(ឧត្តរមានជ័យ)៖ ក្រុមការងារចាក់បញ្ចាំងព្រឹត្តិការណ៍ ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី០៤ ឆ្នាំ២០១៩ បានធ្វើដំណើរដល់ខេត្តឧត្តរមានជ័យហើយ ដើម្បីចាក់បញ្ចាំងភាពយន្តចិន និងខ្មែរ ជូនប្រជាពលរដ្ឋនៅខេត្តនេះ ទស្សនាដោយសេរី។
តាមការគ្រោងទុកភាពយន្តដែលចាក់បញ្ចាំងនៅរាត្រីថ្ងៃទី០៨ ខែវិច្ឆិកានេះ មានចំនួនពីររឿង ដោយភាពយន្តចិនមានចំណងជើងថា «សួស្តីលោកមហាសេដ្ឋី» និងភាពយន្តខ្មែរគឺរឿង «លោកឪពុក»។ សាធារណជន និងប្រជាពលរដ្ឋ អាចចូលរួមទស្សនាកម្សាន្តដោយមេត្រីភាព ចាប់ពីម៉ោង៦រសៀលតទៅ នៅសួនច្បារមុខសាលាខេត្តឧត្តរមានជ័យ។
ព្រឹត្តិការណ៍ដំណើរភាពយន្តចល័តចិន-កម្ពុជា ដ៏ឆ្នើមលើកទី៤នេះ រៀបចំដោយស្ថានទូតចិនប្រចាំនៅកម្ពុជា សហការជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ ជាពិសេសវិស័យវប្បធម៌សិល្បៈភាពយន្ត។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថានទូតចិនប្រចាំរាជធានីភ្នំពេញ បានសហការជាមួយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយ៍វិទ្យុទូរទស្សន៍មជ្ឈិមចិន, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រុមហ៊ុនភាពយន្តចិនគ្រុប និងអង្គភាពសារពត៌មាន Fresh News បានប្រារព្ធធ្វើពិធីសម្ពោធបើកព្រឹត្តិការណ៍ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី០៤ ជាផ្លូវការ ដែលរៀបចំឡើងនៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី បើកសម្ពោធកម្មវិធីនេះ។
ក្រុមការងារចាក់បញ្ចាំងភាពយន្តសហការដោយកម្ពុជា-ចិន នឹងនាំយកនូវរឿងដ៏ល្អៗ ដូចជាមួយគីឡូម៉ែត្រចុងក្រោយ, រឿងសួស្ដីលោកមហាសេដ្ឋី, រឿងដើមក្រសាំង, រឿងប្រតិបត្តិការសមុទ្រក្រហម, រឿងម្ចាស់កាំបិតត្នោត, រឿងកុងហ្វូយូហ្គា, រឿងអ្នកចម្បាំងចចក, និងរឿងលោកឪពុក ទៅចាក់បញ្ចំាងចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០១៩ ដោយនឹងធ្វើដំណើរទៅកាន់ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។ ក្នុងនោះខេត្តប៉ៃលិន (ថ្ងៃទី០៦ វិច្ឆិកា ២០១៩), ឧត្តរមានជ័យ (ថ្ងៃទី០៨ វិច្ឆិកា ២០១៩នេះ), ក្រចេះ (ថ្ងៃទី០៥ ធ្នូ ២០១៩), ត្បូងឃ្មុំ (ថ្ងៃទី០៧ ធ្នូ ២០១៩), ព្រៃវែង (ថ្ងៃទី០៩ ធ្នូ ២០១៩), តាកែវ (ថ្ងៃទី១១ ធ្នូ ២០១៩), កំពត (ថ្ងៃទី១៣ ធ្នូ ២០១៩), និងកណ្ដាល (ថ្ងៃទី១៥ ធ្នូ ២០១៩) ផងដែរ។
ចាប់តាំងពីឆ្នាំ២០១៦រហូតមក ការបញ្ចាំងភាពយន្តចល័តដ៏ឆ្នើមកម្ពុជា-ចិន បានធ្វើឡើងនៅខេត្តក្រុងចំនួន២០ នៃប្រទេសកម្ពុជារួចហើយ ដោយមានអ្នកទស្សនាគាំទ្រជិត ១០ម៉ឺននាក់។ ព្រឹត្តិការណ៍ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមនេះ គឺទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាជនរស់នៅតាមបណ្ដាខេត្តក្រុងមួយចំនួនធំ៕