(កណ្ដាល)៖ សមាជិកក្រុមឧទ្ទាមក្រៅច្បាប់ម្នាក់ទៀតហើយ ឈ្មោះ កាក ភ័ក្ដ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិតាព្រហ្ម ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្ដកណ្ដាល បានចូលសារភាពទោសកំហុស នៅចំពោះមុខសមត្ថកិច្ច ក្រោយផុងខ្លួនបាញ់បោកទណ្ឌិត សម រង្ស៉ី ដើរតាមគំនិតក្បត់ជាតិប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាល។
មន្ដ្រីនគរបាលជាន់ខ្ពស់ បានឲ្យដឹងនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា សមាជិកក្រុមឧទ្ទាមម្នាក់នេះ បានចូលមកសារភាពទោសកំហុស នៅចំពោះមុខមន្ដ្រីនគរបាលខេត្តកណ្ដាល នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលរូបគេប្រើប្រាស់គណនី Facebook ឈ្មោះ បងភ័ក្តលក់ត្រីស្រែ។
នៅចំពោះមុខសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បុគ្គលរូបនេះបានសារភាពថា រូបគេពិតជាធ្លាប់បានចែកចាយព័ត៌មានគាំទ្រចលនាអតីតគណបក្សសង្គ្រោះជាតិ ក្នុងគោលដៅធ្វើរដ្ឋប្រហារ នៅពេលដែល លោក សម រង្ស៉ី វិលចូលស្រុកនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមរយៈគណនី Facebook ឈ្មោះ បងភ័ក្តលក់ត្រីស្រែ ពិតប្រាកដមែន។ ក្រោយបញ្ចប់ការសួរនាំ និងធ្វើកិច្ចសន្យា មន្ដ្រីនគរបាលខេត្តកណ្ដាល បានអនុញ្ញាតឲ្យបុគ្គលរូបនេះ ត្រឡប់ទៅផ្ទះវិញធម្មតា៕