(សៀងហៃ, ចិន)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានមើលឃើញថា ព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្ដរជាតិចិន គឺជាវេទិកាមួយដ៏សំខាន់បំផុតសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាអន្តរជាតិ រវាងប្រទេសចិន និងប្រទេសចូលរួមទាំងអស់នៅលើពិភពលោក។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់យ៉ាងដូច្នេះក្នុងពេលចូលរួមពិធីបើកពិព័រណ៍ពាណិជ្ជកម្មនាំចូលអន្តរជាតិចិនលើកទី២ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀតនៅទីក្រុងសៀងហៃ ប្រទេសចិននៅក្នុងសប្តាហ៍នេះ។
កម្ពុជា ក៏បានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិចិនលើកទី២នេះផងដែរ។ កម្ពុជា បានរៀបចំសាងសង់ពន្លាជាតិកម្ពុជា តាមរចនាបទខ្មែរសម័យចតុមុខនៅលើផ្ទៃដីទំហំ ២៥៦ម៉ែត្រការ៉េ ដោយក្នុងពន្លជាតិមានតុបតែងដាក់តាំងលម្អ ដោយរូបភាពនៃតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តរបស់កម្ពុជា និងមានបញ្ជរដាក់តាំងផលិតផល និងសេវាកម្មដែលជាសក្តានុពលរបស់ប្រទេស ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម និងវិនិយោគថ្មីៗបន្ថែមទៀតចូលលមកប្រទេសកម្ពុជា។
ក្នុងឆ្នាំ២០១៩នេះ ក្រុមហ៊ុនរបស់កម្ពុជាចំនួន៣ រួមមាន៖ សហព័ន្ធស្រូវអង្ករ, ក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យ និងសំណង់ ទេសចរណ៍ បានចូលរួមផ្សព្វផ្សាយ និងស្វែងរកដៃគូវិនិយាគបន្ថែមក្នុងពិព័រណ៍នេះ។
លោក ប៉ាន សូរស័ក្តិ បានហៅការចូលរួមរបស់កម្ពុជាក្នុងពិព័រណ៍នេះ ជាការបង្ហាញនូវការគាំទ្រចំពោះគោលនយោបាយបើកចំហរទីផ្សារលើទំនិញនាំចូលពីបរទេសមកទីផ្សារចិន និងជាការជំរុញចលនាទៅមុខនៃសកលភាវូបពាណិជ្ជកម្ម និងសមាហរណកម្មសេដ្ឋកិច្ច នៅក្នុងតំបន់ និងពិភពលោក។
ក្នុងកំលុងពេលបំពេញបេសកកម្មនៅទីក្រុងសៀងហៃនេះ លោករដ្ឋមន្រ្តី និងសមាជិកប្រតិភូបានអញ្ជើញចូលរួមវេទិកា និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀតដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអង្គការពាណិជ្ជកម្មពិភពលោកក្រៅផ្លូវការ។ ក្នុងកិច្ចប្រជុំនេះ លោករដ្ឋមន្ត្រី បានពិភាក្សាលើបញ្ហាកំណែទម្រង់ប្រព័ន្ធរការងាររបស់អង្គការពាណិជ្ជកម្មពិភពលោក, ការជ្រើសរើសក្រុមប្រឹក្សាភិបាល, ប្រព្រឹត្តកម្មពិសេស, កសិកម្ម និងការឧបត្ថម្ភធនជលផល។
លោករដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាថ្នាក់រដ្ឋមន្រ្តី ក្នុងកំលុងពេលអាហារថ្ងៃត្រង់ ស្តីពីកិច្ចសម្រួលការវិនិយោគសម្រាប់ការអភិវឌ្ឍ ដើម្បីស្វែងរកយន្តការរួមមួយក្នុងការបង្កើតក្របខ័ណ្ឌពហុភាគីក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោកនាថ្ងៃអនាគត។ បញ្ហានេះនឹងលើកយកទៅពិភាក្សាសម្រេចនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៃអង្គការពាណិជ្ជកម្មលើកទី១២ នៅប្រទេសកាហ្សាក់ស្ថានផងដែរ៕