(កំពង់ចាម)៖ ស្នងការនគរបាលខេត្ដកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដាក់បទបញ្ជា និងក្រើនរំលឹកដល់កម្លាំងនគរបាលទូទាំងខេត្ត ត្រូវធានាឲ្យបាននូវការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យខាងតែបាន មិនឲ្យអ្នកណាបំផ្លាញបានឡើយ។
ការថ្លែងរបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល បានធ្វើឡើងក្នុងឱកាស ដឹកនាំសហការី បន្ដចុះជួបសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យចំពោះកងកម្លាំងអន្តរាគមន៍ និងកម្លាំងប្រជាការពារ ព្រមទាំងសម្ភារមធ្យោបាយ នៅតាមបណ្តាគោលដៅឈរជើងក្នុងភូមិសាស្រ្តមួយចំនួន ដូចជាចំណុចឃុំមានជ័យ, ឃុំស្វាយពោធិ៍, ឃុំជីបាល និងកម្លាំងប្រចាំការនៅអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ។
លោកឧត្តមសេនីយ៍ស្នងការ បានលើកឡើងថា «យើងជាកងកម្លាំងនគរបាលជាតិ ត្រូវការពារដាច់ខាត នូវរាល់ពុព្វហេតុជាតិ និងការពារសុខសន្តិភាព ដែលមានសព្វថ្ងៃ គាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី»។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក៏បានឧបត្ថម្ភថវិកា ដល់កងកម្លាំងអន្តរាគមន៍ចំនួន៥៤នាក់ និងកម្លាំងប្រជាការពារ២៨នាក់ និងថវិកាសម្រាប់ម្ហូបអាហារ សរុបចំនួន២លានរៀលផងដែរ៕