(ភ្នំពេញ)៖ លោក SUZUKI Hideo ឧបការីរដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ នៃក្រសួងការបរទេសជប៉ុន បានថ្លែងឲ្យដឹងថា ប្រទេសជប៉ុន និងរដ្ឋាភិបាលជប៉ុន នឹងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធគ្រប់វិស័យជាមួយប្រទេសកម្ពុជា។
លោកឧបការីរដ្ឋមន្ត្រីបញ្ជាក់ទៀតថា ជប៉ុននឹងបន្តពង្រីកព្រមទាំងពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការ និងការគាំទ្រក្នុងវិស័យនានា រួមទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក៏ដូចជាការជំរុញ ដល់ការអភិវឌ្ឍវិស័យឯកជននានា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងវិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា។
ការលើកឡើងបែបនេះ របស់លោកលោក SUZUKI Hideo ធ្វើឡើងក្នុងឱកាសដែលលោកត្រូវបានអនុញ្ញាតឲ្យ ជួបពិភាក្សាការងារជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីលោក Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា ក៏បានអញ្ជើញចូលរួមផងដែរ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងក្តីសោមនស្ស និងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់លោក SUZUKI Hideo ដែលបានអញ្ជើញមកបំពេញភារកិច្ចនៅកម្ពុជា ។
អគ្គបណ្ឌិតសភាចារ្យ បានអរគុណចំពោះប្រទេសជប៉ុន និងប្រជាជនជប៉ុន ដោយលោកបានបញ្ជាក់ថា ប្រទេសជប៉ុន និងប្រជាជនជប៉ុនបានរួមចំណែកយ៉ាងសកម្មក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ចាប់តាំងពីដំណើរការស្វែងរកសន្តិភាព រហូតមកដល់បច្ចុប្បន្ននេះ។
អគ្គបណ្ឌិតសភាចារ្យបន្ដថា ជាក់ស្តែងសមិទ្ធផលផ្លែផ្កាជាច្រើន ដែលកម្ពុជាសម្រេចបាន មានការចូលរួមចំណែក និងគាំទ្រយ៉ាងសកម្មទាំងធនធានហិរញ្ញប្បទាន និងជំនួយបច្ចេកទេស ពីប្រទេសជប៉ុន និងប្រជាជនជប៉ុន។
លោក SUZUKI Hideo ក៏បានសម្តែងក្តីរីករាយដែលបានមកបំពេញកិច្ចការនៅកម្ពុជា និងសម្តែងការកោតសរសើរ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននាំមកនូវការអភិវឌ្ឍន៍ជាច្រើន ក្នុងផ្នែកសង្គម-សេដ្ឋកិច្ច និងការរីកចម្រើនលើគ្រប់វិស័យ ពិសេសកំណើនសេដ្ឋកិច្ចខ្ពស់ ក្នុងអត្រាជាមធ្យម៧%ក្នុងមួយឆ្នាំដែលបានធ្វើឲ្យប្រទេសកម្ពុជា ប្រែក្លាយពីប្រទេសដែលធ្លាប់មានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប។
លោក SUZUKI Hideo បានបញ្ជាក់ថា «ប្រទេសជប៉ុន និងរដ្ឋាភិបាលជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធគ្រប់វិស័យ ជាមួយប្រទេសកម្ពុជា និងបន្តពង្រីក ព្រមទាំងពង្រឹងទំនាក់ទំនងទ្វេភាគីរវាង ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការ និងការគាំទ្រក្នុងវិស័យនានា រួមទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសក៏ដូចជាការជំរុញ ដល់ការអភិវឌ្ឍវិស័យឯកជននានា ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងវិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា»។
លោកបន្ដថា ជាមួយគ្នានេះប្រទេសជប៉ុនក៏នឹងបន្តផ្តល់ការគាំទ្រ និងជំរុញរាល់គ្រប់សកម្មភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ដូចជា កិច្ចសហប្រតិបត្តិការ មេគង្គ-ជប៉ុន និង អាស៊ាន-ជប៉ុនជាដើម។
គួរបញ្ជាក់ថា ប្រទេសជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិនៃប្រទេសជប៉ុន (JICA) បានសន្យាផ្តល់ហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (Japanese ODA) ដល់កម្ពុជាសរុបប្រមាណជាង៥ពាន់លានដុល្លារអាមេរិក ក្នុងនោះមានហិរញ្ញប្បទានឥតសំណងប្រមាណជាង៣, ៥០០លានដុល្លារអាមេរិក។ តួលេខនេះមិនរាប់បញ្ចូល កិច្ចសហប្រតិបត្តិការបច្ចេកទេស និងគម្រោងនានាដែលត្រូវបានផ្តល់ដោយប្រជាជន និងសប្បុរសជនជប៉ុន ជូនដល់ប្រជាជនកម្ពុជាដោយផ្ទាល់ឡើយ៕