(ភ្នំពេញ)៖ ទីបំផុតគម្រោងរបស់ សម រង្ស៉ី ហោះហើរចាកចេញពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងបាងកក ត្រូវបានបរាជ័យ ដោយសារក្រុមហ៊ុនអាកាសចរណ៍មិនអនុញ្ញាត នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃក្រុមហ៊ុនអាកាសចរណ៍ Thai Airways ថ្លែងប្រាប់មន្រ្តីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុននេះបន្តិចនាល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
ប្រភពព័ត៌មានពីមន្រ្តីជាន់ខ្ពស់អន្តោប្រវេសន៍មួយរូប ក៏បានបញ្ជាក់ដែរប្រាប់អង្គភាពព័ត៌មាន Fresh News ថា «ភាគីខាងថៃបានបញ្ជាក់មកថា សម រង្ស៉ី មិនមានឈ្មោះឡើងលើយន្តហោះមកទីក្រុងបាងកកទេ»។
ជាមួយគ្នានេះ សម រង្ស៊ី បានបញ្ជាក់លើ Facebook របស់ខ្លួនថា នៅនៅវេលាម៉ោង ៧ល្ងាចនេះ ម៉ោងប្រទេសកម្ពុជា នឹង Live ផ្ទាល់តែម្តងទៅកាន់ក្រុមរបស់ខ្លួន។
តាមព័ត៌មានចុងក្រោយ ប៉ូលិសបារាំងបានបណ្តេញ សម រង្ស៉ី និងអ្នកហែហមចេញពីព្រលានយន្តហោះ Charles De Gaulle។ ដូចនេះការទៅព្រលាននេះ គ្រាន់តែជាឆាកល្ខោនដែល សម រង្ស៉ី សម្តែងឲ្យអ្នកគាំទ្រមើលថា បានទៅព្រលានមែន តែក្រុមហ៊ុនយន្តហោះថៃមិនឲ្យឡើង ដើម្បីប្រើជាលេសពន្យាពេលថ្ងៃទី ០៩/១១ ដែលតាមការពិតសំបុត្រយន្តហោះជើងហោះហើរថ្ងៃនេះ សម រង្ស៉ី បានពន្យារពេលរួចបាត់ទៅហើយ៕