(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដោយមានការចូលរួមពី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA), អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO), សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) និងតំណាងក្រុមហ៊ុនជប៉ុន ដែលមានសកម្មភាពវិនិយោគនៅកម្ពុជា ប្រមាណ១០០រូប។
កិច្ចប្រជុំនេះ គឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ក្រោមក្របខណ្ឌនៃ កិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្មការជំរុញ និងការការពារវិនិយោគ ដែលផ្តល់ឱកាសឱ្យមានការសន្ទនាដោយផ្ទាល់ រវាងតំណាងក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិនិយោគជប៉ុន ដើម្បីស្វែងយល់ពីបញ្ហាប្រឈមនានា សំដៅស្វែងរកដំណោះស្រាយ ដ៏សមស្របជូនអ្នកវិនិយោគជប៉ុន។
កិច្ចប្រជុំលើកទី១៨នេះ បានផ្តោតការពិភាក្សាលើចំណុចមួយចំនួន ទាក់ទងនឹងបរិយាកាសវិនិយោគ នៅកម្ពុជារួមមាន៖ (១) តម្លៃនិងស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី (២) ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ (៣) ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បបរមា (៤) សេវាឡូជីស្ទិក និងការបញ្ចេញទំនិញពីគយ និង (៥) អាករពិសេសលើទំនិញនិងសេវាមួយចំនួន។
លោក សុខ ចិន្តាសោភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អ្នកវិនិយោគជប៉ុន ដែល ជានិច្ចកាលតែងផ្តល់ទំនុកចិត្ដខ្ពស់មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការធានានូវស្ថិរភាពនយោបាយ និងបរិស្ថានអនុគ្រោះគ្រប់បែបយ៉ាង ជូនអ្នកវិនិយោគគ្រប់ជាតិសាសន៍ ដែលមានប្រតិបត្តិការនៅកម្ពុជា។
លោកបានវាយតម្លៃខ្ពស់ ចំពោះសកម្មភាពវិនិយោគរបស់អ្នកវិនិយោគជប៉ុនទាំងអស់ ជាពិសេសការវិនិយោគក្នុងវិស័យកម្មន្តសាល មិនមែនវាយនភណ្ឌ ដូចជា ការផលិតបរិក្ខារអេឡិចត្រូនិក និងអគ្គិសនី ការផលិតគ្រឿងបន្លាស់រថយន្ត ជាដើមដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកដល់ការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា ការអភិវឌ្ឍធនធានមនុស្ស ស្របតាម គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ដែលមានចក្ខុវិស័យធ្វើការ កែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជា ពីឧស្សាហកម្មអតិពលកម្ម ទៅឧស្សាហកម្មដោយប្រើប្រាស់ជំនាញ។
លោក ម៉ាសាហ៊ីរ៉ុ មីខាមី បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបជាវិជ្ជមានចំពោះក្ដីកង្វល់ និងសំណូមពរ របស់អ្នកវិនិយោគជប៉ុន។ សកម្មភាពនេះបានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការថែទាំវិនិយោគ ដែលផ្តល់ភាពកក់ក្តៅដល់អ្នកវិនិយោគដែលមានស្រាប់ និងដល់អ្នកវិនិយោគដែលមានបំណងពិចារណាបណ្តាក់ទុននៅកម្ពុជាផងដែរ។
លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់បន្ថែមទៀតថា យើងត្រូវធ្វើការខិតខំទាំងអស់គ្នាបន្ថែមទៀត ធ្វើឱ្យអ្នកវិនិយោគដែលកំពុងមានសកម្មភាព សប្បាយចិត្តនឹងប្រតិបត្តិការធុរកិច្ចរបស់ពួកគេ ហើយដែលនេះជាសញ្ញាវិជ្ជមានដ៏ល្អមួយ សម្រាប់ធ្វើការទាក់ទាញអ្នកវិនិយោគថ្មី ឱ្យមកបណ្តាក់ទុនបន្ថែមទៀត។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនជប៉ុន ដែលមានគម្រោងពង្រីកការវិនិយោគរបស់គេ ក៏នឹងពិនិត្យផងដែរ ទៅលើដំណោះស្រាយនៃបញ្ហាប្រឈម ដែលពួកគេបាន និងកំពុងជួបប្រទះពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល។
គួររំឮកថា គិតត្រឹមខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគ ជប៉ុនចំនួន១៤១គម្រោង ក្នុងទុនវិនិយោគប្រមាណ ២.៥ប៊ីលានដុល្លារអាមេរិក ក្នុងនោះគម្រោងចំនួន ៦៦ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលមានទុនវិនិយោគប្រមាណ ៣៤០លានដុល្លារអាមេរិក៕