(ភ្នំពេញ)៖ ក្រោយពីរង់ចាំអស់រយៈពេលជាង ១០ឆ្នាំ ទីបំផុតពលរដ្ឋបុរីពិភពថ្មី ស្ថិតនៅភូមិត្រពាំថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ប្រមាណជាង ៣ពាន់ក្បាលដី នឹងទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីផ្ទះសម្បែងស្របច្បាប់ ចាប់ពីថ្ងៃទី០៨ ខែវិច្ឆិកានេះតទៅ ដែលពិធីប្រកាសផ្តល់ប័ណ្ណកម្មសិទ្ធនេះ ធ្វើឡើងចំពោះមុខប្រជាពលរដ្ឋជាង ៦០០នាក់ នៅក្នុងទីតាំងបុរីពិភពថ្មី នារសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ផងដែរ។
លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានថ្លែងឲ្យដឹងថា ដោយទទួលបានគោលការណ៍ពីរាជរដ្ឋាភិបាល សាលារាជធានីភ្នំពេញ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី បានរៀបចំចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋ ដែលរស់នៅតាមបុរីជាបន្តបន្តាប់ និងបានធ្វើការផ្សព្វផ្សាយ តាមនីតិវិធីរហូតឈានដល់ការចេញប័ណ្ណកម្មសិទ្ធជូនបងប្អូននាថ្ងៃនេះដែលសរុបមានចំនួន ៣,១១៣ក្បាលដីផងដែរ។ លោកក៏បានសំណូបពរដល់ប្រជាពលរដ្ឋ ដែលមានក្បាលដីក្នុងបុរីនេះ ដែលនៅសេសសល់ សូមអញ្ជើញរួសរាន់ នាំយកឯកសារពាក់ព័ន្ធមកជួបក្រុមការងារបំពេញទិន្នន័យបន្ថែម ដើម្បីចេញប័ណ្ណកម្មសិទ្ធជូនគ្រប់ៗគ្នា។
ថ្លែងក្នុងឱកាសនេះ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ បានក៏បានជំរុញឲ្យ បងប្អូនទទួលប័ណ្ណកម្មសិទ្ធនេះហើយ ត្រូវរូតរះទៅបង់ពន្ធប្រថាប់ត្រា ព្រោះប័ណ្ណនេះ នៅកម្មសិទ្ធនៅឈ្មោះម្ចាស់បុរីនៅឡើយ។ ជាមួយនេះការអនុគ្រោះរបស់រាជរដ្ឋាភិបាលបង់ពន្ធតែ១ដងចុងក្រោយ នឹងផុតកំណត់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះហើយ (តាមច្បាប់ការទិញម្តងបង់ពន្ធម្តង ទិញ២ដងត្រូវបង់ពន្ធ២ដង)។
លោកប្រធានមន្ទីរបញ្ចាក់ថា មានចំណុច ៣សំខាន់ ដែលបងប្អូនត្រូវចាំ ទី១ បើទិញផ្ទះពីបុរីក្រោយពីទទួលប័ណ្ណត្រូវភ្ជាប់លិខិតផ្ទេសិទ្ធ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ទៅរកមន្រ្តីភូមិបាលសុំការបញ្ចាក់, ទី២ បើបងប្អូនទិញផ្ទះតពីគេជាច្រើនដំណរ សូមទៅជួបមេភូមិសិន ដើម្បីធ្វើលិខិតបញ្ជាក់ប្រវត្តិផ្ទះ ហើយភ្ជាប់លិខិតផ្ទេសិទ្ធ និងឯកសារពាក់ព័ន្ធទៅជួបមន្រ្តីភូមិបាល, ទី៣ បើក្នុងករណីលិខិតផ្ទេសិទ្ធ ដាក់បញ្ចាំនៅគេ ត្រូវសុំឲ្យម្ចាស់បំណុល ទំនាក់ទំនងជាមួយមន្រ្តីសុរិយោដី ដើម្បីបើកប័ណ្ណ ហើយចាំរៀបចំឯកបញ្ចាំជាបន្ត។
លោក សារិន វណ្ណា បញ្ជាក់ថា ការបងប្អូនមកទទួលប័ណ្ណនេះ តម្រូវឲ្យបង់ថវិការ ១សន្លឹក ៨ម៉ឺនរៀល នេះជាចំនួនកំណត់ថវិការបង់ចូលរដ្ឋ។ ជាមួយគ្នានេះដែល បើទទួលបានប័ណ្ណកម្មសិទ្ធនេះហើយ ចង់ផ្ទេទៅឲ្យកូនចៅ សូមទៅធ្វើដោយខ្លួនឯង ហើយបង់ថវិការត្រឹម ៦០ម៉ឺនរៀលប៉ុណ្ណោះ សូមកុំពឹងអ្នកដ៏ទៃ គេនឹងយកកំរៃលើសកំណត់ ដែលនាំឲ្យខាតបង់ថវិការឥតប្រយោជន៍៕