(កណ្តាល)៖ លោក ណុប រ័ត្ននិមល តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង បានអញ្ជើញចូលរួមក្នុងពិធី បញ្ចុះបឋមសិលាកុដិមួយខ្នង ក្នុងវត្តអង្គសិរី និងសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណ ៣០០នាក់ ដែលជាពុទ្ធបរិស័ទចំណុះជើងវត្តអង្គសិរីឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ។
លោកអភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា វិស័យព្រះពុទ្ធសាសនា នៅទូទាំងស្រុក មានការរីកចម្រើនគួរឲ្យកត់សម្គាល់នាពេលបច្ចុប្បន្ន។ ដោយឡែក កុដិមួយខ្នង ដែលមានទទឹង ១២ម៉ែត្រ បណ្ដោយ២១ម៉ែត្រ កម្ពស់ ២ជាន់ ចាប់ផ្ដើមកសាងពីថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០១៩ គិតមកដល់ពេលនេះមានរយៈពេល ២ខែហើយ។ សម្រាប់តម្កល់ទុកជាទីសក្ការៈបូជាក្នុងវិស័យព្រះពុទ្ធសាសនា។
លោក ណុប រ័ត្ននិមល បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ បន្តគាំទ្របេក្ខភាពរបស់សម្តេចតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិទី៦ និងនៅអាណត្តិជាបន្តបន្ទាប់តៗទៅមុខទៀត ដើម្បីដឹកនាំ និងធ្វើការអភិវឌ្ឍជាតិកម្ពុជា។
ទាក់ទងទៅនឹងការប្រកាសចូលស្រុករបស់ទណ្ឌិត សម រង្ស៊ី តាមរយៈក្រុមប្រឆាំង និងការប្រកាសក្ដែងៗនោះ, លោកបានបញ្ជាក់ថា នេះគឺជាការភូតកុហក ទាញប្រជាភិថុតពីសំណាក់មេដឹកនាំពួកគេ តែប៉ុណ្ណោះ។ ទណ្ឌិតរូបនេះ មានភាពកំសាកនៅក្នុងខ្លួនតាំងពីដើមមកនោះ ពិតជាមិនហ៊ានវិលអកចូលស្រុកនោះឡើយ។ ៩ វិច្ឆិកា ពិសាអំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ អកអំបុកសន្តិភាព ការពាររាជរដ្ឋាភិបាលស្របច្បាប់ អកអំបុកដូនតា ប្រហារពួកក្បត់ជាតិ សម រង្ស៊ី។ អំបុកសន្តិភាព អំបុកដើម្បីជាតិ អំបុកដើម្បីប្រជាជន អំបុកកម្ចាត់ពួកក្បត់ជាតិ សម រង្ស៊ី។
លោកបានផ្តាំផ្ញើរដល់មន្ត្រីអាជ្ញាធរដែនដី ព្រះសង្ឃ និងពុទ្ធបរិស័ទប្រជាពលរដ្ឋ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បន្តចូលរួមថែរក្សាការពារសុខសន្តិភាព ស្ថិរភាពសង្គម និងអភិវឌ្ឍន៍ជាតិកម្ពុជា នៅក្រោមដំបូលសុខសន្តិភាព។
ជាមួយគ្នានេះ លោកបានប្រគេនបច្ច័យវត្តអង្គសិរី ២០លានរៀល និងចូលបុណ្យកឋិនទាន ៥លានរៀលផងសម្រាប់កសាងបន្ត ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនដល់លោកតាលោកយាយ ក្រុមប្រឹក្សាអាជ្ញាធរដែនដី យុវជន ប្រជាពលរដ្ឋ និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូបទៀត៕