(ភ្នំពេញ)៖ ក្នុងខែតុលា ឆ្នាំ២០១៩ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការ បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងគោលដៅចូលរួម ធានានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា បានទទួលថវិកាបរិច្ចាគពីសប្បុរសជននានា នូវទឹកប្រាក់សរុបចំនួន ៣៦០,៥៩៦,២០០រៀល និង ១៦១,៦១៨.៧៨ ដុល្លារអាមេរិក ដែលសរុបជាប្រាក់ដុល្លារប្រមាណជា២៥ម៉ឺនដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែវិច្ឆិកានេះ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា បន្ថែមពីនេះ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏ទទួលបានថវិកាបរិច្ចាគចំនួន ៨៣៦,១៣៨ ដុល្លារអាមេរិក ដែលជាទឹកប្រាក់កាត់ទុក ពីថ្លៃសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងត្រីមាសទី០៣ ឆ្នាំ២០១៩ ពីគ្រឹះស្ថានអង្គរ ហើយមូលនិធិគន្ធបុប្ផាកម្ពុជា នឹងរៀបចំផ្ទេរនូវថវិកានេះ ជូនទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីយកទៅប្រើប្រាស់ក្នុងការពិនិត្យ និងព្យាបាលជំងឺ ដោយមិនគិតថ្លៃ។
គួរបញ្ជាក់ដែរថា ក្នុងខែតុលា ឆ្នាំ២០១៩នេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបាននូវសមាជិកបន្ថែមសរុបចំនួន ៦,៨០៥រូបរួមមាន សមាជិកកិត្តិយសចំនួន៦រូប, សមាជិកគាំទ្រចំនួន៥,២៤៣រូប និងសប្បុរសជនផ្សេងៗចំនួន១,៥៥៦រូប។
មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងបរិច្ចាគនូវថវិកាសម្រាប់ទ្រទ្រង់ និងធានាឱ្យបាននូវកិច្ចដំណើរការ ប្រកបដោយចីរភាព ប្រសិទ្ធភាព និងគុណភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង សំដៅលើកកម្ពស់សុខុមាលភាពរបស់កុមារ និងទារកនៅកម្ពុជា និងសូមលើកទឹកចិត្តដល់សាធារណជន ព្រមទាំងស្ថាប័នរដ្ឋ និងឯកជននានាឱ្យបន្តចូលរួមបរិច្ចាគជាមួយ មូលនិធិគន្ធបុប្ផាកម្ពុជា តាមរយៈការចូលជាសមាជិកកិត្តិយស ដោយបរិច្ចាគចាប់ពី ២០,០០០,០០០ (ម្ភៃលាន) រៀល/៥,០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ ជាសមាជិកគាំទ្រ ដោយបរិច្ចាគចាប់ពី ៥,០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០,០០០ (ហុកសិបពាន់ )រៀលក្នុងមួយឆ្នាំ។
ក្នុងករណីលោក លោកស្រី អ្នកនាងកញ្ញា មានបំណងចូលរួមបរិច្ចាគដោយផ្ទាល់ នៅមន្ទីរពេទ្យគន្ធបុប្ផា សូមមេត្តាផ្តល់ដំណឹងជាមុន មកលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីក្រុមការងារយើងអាចរៀបចំកត់ត្រាថវិកាបរិច្ចាគទាំងអស់ក្នុងបញ្ជីរួមតែមួយ ដែលបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ»៕