្របច្បាប់នោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ឥលូវនេះខ្ញុំសុំប្រកាសយកថ្ងៃទី៩ ខែវិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិរបស់យើង តភ្ជាប់ជាមួយបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ធ្វើជាថ្ងៃរួមគ្នាទទួលទានអំបុកខ្មែរទូទាំងប្រទេស។ ហ្អែងធ្វើយុទ្ធនាការផ្ដួលរលំ អញធ្វើយុទ្ធនាការអកអំបុក។ តេជគុណអើយស្រួលទេ កាលនំបញ្ចុកខ្ញុំកូណាភ័យប្រហោងពោះ ហេតុអីបានត្រូវភ័យ នំបញ្ចុកចុះបើសិនវាពុលទៅព្រោះធ្លាប់លឺពុលនំបញ្ចុកឯណេះ ពុលនំបញ្ចុកឯណោះ ពេលហ្នឹងនិយាយពីតាមដានសភាពការ ខ្ញុំបើកហ្វេសបប៊ុកមើលតែម្ដង តាមហ្វេសប៊ុកឡាយខ្លះគេស៊ីនំបញ្ចុកឡាយផ្ទាល់ ក៏ចូលទៅ Comment ពីរបីពាក្យទៅ។ ក្រែងលោវាមានពុលនំបញ្ចុកតែអត់អីដែរ ស៊ីនំបញ្ចុកម៉ាប្រទេស។ ឥលូវអំបុករបស់យើងជាអំបុកការពារជាតិសាសនា និងព្រះមហាក្សត្រ»។
ការប្រកាសរបស់សម្ដេចបានធ្វើឡើងនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាលាប៊ែលធីអន្តរជាតិ និងពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការសៀវភៅ «ហ៊ុន សែន កម្ពុជា»។
ក្រោយមានការប្រកាសពីសម្ដេច ហ៊ុន សែន បានធ្វើឱ្យប្រជាពលរដ្ឋជាច្រើនសម្រុកទិញ និងកក់អំបុកសម្រាប់ពិសាជុំគ្នា នាថ្ងៃទី៩ ខែវិច្ឆិកា។ ការទទួលកក់អំបុកជាច្រើននេះ បានធ្វើឱ្យពលរដ្ឋប្រកបរបរបុកអំបុក មានចំណូលកើនឡើងច្រើនខ្លាំងជាងធម្មតា។
អ្នកស្រី ខន ជាប្រជាពលរដ្ឋមួយរូប ដែលបានប្រកបរបរបុកអំបុកលក់នៅភូមិសាន់គរខ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ អ្នកស្រីបានបង្ហាញការត្រេកអរ និងអរគុណដល់សម្ដេចតេជោ ដែលបានលើកតម្កើងអាហារជាអត្តសញ្ញាណខ្មែរឱ្យប្រជាពលរដ្ឋងាកមកចាប់អារម្មណ៍ឡើងវិញ។ អ្នកស្រីបានលើកឡើងថា កន្លងមកអំបុកមានតម្លៃទាប ខណៈអំបុកត្រូវបានអ្នកផលិតធ្វើឡើងដោយយកចិត្តទុកដាក់ និងសម្រិតសម្រាំង ដើម្បីធ្វើយ៉ាងណាឱ្យមានអនាម័យ មានឱជារសឈ្ងុយឆ្ងាញ់ និងមានសភាពស្រួយងាយស្រួលពិសា។
អ្នកស្រី ខន បញ្ជាក់ថា៖ «កាលនាយករដ្ឋមន្ត្រីអត់ទាន់ប្រកាស យើងលក់តែមួយកំប៉ុង ១៥០០រៀលពេលខែបុណ្យ ហើយខែអត់បុណ្យតម្លៃចុះជាងនេះទៀត។ ខែធម្មតាមួយកំប៉ុងតែ ១២០០ ឬ១០០០រៀលអីទេ។ ដល់បានត្រឹមនាយករដ្ឋមន្ត្រីប្រកាសឱ្យទិញអំបុកមក ក៏បានឡើងថ្លៃ ហើយគេដើរឱ្យថ្លៃតែម្ដង អត់មានពិបាកដើរប្រកាសថាខ្ញុំឡើងថ្លៃអីនោះទេ។ ខ្ញុំសូមសុំណូមពរឱ្យនាយករដ្ឋមន្ត្រីជួយទិញអំបុកឱ្យបានច្រើន ព្រោះអីអ្នកមានអត់លក់ទេអំបុកនេះ មានតែអ្នកក្រទេដែលធ្វើអំបុក ហើយចាស់ៗហើយទៅរកអីណាបាន បានលុយនេះហើយធ្វើបុណ្យធ្វើអី»។
អ្នកប្រកបរបរដាល់អំបុកលក់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦អា សុទ្ធតែបានបង្ហាញក្តីសប្បាយរីករាយ ចំពោះការទទួលបានការបញ្ជាទិញជាច្រើនពីប្រជាពលរដ្ឋ។ អ្នកស្រី រឿន ឃាង ដែលជាអ្នកដាល់អំបុកមួយគ្រួសារទៀតនៅភូមិសាន់គរខ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបង្ហាញចំណាប់អារម្មណ៍របស់អ្នកស្រីយ៉ាងដូច្នេះថា៖ «សប្បាយតើអូន បានអំបុកយើងឡើងថ្លៃ បើមិនមានមុខរបរអីផង មានតែយើងរកអាហ្នឹងសប្បាយ។ ដាច់ជាងឆ្នាំមុនអត់សូវដាច់ទេ ឆ្នាំនេះដាច់ជាងព្រោះមានអ្នកកម្ម៉ង់ ច្រើន។ ខ្ញុំចង់ឲ្យគេគាំទ្រអំបុកឱ្យបានច្រើនៗ ដើម្បីឱ្យអំបុកលក់បានថ្លៃ»។
កុំថាឡើយអ្នកលក់អំបុក ដែលទទួលបានផលចំណេញលើការអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៅពេលនេះ សូម្បីតែប្រជាពលរដ្ឋផ្ទាល់ ក៏មានការសប្បាយចិត្តក្នុងការប្រកាសរបស់សម្ដេចនាយករដ្ឋមន្រ្តីផងដែរ។ ពិតណាស់ការសាទរនេះ ក៏ព្រោះតែប្រជាពលរដ្ឋបានដឹងថា អំបុក គឺជាប្រភេទអាហារបុរាណខ្មែរ ដែលត្រូវការការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ខណៈដែលកន្លងមក អំបុកហាក់នៅឆ្ងាយពីការពេញនិយមរបស់យុវជនជំនាន់ក្រោយ។
កញ្ញា សុជាតិ ប្រជាពលរដ្ឋស្ថិតនៅខណ្ឌជ្រោយចង្វា បានលើកឡើងថា៖ «ខ្ញុំមានគម្រោងទិញអំបុក ចេក ដូង យកមកញ៉ាំជុំគ្នាជាលក្ខណៈគ្រួសារដែរ ព្រោះថ្ងៃនោះជាថ្ងៃសម្រាកស្រាប់។ សម្រាប់អ្នកផ្ទះខ្ញុំមានគ្នា៥នាក់ ហើយទិញអំបុកបាន៤កំប៉ុង ទិញនៅផ្លូវទៅកំពង់ចាម។ សម្រាប់ខ្ញុំយល់ថា ជារឿងល្អព្រោះថា អំបុក គឺជាផលិតផលមួយក្នុងស្រុក ហើយយើងហូបអំបុក គឺជាការមួយដែលបង្ហាញពីស្មារតីស្នេហាជាតិ»។
ប្រជាពលរដ្ឋមួយរូបទៀតដែលរស់នៅសង្កាត់ព្រៃតាសេក លោក ឥន្ធ កុសល ក៏មិនខុសពីកញ្ញា សុជាតិ នោះដែរ ដោយលោកបានត្រៀមអំបុករួចជាស្រេច ដើម្បីអករួមគ្នា ជាមួយគ្រួសារ ក្រុមការងារ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសនៅថ្ងៃទី៩ ខែវិច្ឆិកា។ លោកក៏បានបញ្ជាក់ដែរថា ការអកអំបុកនេះ ក៏ព្រោះតែលោកចង់ចូលរួមការពារជាតិ សាសនា និងព្រះមហាក្សត្រ តាមការប្រកាសរបស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
«ចំពោះខ្ញុំក៏ដូចជាប្រជាពលរដ្ឋទាំងមូល អបអរសាទរចំពោះអនុសាសន៍របស់សម្ដេច ព្រោះអីអំបុក គឺជាអង្កររបស់ខ្មែរ ដែលប្រជាពលរដ្ឋបានសម្រិតសម្រាំងបុកដោយដៃផ្ទាល់ គឺល្អ។ ជាពិសេស គឺចូលរួមហូបអំបុកសាមគ្គី ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពារសន្តិភាពរបស់ប្រទេសយើងផងដែរ។ ខ្ញុំសូមសុំណូមពរដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ចូលរួមហូបអំបុកទាំងអស់គ្នា ដើម្បីការពារសន្តិភាព ការពារព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាយើង»។ លោក ឥន្ធ កុសល បញ្ជាក់។
ពិតណាស់នៅថ្ងៃទី៩ ខែវិច្ឆិកា ជាថ្ងៃប្រជាពលរដ្ឋខ្មែររីករាយសាទរនៅក្នុងពិធីបុណ្យឯករាជជាតិខួបទី៦៦ឆ្នាំ។ មិនតែប៉ុណ្ណោះនៅក្នុងឆ្នាំ២០១៩នេះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ក៏បានប្រព្រឹត្តទៅទន្ទឹមគ្នាផងដែរ។ តែដោយក្រុមទន្ទាមខុសច្បាប់ បានប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នោះ ទើបសម្ដេចបានប្រកាសប្រើវិធីសាស្រ្ត «បន្លាជួសបន្លា» ប្រកបដោយភាពទន់ភ្លន់ តាមរយៈការអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមពិសារអំបុក ក្នុងស្មារតីការពារសន្តិភាព ការពារជាតិ សាសនា និងព្រះមហាក្សត្រ៕