(កំពង់ចាម)៖ ខណៈចុះត្រួតពិនិត្យ កម្លាំងយោធាសឹករងកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានគណៈបញ្ជាការឯកភាពខេត្ត បញ្ជាឲ្យកម្លាំងយោធាទាំងនេះ អនុវត្តច្បាប់តឹងរឹងបំផុតចំពោះក្រុមឧទ្ទាមក្រៅច្បាប់។
ក្នុងពិធីនេះ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ហូ ពៅ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ចាម, មេបញ្ជាការរង រួមនឹងកម្លាំងសរុប៤០៥នាក់ នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក អ៊ុន ចាន់ដា បានបង្ហាញពីភាពស្និទ្ធស្នាល យកចិត្តទុកដាក់ និងលើកទឹកចិត្ត ចំពោះកងកម្លាំងប្រដាប់អាវុធ ក្នុងការការពារ សុខសុវត្ថិភាពជូនប្រទេសជាតិ ដោយដាក់បទបញ្ជាឲ្យកងកម្លាំង ត្រៀមខ្លួនជាស្រេចទប់ស្កាត់ និងបង្ក្រាបរាល់គ្រប់សកម្មភាពទាំងឡាយណា ដែលចង់ឲ្យកម្ពុជា ធ្លាក់ចូលភ្លើងសង្គ្រាមជាថ្មី ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងពលរដ្ឋខ្មែរទូទាំងប្រទេស។
ក្រោមជំហររឹងមាំ និងស្មារតីយ៉ាងម៉ុះមុត ក្នុងនាមមេបញ្ជាការសឹករងកំពង់ចាម លោកឧត្តមសេនីយ៍ត្រីយ៍ ហូ ពៅ បានប្តេជ្ញាអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំខេត្ត ធានាឲ្យបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងទប់ស្កាត់ បង្រ្កាបឲ្យបានរាល់សកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត ដូចជនក្បត់ជាតិ ទណ្ឌិត សម រង្ស៉ី និងបក្ខពួក កំពុងបង្កចលាចលវឹកវរដល់ស្ថេរភាព សង្គមជាតិម្តងហើយម្តងទៀតនោះ៕