(ភ្នំពេញ)៖ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតថ្មី សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានអះអាងថា ខ្លួនគោរពទៅលើតួនាទី និងការទទួលខុសត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងពាក់ព័ន្ធ ក្នុងការធានាសន្ដិសុខ សុវត្ថិភាព ជូនប្រជាជនរបស់ខ្លួន។
ការលើកឡើងរបស់លោក W.Patrick Murphy បានធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅទីស្ដីការក្រសួង។ ក្រោយបញ្ចប់ជំនួប លោកឯកអគ្គរដ្ឋទូត និងសម្ដេចក្រឡាហោម ស ខេង ក៏បានផ្ដល់បទសម្ភាសន៍រួមគ្នាជូនអ្នកសារព័ត៌មានផងដែរ។
ក្នុងបទសម្ភាសន៍នោះ លោក W.Patrick Murphy បានលើកឡើងយ៉ាងដូច្នេះ «យើងខ្ញុំគោរពទៅលើតួនាទី និងការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ពិសេសការធានាសន្ដិសុខ ទៅដល់ប្រជាជនកម្ពុជា រួមទាំងជូនយើងខ្ញុំផងដែរ»។
កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងទៅកាន់មិត្តភក្តិបរទេសថា សម្តេចបានយកជីវិតធ្វើដើមទុន ដើម្បីរកសុខសន្តិភាព និងការរស់រានជាថ្មីសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដូច្នេះមិនត្រូវឲ្យបាត់បង់ឡើយ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីបានយកជីវិតធ្វើដើមទុន រំដោះប្រទេសជាតិចេញពីភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ រហូតមានសុខសន្ដិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ បានបន្ដប្រកាសប្ដេជ្ញា ការពារឲ្យបាននូវសុខសន្ដិភាព និងធានាឲ្យបាននូវការរស់រានរបស់ប្រជាពលរដ្ឋកម្ពុជា ទោះក្នុងតម្លៃណាក៏ដោយ មិនត្រូវឲ្យបាត់បង់ជាដាច់ខាត។
លោក W.Patrick Murphy បានគូសបញ្ជាក់ទៀតថា ក្នុងជំនួបនោះ លោក និងសម្ដេចក្រឡាហោម ស ខេង បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កា និងជិតស្និតជាទីបំផុត ហើយបានប្ដេជ្ញាចិត្តរួមគ្នា ពង្រឹងការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការជួញដូរសត្វព្រៃ ការជួញដូរមនុស្ស ការការពារកុមារ និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអន្ដរជាតិ ព្រមទាំងការងារមួយចំនួនទៀត។
ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង ក្នុងជំនួបនោះ ក្រសួងមហាផ្ទៃ និងស្ថានទូតអាមេរិក និយាយដោយឡែក និងនិយាយជារួម កម្ពុជា-អាមេរិក បានឯកភាពគ្នាបន្ដពង្រឹងពង្រីក វិស័យសន្ដិសុខ ការបង្ក្រាបបទល្មើសផ្សេងៗ។ ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងអំណរគុណ ដល់រដ្ឋាភិបាលអាមេរិក តាមរយៈរដ្ឋមន្ដ្រីក្រសួងការបរទេស ដែលបានជូនពរដល់កម្ពុជា ក្នុងការប្រារព្ធបុណ្យឯករាជ្យជាតិ។
ទន្ទឹមនឹងនេះ សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់ថា ក្នុងឱកាសខួបអនុស្សាវរីយ៍៧០ឆ្នាំ នៃទំនាក់ទំនងរវាងកម្ពុជា- អាមេរិក ភាគីទាំងពីរនឹងរិះរកនូវកម្មវិធីល្អៗ ដើម្បីសម្ដែងឲ្យឃើញនូវ ទំនាក់ទំនងដ៏យូរអង្វែង ហើយកាន់តែពង្រីកពង្រឹងឲ្យកាន់តែល្អបន្ថែមទៀត៕