(ក្រចេះ)៖ លោកស្រី ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួង ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី «ស្ដ្រីសហគមន៍ និងទេសចរណ៍» នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានលើកទឹកចិត្តដល់ស្ដ្រីសហគមន៍ទាំងអស់ ត្រូវចូលរូមពង្រឹងគុណភាពសេវាជូនភ្ញៀវទេសចរ តាមរយៈការបង្កើតឱកាសការងារ និងប្រាក់ចំណូល។
ពិធីនេះត្រូវបានរៀបចំឡើងនៅ មន្ទីរទេសចរណ៍ខេត្តក្រចេះ ដែលមានការចូលរួមពីលោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះ លោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធ តំណាងសហគមន៍ យុវជន និងប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តជាច្រើនរូបទៀតផងដែរ។
ក្នុងអង្គសិក្ខាសាលានេះ លោកស្រី ហ៊ុន ដានី បានលើកឡើងថា សហគមន៍ទេសចរណ៍ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ សហគមន៍មូលដ្ឋាន តាមរយៈការបង្កើតឱកាសការងារ និងប្រាក់ចំណូល។
ទេសចរណ៍សហគមន៍ ត្រូវបានចាត់ទុកជាផលិតផលមួយយ៉ាងសំខាន់ រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈសកម្មភាពសេវាកម្មទេសចរណ៍ ដែលបានបង្ហាញពី ទំនៀមទម្លាប់ ប្រពៃណី របៀបរបបរស់នៅ ការអភិរក្សវប្បធម៌ និងធនធានធម្មជាតិជាដើម។ ក្នុងន័យនេះ ស្រ្តីបានរួមចំណែកធំ និងប្រកបដោយសក្តានុពល ក្នុងការផ្តល់សេវាប្រកបដោយគុណភាព សម្រាប់ទ្រទ្រង់វិស័យទេសចរណ៍ឲ្យមាននិរន្តរភាព។
រដ្ឋលេខាធិការក្រសួងទេសចរណ៍រូបនេះ ក៏បានផ្តល់អនុសាសន៍ លើកទឹកចិត្តដល់ស្ត្រីសហគមន៍ ចូលរួមពង្រឹងគុណភាពសេវាជូនភ្ញៀវទេសចរ តាមរយៈបដិសណ្ឋារកិច្ច និងសកម្មភាពទេសចរណ៍ ក្នុងសហគមន៍ដូចជា៖
*ទី១៖ ត្រូវយល់ដឹងពីស្ថានភាព និងបរិបទនៃសហគមន៍របស់ខ្លួន ដើម្បីអាចណែនាំដល់ភ្ញៀវទេសចរ
*ទី២៖ ត្រូវរួមចំណែកដល់សុខមាលភាពសង្គម និងតម្លៃសហគមន៍ ដោយមិនគាំទ្រឲ្យមានទេសចរណ៍ផ្លូវភេទ ការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស ការកេងប្រវ័ញ្ចលើពលកម្មកុមារ។ល។
*ទី៣៖ ត្រូវរួមចំណែកថែរក្សាបរិស្ថាន ធនធានធម្មជាតិ និងទំនៀមទម្លាប់ប្រពៃណីរបស់សហគមន៍
*ទី៤៖ ត្រូវរួមចំណែកពង្រឹងគុណភាពម្ហូបអាហារ និងភេសជ្ជៈ ប្រកបដោយសោភណភាព អនាម័យ និងរសជាតិឆ្ងាញ់
*ទី៥៖ ត្រូវរួមចំណែកពង្រឹងគុណភាពសេវាស្នាក់នៅ
*ទី៦៖ ត្រូវកសាងទំនាក់ទំនងល្អរវាងសហគមន៍ និងទេសចរ
*ទី៧៖ ត្រូវធ្វើជាអ្នកផ្សព្វផ្សាយទីផ្សារ អំពីផលិតផលសហគមន៍៕