(ភ្នំពេញ)៖ សម្រាប់ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០១៩ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ, លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអំពាវនាវដល់មន្រ្តី និងប្រជាពលរដ្ឋនានា ចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ តាមដងផ្លូវឱ្យបានគ្រប់ៗគ្នា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ដែលនឹងឈានចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខនេះ។
នៅក្នុងសេចក្តីអំពាវនាវរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបានឱ្យដឹងថា ក្នុងឱកាសដ៏រីករាយ នៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ភ្ជាប់ជាមួយនឹងបុណ្យឯករាជ្យជាតិ និងពិធីពិសារអំបុកខ្មែរថៃ ជាតិ សាសនា ព្រះមហាក្សត្រ ចាប់ពីថ្ងៃទី៩ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការអំពាវនាវដល់សាធារណជន ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់មេត្តាចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដើម្បីថែរក្សាការពារការបាត់បង់អាយុជីវិត និងកាយសម្បទាមនុស្សជាទីស្រឡាញ់ ឬរងរបួស ពិការ និងបាត់បង់ទ្រព្យសម្បត្តិ
របស់រដ្ឋ និងឯកជនក្នុងគ្រោះថ្នាក់ចរាចរណ៍។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ឆ្នាំ២០១៩ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវ យកចិត្តទុកដាក់លើក កម្ពស់ការប្រុងប្រយ័ត្ន ក្នុងពេលធ្វើដំណើរតាមផ្លូវថ្នល់ដូចខាងក្រោម៖
* ទី១៖ ត្រូវពាក់មួកសុវត្ថិភាព ដែលមានគុណភាពឱ្យបានត្រឹមត្រូវជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត។
* ទី២៖ មិនត្រូវបើកបរលើសល្បឿនកំណត់ ព្រោះអាចបាត់បង់ស្មារតីគ្រប់គ្រងយានយន្តពេលជួបឧបសគ្គជាយថាហេតុ។
* ទី៣៖ មិនត្រូវបើកបរ ក្រោយការពិសារគ្រឿងស្រវឹង។
* ទី៤៖ ត្រូវគោរពសិទ្ធិអាទិភាព ដោយត្រូវទុកឱ្យអ្នកបើកបរផ្លូវធំហើយត្រង់ទៅមុន គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច។
* ទី៥៖ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត។
* ទី៦៖ មិនត្រូវបត់ ឬ វ៉ាជែងក្នុងភាពប្រថុយប្រថាន និងមិនត្រូវប្រើទូរស័ព្ទដោយគ្មានឧបករណ៍បន្តសំឡេងក្នុងពេលបើកបរ។
* ទី៧៖ ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានម៉ត់ចត់ ពិសេសពិនិត្យកង់ ចង្កូត ហ្រ្វាំង និងភ្លើងបំភ្លឺ។ល។
* ទី៨៖ មិនត្រូវផ្ទុកអ្នកដំណើរ ឬទំនិញសំពីងសំពោងលើសចំនួនផ្ទុក ឬលើសទម្ងន់កំណត់ក្នុងច្បាប់ និងសូមមេត្តាកុំដំឡើងថ្លៃដឹកជញ្ជូន។
* ទី៩៖ មិនត្រូវបើកបរក្នុងស្ថានភាពងងុយជាដាច់ខាត។
* ទី១០៖ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ យោគយល់អាធ្យាស្រ័យ៕
ខាងក្រោមនេះជាសេចក្តីអំពាវនាវ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក៖