(ស្វាយរៀង)៖ អភិបាលខេត្តស្វាយរៀង លោក ម៉ែន វិបុល នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានធ្វើការសំណេះសំណាល ជាមួយកងកម្លាំងទាំងបីប្រភេទ នៅខេត្តស្វាយរៀង និងបានប្រាប់កម្លាំងទាំងបីប្រភេទថា ជាមួយនិងការប្រកាសវិលចូលស្រុក បង្កចលាចលរបស់ទណ្ឌិត សម រង្ស៊ីនេះ និងបក្ខពួក កងកម្លាំងប្រដាប់អាវុធ និងប្រជាជនទូទាំងខេត្ត គឺនៅស្វាគមន៍ដោយចាប់វាយខ្នោះ និងរៀបចំបន្ទប់ពន្ធនាគាររង់ចាំទទួលជានិច្ច។
ក្នុងពិធីនេះ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត, លោកឧត្តមសេនីយ៍ទោ ប៉ែន សារ៉ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត, ព្រមទាំងលោក លោកស្រីជាមេបញ្ជាការរង ស្នងការរងនិងនាយទាហាន ពលទាហាន នាយនគរបាល ពលនគរបាល និងកងម្លាំងអាវុធហត្ថ ប្រមាណជាង៨០០នាក់ផងដែរ។
ក្នុងឱកាសនោះ លោក ម៉ែន វិបុល បានបង្ហាញពីភាពស្និទ្ធស្នាលយកចិត្តទុកដាក់ និងលើកទឹកចិត្ត ចំពោះកងកម្លាំងទាំងបីប្រភេទ ក្នុងការការពារ សុខសុវត្ថិភាពជូនប្រទេសជាតិ ដោយដាក់បទបញ្ជាឲ្យកងកម្លាំង ត្រៀមខ្លួនជាស្រេចទប់ស្កាត់ និងបង្ក្រាបរាល់គ្រប់សកម្មភាពទាំងឡាយណា ដែលចង់ឲ្យកម្ពុជា ធ្លាក់ចូលភ្លើងសង្គ្រាមជាថ្មី ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ និងពលរដ្ឋខ្មែរទូទាំងប្រទេស។
លោកថា ក្នុងនាមជាកម្លាំងត្រូវការការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតត្រឹមត្រូវ ហើយមិនអាចឲ្យក្រុមឧទ្ទាមក្រៅច្បាប់ទណ្ឌិត សម រង្ស៊ី មកបង្កអសន្តិសុខសង្គម បំផ្លាញសន្តិភាព និងការអភិវឌ្ឍន៍ក្នុងប្រទេសបានជាដាច់ខាត។ ការពារបូរណភាពទឹកដី និងសុខសន្តិភាព ស្ថេរភាពនយោបាយ ជូនប្រទេសជាតិ និងប្រជាជនដែលកំពុងរស់នៅ ក្នុងដំបូលសុខសន្តិភាព ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលតាមលទ្ធិប្រជាធិបតេយ្យ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។
លោក ម៉ែន វិបុល បានថ្លែងទៀតថា ជាការពិតណាស់ប្រទេសជាតិយើង កំពុងតែរីកចម្រើនលើគ្រប់វិស័យ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងប្រតិបត្តិតាមជំនឿសាសនា រៀងៗខ្លួន ជាពិសេសខេត្តស្វាយរៀង យើងមានរោងចក្រសហគ្រាសជាច្រើនកន្លែង អាចបង្កើតការងារឲ្យកម្មករ-កម្មការិនីរាប់ម៉ឺននាក់ បង្កើនប្រាក់ចំណូលជាប្រចាំ ប៉ុន្តែផ្ទុយទៅវិញក្រុមមនុស្សមួយចំនួនតូច ដែលមានជនក្បត់ជាតិ សម រង្ស៊ី ជាមេក្លោង បានដើរបរិហាបង្ខូចជាតិខ្លួនឯង និងបានព្យាយាមធ្វើរដ្ឋប្រហារ របបរាជានិយម និងរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យម្តងហើយម្តងទៀត ដែលសកម្មភាពនេះ គឺជាចេតនាចង់ឲ្យប្រទេសជាតិ ធ្លាក់ក្នុងភ្លើងសង្គ្រាមដូចអតីតកាល ដែលទង្វើនេះ យើងត្រូវតែរួមគ្នាប្រឆាំងដាច់ខាត។
លោកបានបន្តថា គិតត្រឹមថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានថ្នាក់ដឹកនាំ និងសកម្មជន ក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ក្រុងរបស់អតីតគណបក្សសង្គ្រោះជាតិ បានចុះចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា និងប្រកាសមិនដើរតាមជនក្បត់ជាតិ សម រង្ស៊ី ចំនួន៣២៦នាក់ ស្រី១៤១នាក់។
ជាមួយគ្នានោះ លោក ម៉ែន វិបុល ក៏បានដាក់បទបញ្ជាដល់កម្លាំងទាំងបីប្រភេទ នៅ៤ចំណុច៖
* ទី១៖ ត្រូវមានភក្តីភាពស្មោះត្រង់ និងជឿជាក់លើរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ លើគ្រប់វិស័យក្រោមនយោបាយ ឈ្នះ-ឈ្នះ។
* ទី២៖ កងកម្លាំងត្រូវមានមុខជាប្រចាំការ២៤ម៉ោង លើ២៤ម៉ោង នៅអង្គភាពរបស់ខ្លួន ដើម្បីរងចាំការបញ្ជា ពីបញ្ជាការរបស់ខ្លួន និងគណៈបញ្ជាការឯកភាពខេត្ត គឺត្រូវការពារទឹកដី និងការពារជាតិ សាសនា ព្រះមហាក្សត្រ។
* ទី៣៖ កងកម្លាំងត្រូវពង្រឹងគោរពវិន័យ ឲ្យបានខ្ជាប់ខ្ជួន។
* ទី៤៖ កងកម្លាំងត្រូវមានការឯកភាពគ្នា សាមគ្គីភាពគ្នា និងសហការគ្រប់អង្គភាព ដែលពាក់ព័ន្ធការសាមគ្គី នាំឲ្យអង្គភាពរឹងមាំ។
លោក ម៉ែន វិបុល ក៏បានប្រាប់ដល់កងកម្លាំង ត្រូវការពារខ្សែក្រវ៉ាត់ព្រំដែនឲ្យបានល្អ បើឃើញទណ្ឌិត សម រង្ស៊ី និងបក្ខពួកត្រូវចាប់ខ្លួនភ្លាម ហើយកងកម្លាំងត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសង្គមឲ្យបានល្អប្រសើរ។
ក្រោមជំហររឹងមាំ និងស្មារតីយ៉ាងម៉ុះមុត លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានប្តេជ្ញាអនុវត្តន៍តាមបទបញ្ជា របស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំខេត្ត ធានាឲ្យបានសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងទប់ស្កាត់ បង្រ្កាបឲ្យបានរាល់សកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត ដូចជាករណីជនក្បត់ជាតិ ទណ្ឌិត សម រង្ស៊ី និងបក្ខពួក កំពុងបង្កចលាចលវឹកវរដល់ស្ថេរភាពសង្គមជាតិ ម្តងហើយម្តងទៀតនោះផងដែរ៕