(ភ្នំពេញ)៖ ដូចអ្វីដែលប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសបានទស្សន៍ទាយទុកជាមុន ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី នឹងរកលេស ដើម្បីគេចមិនវិលចូលមកប្រទេសកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា ដូចការសន្យាក្តែងៗរបស់ខ្លួនឡើយ។
ការពិតត្រូវបានបង្ហាញគឺ នៅថ្ងៃទី៧ ខែវិច្ឆិកា ទណ្ឌិតសម រង្ស៊ី បានរៀបចំឆាកល្ខោនថា បានព្យាយាមធ្វើដំណើរចេញពីប្រទេសបារាំង មកកាន់ប្រទេសថៃ ដូចការប្រកាស ហើយបានចោទក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែរវ៉េថា មិនអនុញ្ញាតឱ្យខ្លួនឡើងជិះយន្តហោះធ្វើដំណើរមកកាន់ប្រទេសថៃ។ ប៉ុន្តែលេសដែល សម រង្ស៊ី គិតថាអាចជួយសង្គ្រោះជីវិតនយោបាយរបស់ខ្លួនវិញនេះ បែរប្រែក្លាយទៅជាអាវុធដ៏មានឥទ្ធិពលបំផុតសម្លាប់ជីវិតនយោបាយខ្លួនទៅវិញ នៅពេលបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ ថៃ អ៊ែរវ៉េ បានវាយបកមកលើការចោទប្រកាន់ របស់ទណ្ឌិត សម រង្ស៊ី ដោយបានការពារថា «ក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែរវ៉េ មិនអនុញ្ញាតឱ្យ សម រង្ស៊ី ជិះយន្តហោះដោយសារតែ សម រង្ស៊ី មិនបានកក់សំបុត្រយន្តហោះទេ»។
តាមពិត សម រង្ស៊ី បានដឹងរួចជាស្រេចទៅហើយថា រដ្ឋាភិបាលថៃមិនឱ្យខ្លួនជាន់ដីថៃ យកដីថៃបង្កើតកម្លាំងប្រឆាំងរដ្ឋាភិបាលកម្ពុជាឡើយ តើហេតុអ្វី សម រង្ស៊ី ធ្វើជាបង្ហាញសំបុត្រយន្តហោះ? តាមពិតវាជាសំបុត្រយន្តហោះក្លែងក្លាយ មិនមែនជាសំបុត្រយន្តហោះពិត ព្រោះ សម រង្ស៊ី មិនបានកក់ឡើយ។
នេះគឺជាភាពអាម៉ាស់ថ្មីមួយបន្ថែមទៀត សម្រាប់អ្នកនយោបាយកំសាកញីដូច សម រង្ស៊ី ហើយក៏បានធ្វើឱ្យសាធារណមតិជាតិ និងអន្តរជាតិដឹងច្បាស់រាប់ទាំងអ្នកដែលស្មោះស្ម័គ្រគាំទ្រ សម រង្ស៊ី យល់ច្បាស់ថា សម រង្ស៊ី គ្មានតម្លៃជាមនុស្សទៀតឡើយ ហើយ សម រង្ស៊ី ក៏សមតែនឹងជាប់គុកដែរ ព្រោះបានកុហកបោក ប្រាស់ពលរដ្ឋខ្មែរ អ្នកគាំទ្រខ្លួន និងសហគមន៍អន្តរជាតិ។ ចុងក្រោយនេះបោកប្រាស់ទាំងអ្នកនៅជុំវិញខ្លួន ចុងក្រោយដែលខំតាមហែរហមដល់ព្រលានយន្តហោះ និងអ្នកគាំទ្រខ្លួនមួយចំនួន ដែលខំទិញសំបុត្រយន្តហោះ ធ្វើដំណើរមកកាន់ប្រទេសថៃតាមខ្លួន។ តែទីបំផុត សម រង្ស៊ី ដេកផ្ទះនៅស្រុកបារាំងឯណេះឆ្កុយ! អ្នកដែលគិតថាទណ្ឌិត សម រង្ស៊ី ធ្វើមែនទែន និងជឿស៊ប់ថាលើកនេះ សម រង្ស៊ី នឹងមិនមែនជាមនុស្សចោលម្សៀត និយាយចោលដូចមនុស្សទូទៅបានដឹងនោះទេ តែនៅពេលដែលស្គាល់ សម រង្ស៊ី កាន់តែច្បាស់បានដឹងថា សម រង្ស៊ី គឺពិតជាអ្នកភូតអាជីពមែន ហើយកំពុងតែមានជំងឺបាក់ទឹកចិត្ត និងគិតថាខ្លួនឆ្លាតដែរ ប៉ុន្តែបែរជាខ្លួនក៏ត្រូវបានសម រង្ស៊ី បោកប្រាស់។
អ្នកខ្លះរត់ចោលស្រុក អ្នកខ្លះជាប់គុក អ្នកខ្លះខ្មាសនឹងសម្តីខ្លួនឯង ដែលខំបំពងសំឡេងតាម សម រង្ស៊ី ប៉ុន្តែតាមពិត គឺជាសម្តីបោកប្រាស់សោះ។ តើឱ្យយកមុខទៅទុកឯណា?
តើនរណាជាអ្នករងគ្រោះពីការបោកប្រាស់ ភូតកុហក ញុះញង់របស់ក្រុមជនក្បត់ជាតិ សម រង្ស៊ី? គឺអ្នកដែលស្មោះត្រង់បំផុតនៅជុំវិញ សម រង្ស៊ី ដែលជឿលើ សម រង្ស៊ី តែចុងក្រោយ សម រង្ស៊ី បោកអស់គូថខោ។ ប្រជាពលកររស់នៅប្រទេសថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី ពលរដ្ឋនៅអាមេរិក និងអឺរ៉ុបជាដើម ដែលខំបង្ហាញការគាំទ្រ ប៉ុន្តែទីបំផុតគឺ ត្រូវបានសម រង្ស៊ី បោកប្រាស់។ សកម្មជននៃខ្មោចបក្សសង្គ្រោះជាតិ នៅក្នុងប្រទេសដែលជឿតាមការញុះញង់របស់ សម រង្ស៊ី រៀបចំផែនការផ្សេងៗ ដើម្បីត្រៀមទទួល សម រង្ស៊ី ចូលរួមញុះញង់កម្លាំងកងទ័ពមិនឱ្យ ស្តាប់បញ្ជាចូលរួមផែនការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ត្រូវបានតុលាការចោទប្រកាន់ ចាប់ខ្លួន និងរង់ចាំការជំនុំជម្រះក្តីពីបទរួមគំនិតក្បត់ជាតិ។
ទង្វើបោកប្រាស់របស់ សម រង្ស៊ី បានធ្វើឱ្យតំណាងរាស្ត្រ និងមន្ត្រីនៃបក្សប្រឆាំងមួយចំនួនដែល សម រង្ស៊ី យកមកឡង់សេថា នឹងអមដំណើរខ្លួនមកកម្ពុជាដឹងថា សម រង្ស៊ី ជាមនុស្សបោកប្រាស់ និងបានយកកេរ្តិ៍ឈ្មោះ និងកិត្តិយសរបស់ខ្លួនមកលេងសើចជាមួយ ផែនការខ្យល់របស់ សម រង្ស៊ី។
ប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួន ក្នុងនោះវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិកក៏ត្រូវបាន សម រង្ស៊ី បោកប្រាស់។ អ្នកសារព័ត៌មានខ្លះ គិតថា សម រង្ស៊ី ធ្វើមែនទែន ប៉ុន្តែតាមពិតរាក់កំផែល។ ការបោកប្រាស់របស់ សម រង្ស៊ី នៅពេលនេះជាការផ្តល់មេរៀនថ្មីមួយ និងជឿជាក់ថា ជាលើកចុងក្រោយសម្រាប់ក្រុមប្រឆាំងក្នុងការវិនិច្ឆ័យ ទុកចិត្តលើអ្នកនយោបាយគង់ហ៊ាន ដូច សម រង្ស៊ី។ សម រង្ស៊ី ដែលគេទទួលស្គាល់ថា ជាអ្នកនយោបាយបោកអាជីព អ្នកញុះញង់អាជីព និងជា អ្នកនយោបាយគ្មានយុទ្ធសាស្ត្រច្បាស់លាស់ និងជាអ្នកនយោបាយមាន់សម្លរ និងអង្ករកំប៉ុង។
តម្រិះជិះកឯង! ការបង្កើតលេសថា ក្រុមហ៊ុនអាកាសចរណ៍ថៃអ៊ែរវ៉េ មិនឱ្យខ្លួនជិះយន្តហោះ គឺជាជម្រើសនៃការធ្វើអត្តឃាតនយោបាយខ្លួនឯងរបស់ សម រង្ស៊ី ក្នុងការបន្តគេចខ្លួន ពីសំណាញ់ច្បាប់ មុនថ្ងៃទី៩ ខែវិច្ឆិកាមកដល់ដែល សម រង្ស៊ី ខ្លួនឯងបានដឹងច្បាស់ថា នឹងមកវិលមកកម្ពុជាវិញទេ ប៉ុន្តែដើម្បីកុំឱ្យ
គេភ្លេចមុខខ្លួន ភ្លេចឈ្មោះខ្លួន និងស្វែងរកទីតាំងឈរជើងនយោបាយក្នុងជីវិតចុងក្រោយ ត្រូវតែប្រើការ ញុះញង់ បង្កចលាចលឱ្យអស់លទ្ធភាព និងចុងក្រោយនេះ បានប៉ុនប៉ងធ្វើរដ្ឋប្រហារ ឡើងកាន់អំណាចតាមមធ្យោបាយបដិវត្តន៍ហិង្សា។ ប៉ុន្តែពេលនេះ ជីវិតនយោបាយរបស់ជនក្បត់ជាតិ សម រង្ស៊ី ត្រូវបានបញ្ចប់ទាំងស្រុង នៅវេលាម៉ោង ៧៖២០នាទីយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ ២០១៩ ខណៈដែលបុគ្គលិកក្រុម ហ៊ុនអាកាសចរណ៍ថៃអ៊ែរវ៉េ ចេញមកឆ្លើយតបនឹងការមួលបង្កាច់របស់ សម រង្ស៊ី ថាមិនឱ្យជិះយន្តហោះ ដោយលើកឡើងថា «សម រង្ស៊ី មិនបានទិញសំបុត្រយន្តហោះនោះទេ»។ ដូច្នេះជីវិតនយោបាយរបស់សម រង្ស៊ី បានស្លាប់បាត់មុនថ្ងៃអន្សាមកដល់ ហើយក៏ជាពេលវេលា ដែលយើងបញ្ឈប់ការនឹកគិត ដល់ជនបោកប្រាស់ និងជនក្បត់ជាតិម្នាក់នេះទៀតជារៀងរហូត៕
ដោយ៖ ចៅចាក់ស្មុក
ស្រុកកំចាយមារ ខេត្តព្រៃវែង ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៩