(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨វិច្ឆិកានេះ ក្រុមហ៊ុនផលិតទឹកបរិសុទ្ធកម្ពុជា បានធ្វើការចែកជូនអំណោយទឹកបរិសុទ្ធកម្ពុជា ដល់គ្រប់ចំណុះទូកស្ទើរគ្រប់ខេត្តក្រុង ដែលត្រៀមខ្លួនប្រកួតផ្លូវការនៅរាជធានីភ្នំពេញ។
បើតាមលោក ម៉ៃឃើល សុវណ្ណ តំណាងក្រុមហ៊ុនផលិតទឹកបរិសុទ្ធកម្ពុជាបានថ្លែងថា៖ «ដោយសាមើលឃើញពីតម្រូវការ និងកង្វះខាតទឹកពិសារក្នុងអំឡុងពេលស្នាក់នៅភ្នំពេញរយៈពេល៣ថ្ងៃ របស់បងប្អូនកីឡាករ ដូច្នេះក្រុមហ៊ុនបានសម្រេចចិត្តដើម្បីដោះស្រាយបញ្ហាមួយផ្នែក និងដើម្បីអបអរសាទរ និងលើកទឹកចិត្តដល់កីឡាករអុំទូកគ្រប់ខេត្តក្រុងទាំងអស់ ក្រុមហ៊ុនបានចែកទឹកបរិសុទ្ធកម្ពុជាក្នុងមួយទូកចំនួន៥០ ទៅ១០០កេសបន្ថែមលើនេះ យើងបានប្រគល់អាវយឺតជិត១ម៉ឺនអាវដល់ពួកគាត់ផងដែរ»។
លោក ញឹម សម្បត្តិ តំណាងក្រុមកីឡាករទូកងមួយក្រុមមកពីខេត្តកំពង់ចាមបានឱ្យដឹងថា៖ « ខ្ញុំពិតជាសប្បាយចិត្ត និងក៏សូមអរគុណដល់ក្រុមហ៊ុនទឹកបរិសុទ្ធកម្ពុជា ដែលបានឧបត្ថម្ភទឹកជាច្រើនកេសដល់ពួកខ្ញុំ ព្រោះកំពុងតែជួបការខ្វះខាតគ្រឿងហូបចុក និងអាវសម្រាប់កីឡាករ។
គួរបញ្ជាក់ថា ការប្រគល់អំណោយនេះធ្វើឡើងនៅទីលានវិមានអារហារជ្រោយចង្វារ ត្រើយខាងកើតស្ពានជ្រោយចង្វារ រាជធានីភ្នំពេញ ហើយការប្រគល់នេះនឹងបន្តធ្វើឡើងរហូតដល់ម៉ោង ៤៖៣០ល្ងាចថ្ងៃដដែលផងដែរ។ ដូច្នេះសម្រាប់តំណាងទូកង ដែលមិនទាន់បានទទួលអំណោយនេះ សូមអញ្ជើញមកទីតាំងប្រគល់អំណោយដូចបានជម្រាបជូនខាងលើ ឱ្យបានមុនម៉ោងកំណត់ ព្រមទាំងភ្ជាប់មកជាមួយអត្តសញ្ញាណបណ្ណប្រធានដឹកនាំ និងក្រុមទូក ច្បាប់ចម្លងមួយសន្លឹក លិខិតស្នើសុំប្រកួតអុំទូកនៅថ្ងៃទី ១០-១២ វិច្ឆិកាមួយសន្លឹក៕
ព័ត៌មានបន្ថែមសូមទាក់ទងមកលេខ៖ 067 447 700 ឬ 093 901 919