(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នឹងរៀបចំសន្និសីទមីក្រូហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០១៩ ស្តីពីឌីជីថលូបនីយកម្ម សម្រាប់បរិយាប័ន្នហិរញ្ញវត្ថុ ក្រោមប្រធានបទ «កាលានុវត្តភាព និងការប្រឈម» ដែលនឹងរៀបចំឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះនៅសណ្ឋាគារសុខាសៀមរាប។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
នៅក្នុងសេចក្តីប្រកាសដដែលនេះ បានឱ្យដឹងទៀតថា សន្និសីទនេះនឹងធ្វើឡើងក្រោមអធិបតីភាពលោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា ជាតំណាងរបស់លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងដោយមានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័នជាតិរួមមាន ធនាគារជាតិនៃកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគណៈកម្មការមូលបត្រកម្ពុជា ថ្នាក់ដឹកនាំរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិ សរុបប្រមាណ៤៥០នាក់។
អង្គសន្និសីទនេះមានគោលបំណងផ្តល់ជាវេទិកា សម្រាប់កិច្ចពិភាក្សាផ្លាស់ប្តូរមតិយោបល់ បទពិសោធន៍រវាងអ្នករៀបចំគោលនយោបាយ ប្បញ្ញត្តិករ ដៃគូអភិវឌ្ឍន៍ វិនិយោគគិន ម្ចាស់ជំនួយ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ សំខាន់ៗផ្សេងទៀត។ អង្គសន្និសីទនេះ ក៏ជាវេទិកាជាតិមួយដ៏មានសារៈសំខាន់ ដែលអនុញ្ញាតឱ្យ ភាគីពាក់ព័ន្ធទាំងឡាយអាចចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធនឹងការអភិវឌ្ឍថ្មីៗនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា៖