(ភ្នំពេញ)៖ កាលពីព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) ២០១៩-២០២៣នៅថ្នាក់ជាតិ។
ក្នុងនោះ វិស័យសកម្មភាពមីន ត្រូវបានគាំទ្រយ៉ាងខ្លាំងក្លាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយបានដាក់ក្នុង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ នោះផងដែរ។
ក្នុងនាមប្រជាពលរដ្ឋ ដែលកំពុងរស់នៅទាំងប្រថុយប្រថានលើតំបន់ទទួលការគម្រាមកំហែងដោយសារមីន លោកទេសរដ្ឋមន្រ្តី លី ធុជ សូមថ្លែងអំណរគុណអនេកប្បការជូនចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្រ្តី ជាប្រមុខ តែងតែយកចិត្តទុកដាក់ជាខ្លាំង លើការងារបោសសម្អាតមីន និងការសង្រ្គោះជនរងគ្រោះដោយសារមីន។
ឆ្លៀតក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី សូមថ្លែងអំណរយ៉ាងជ្រាលជ្រៅជូនចំពោះប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ ដែលបានចូលរួមយ៉ាងសកម្មជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា កន្លងមកនេះ រួមមាន៖ អង្គការ UNDP សហរដ្ឋអាមេរិក ជប៉ុន អូស្រ្តាលី ចក្រភពអង្គគ្លេស ចិន អាល្លឺម៉ង់ ស្វីស អៀរឡង់ កាណាដា ន័រវេស្ស បារាំង បែលហ្សិក ស៊ុយអែដ អេស្ប៉ាញ និងអូទ្រីស។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ននេះ ផ្ទៃដីទំហំប្រមាណ ១.៩០០ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល។ កម្ពុជា នៅសល់ផ្ទៃដីទទួលរងការគំរាមកំហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមប្រមាណ ២.១០០គីឡូម៉ែត្រក្រឡា ដែលនឹងគ្រោងបញ្ចប់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ ស្របតាមផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥៕