(កណ្ដាល)៖ អភិបាលខេត្តកណ្ដាលលោកបណ្ឌិត ម៉ៅ ភិរុណ បានប្រាប់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលថា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះ ទាំងបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការទូទាំងខេត្តកណ្ដាលរាប់សែននាក់ នឹងចូលរួមអបអរសាទរនូវពិធីពិសាអំបុកសាមគ្គីជាតិដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ក្នុងមូលដ្ឋានទូទាំងខេត្តកណ្ដាល ដែលនេះសបញ្ជាក់ពីតម្លៃ នៃសុខសន្តិភាពភាពជាតិ ឯកភាពជាតិ នៃរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អភិបាលខេត្តបញ្ជាក់ទៀតថា ពលរដ្ឋទាំងអស់ ទាំងមន្ត្រីរាជការតាមភូមិ-ឃុំ-ស្រុក-ក្រុង នៃបណ្ដាមូលដ្ឋានរៀងៗខ្លួន បានត្រៀមរួចរាល់នូវអំបុក មានចេក មានដូង ភេសជ្ជៈ ទឹកបរិសុទ្ធ និងការរាំរែក ច្រៀងលែងសប្បាយរីករាយ ហ៊ោកញ្ជ្រៀវក្លៀវក្លាយ៉ាងផុសផុល ដើម្បីអបអរសាទរពិធីពិសាអំបុកនេះ ដែលព្រឹត្តិការណ៍ស្អែកនេះ នឹងធ្វើឲ្យកក្រើកទូទាំងខេត្តកណ្ដាល ខណៈនេះជាពិធីយ៉ាងឱឡារឹក ញ៉ាំងឲ្យកើតមាននូវការសាមគ្គី ស្រលាញ់រាប់អានគ្នា និងជាពិសេសឲ្យស្គាល់ច្បាស់ពីតម្លៃនៃសន្តិភាពជាតិយើង។
អភិបាលខេត្តបានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តទាំងអស់ ចូលរួមពិធីពិសារអំបុកសាមគ្គីជាតិនេះ នៅតាមមូលដ្ឋាននៅទូទាំងខេត្រ ហើយកុំមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាព អ្វីឲ្យសោះ ព្រោះប្រទេសជាតិយើងមានសុខសន្តិភាព ១០០% ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធានាការពារសុខសុវត្ថិភាពសាធារណៈ និងសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ មិនឲ្យមានបញ្ហាអ្វីកើតឡើងនោះទេ។
គួរជម្រាបជូនថា បើតាមមន្ត្រីសាលាខេត្តម្នាក់បានឲ្យដឹងថា នៅតាមបណ្ដាភូមិនីមួយៗ នៃខេត្តកណ្ដាល បានត្រៀមរួចរាល់ហើយដែលជាមធ្យម ក្នុងមួយភូមិគេត្រៀមអំបុក ២តៅ ដូង៥ធ្លាយ ចេក៥ស្ទោង ខណៈទូទាំងខេត្តកណ្ដាល មានសរុបភូមិទាំងអស់ចំនួន១០១០ភូមិ ១២៨ឃុំ-សង្កាត់ និង ១១ស្រុកក្រុង ដែលគេរំពឹងទុកថា នឹងមានមនុស្សចូលរួមអបអរសាទរយ៉ាងឱឡារឹក ចំនួនរាប់សែននាក់ឯណោះ នាថ្ងៃ៩វិច្ឆិកាស្អែកនេះ៕