(តាកែវ)៖ អភិបាលខេត្តតាកែវលោក អ៊ូច ភា បានអះអាងថា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះ បន្ទាប់បីអាជ្ញាធរខេត្តប្រារព្វពិធីបុណ្យឯករាជ្យជាតិរួចរាល់ នៅក្នុងខេត្តតាកែវទាំងមូល នឹងរៀបចំជួបជុំពិធីហូបអំបុកសាមគ្គីដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ដោយមានមនុស្សចូលរួមប្រមាណជាង ១១ម៉ឺននាក់។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោក អ៊ូច ភា បានថ្លែងថា ពិធីហូបអំបុកសាមគ្គីជាតិដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃស្អែកនេះ និងធ្វើឡើងនៅទូទាំង ១០០ឃុំសង្កាត់ របស់ខេត្តតាកែវ ដោយរៀបចំចំនួន ៦៣៦កន្លែង មានប្រជាពលរដ្ឋ និងមន្រ្តីរាជការចូលរួមប្រមាណជាង ១១ម៉ឺននាក់ ប្រើប្រាស់អំបុកចំនួនជាង ២០តោន ចេកជាង ១ម៉ឺនស្និទ្ធ ដូងជាង ១ម៉ឺនផ្លែ ព្រមទាំងសម្ភារមួយចំនួនទៀត សម្រាប់ការរៀបចំពិធីពិសារអំបុកនេះ។
លោកអភិបាលខេត្តតាកែវ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តតាកែវទាំងអស់ ចូលរួមពិធីពិសារអំបុកសាមគ្គីជាតិនេះនៅតាមមូលដ្ឋាននៅទូទាំងខេត្តតាកែវ ហើយកុំមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាពអ្វីឲ្យសោះ ព្រោះប្រទេសជាតិយើងមានសុខសន្តិភាព ១០០ភាគរយ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ធានាការពារសុខសុវត្ថិភាព សាធារណៈ និងសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋមិនឲ្យមានបញ្ហាអ្វីកើតឡើងនោះទេ៕