(ភ្នំពេញ)៖ ដើម្បីទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅថ្ងៃបុណ្យអុំទូក គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញនេះ បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ អ្នកបើកបរធ្វើការប្រុងប្រយ័ត្ន នៅពេលបើក ឬធ្វើដំណើរតាមដងផ្លូវ។

សេចក្តីអំពាវនាវ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញថា ក្នុងកាលៈទេសដែលព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជា មានជីវភាពកាន់តែល្អប្រសើរជាលំដាប់ អាចទិញយានយន្ត និងធ្វើដំណើរកំសាន្តយ៉ាងមមាញឹកក្នុងឱកាសបុណ្យជាតិ និងថ្ងៃឈប់សម្រាកនានា ជាពិសេសក្នុងឱកាសដ៏រីករាយ នៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ភ្ជាប់ជាមួយនឹងបុណ្យឯករាជ្យជាតិ និងពិធីពិសារអំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ ចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវទាំងអស់មេត្តាចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដើម្បីថែរក្សាការពារការបាត់បង់អាយុជីវិត និងកាយសម្បទាមនុស្សជាទីស្រឡាញ់ ឬរងរបួស ពិការ និងបាត់បង់ទ្រព្យសម្បត្តិរបស់រដ្ឋ និងឯកជនក្នុងគ្រោះថ្នាក់ចរាចរណ៍ ដោយសូមយកចិត្តទុកដាក់លើកកម្ពស់ការប្រុងប្រយ័ត្នក្នុងពេលដំណើរតាមផ្លូវថ្នល់ ។

គណៈកម្មាធិការ បានអំពាវនាវចំនួន១០ចំណុចដូចខាងក្រោម ៖
១៖ ត្រូវពាក់មួកសុវត្ថិភាពដែលមានគុណភាពឱ្យបានត្រឹមត្រូវជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត។
២៖ មិនត្រូវបើកបរលើសល្បឿនកំណត់ ព្រោះអាចបាត់បង់ស្មារតីគ្រប់គ្រងយានយន្តពេលជួបឧបសគ្គ ជាយថាហេតុ។
៣៖ មិនត្រូវបើកបរ ក្រោយការពិសារគ្រឿងស្រវឹង។
៤៖ ត្រូវគោរពសិទ្ធិអាទិភាព ដោយត្រូវទុកឱ្យអ្នកបើកបរផ្លូវធំ ហើយត្រង់ទៅមុន គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។
ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត។
៦៖ មិនត្រូវបត់ ឬ វ៉ាជែងក្នុងភាពប្រថុយប្រថាន និង មិនត្រូវប្រើទូរស័ព្ទដោយគ្មានឧបករណ៍បន្តសំឡេងក្នុងពេលបើកបរ។
៧៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានម៉ត់ចត់ ពិសេសពិនិត្យកង់ ចង្កេត ឈឿង ភ្លើងបំភ្លឺ។ល។
៨៖ មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញសំពីងសំពោងលើសចំនួនផ្ទុក ឬលើសទម្ងន់កំណត់ក្នុងច្បាប់ និងសូមមេត្តាកុំដំឡើងថ្លៃដឹកជញ្ជូន។
៩៖ មិនត្រូវបើកបរក្នុងស្ថានភាពងងុយ ជាដាច់ខាត។
១០៖ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ យោគយល់អាធ្យាស្រ័យ។

គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្តែងនូវសេចក្តីសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវគ្រប់រូប នឹងបង្កើនស្មារតីចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីសុវត្ថិភាព សណ្តាប់ធ្នាប់ និងភាពសុខដុម ក្នុងសង្គម ជួបជុំសប្បាយរីករាយក្នុងក្រុមគ្រួសារ និងការអភិវឌ្ឍប្រកបដោយចិរភាព នៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕

ខាងក្រោមនេះជា សេចក្តីអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក៖