(ភ្នំពេញ)៖ ថ្មីៗនេះព័ត៌មានដែលគូស្នេហ៍មួយ សម្រេចជ្រើសរើសយកអំបុកដូងខ្ចី និងចេកពងមាន់ ធ្វើជាបង្អែមដ៏ឆ្ងាញ់ពិសារ សម្រាប់ទទួលភ្ញៀវកិត្តិយស ក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ខ្លួននោះ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង។
គូស្នេហ៍នេះត្រូវបានគេស្គាល់ថា ជាកូនប្រុសរបស់ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ដែលត្រូវរៀបចំពិធីពិសាភោជនាហារ នៅថ្ងៃទី០៩ ខែវិច្ឆិកាស្អែកនេះ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សែនសុខ។
ការដែលគូស្នេហ៍ដ៏ស្រស់ស្អាតមួយគូ ជ្រើសរើសយកអំបុកដូងខ្ចី និងចេកពងមាន់ មកធ្វើជាបង្អែមលាងមាត់ ក្រោយពេលទទួលទានអាហារ ក្នុងពិធីដ៏ពិសេសពិសាលរបស់ខ្លួន ក៏ស្របនឹងការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ឲ្យប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជា ចូលរួមហូបអំបុកនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ។
បង្អែមអំបុកដូងខ្ចីត្រូវបានប្រជាពលរដ្ឋកម្ពុជា ភាគច្រើនតែងតែពិសា ក្នុងឱកាសអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ អំបុក គឺជាអាហារមួយប្រភេទ ដែលបុព្វបុរសរបស់យើងបានកែច្នៃធ្វើឡើង ហើយជារៀងរាល់ឆ្នាំឱ្យតែដល់រដូវបុណ្យអុំទូក ប្រជាជនខ្មែរមិនភ្លេចទេ គឺអំបុកជាអាហារដ៏សំខាន់ សម្រាប់ចូលរួមអបអរនៅក្នុងពិធីកម្មវិធីបុណ្យនេះ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តែងតែអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ចូលរួមហូបអំបុក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះ ដោយរីករាយទាំងអស់គ្នា ដែលជាថ្ងៃទិវាបុណ្យឯករាជាតិ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានកំណត់យកពាក្យស្លោក ពិសាអំបុកនៅថ្ងៃទី០៩ វិច្ឆិកាថា «អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ» ដើម្បីប្រឆាំងនឹងយុទ្ធនាការ ធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាល និងរំលាយរបបរាជានិយម ពីសំណាក់ក្រុមឧទ្ទាមក្បត់ជាតិ សម រង្ស៊ី៕