(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានអំពាវនាវឲ្យកីឡាករចំណុះទូក ដែលត្រៀមចូលរួមប្រកួត គិតគូរពីបញ្ហាសុខភាពជាចំបង ដើម្បីភាពជោគជ័យក្នុងថ្ងៃប្រកួត ជាពិសេសត្រូវប្រកាន់ភ្ជាប់ នៅទឹកចិត្តជាកីឡាករ សូមនាំជ័យជម្នះត្រឡប់ទៅស្រុកកំណើតវិញ ប៉ុន្តែកុំនាំជំងឺទៅឲ្យប្រពន្ធ។
ការអំពាវនាវបែបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្នុងដំណើរចុះសំណេះសំណាល ជាមួយកីឡាករចំណុះទូកចំនួន៤ របស់ខណ្ឌចំការមន នៅក្នុងទីតាំងក្នុងបរិវេណ វត្តចាក់អង្រែលើ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកបានឲ្យដឹងថា ក្នុងនាមជាកីឡាករ ត្រូវចេះថែរក្សាសុខភាពឲ្យបានល្អប្រសើរ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួត និងត្រូវចេះប្រយ័ត្នប្រយែងការពារខ្លួន កុំនាំជំងឺទៅចម្លងឲ្យអ្នកផ្ទះ ក្នុងនោះផងដែរ ត្រូវយកចិត្តទុកដាក់ ក្នុងបញ្ហាបរិស្ថាន និងអនាម័យកុំចោលសំរាមផ្តេសផ្តាស់ ត្រូវវេចខ្ចប់អោយបានត្រឹមត្រូវ រង់ចាំពេលប្រកួតចប់យកឡើង មកបោះចោលក្នុងធុងសំរាម ជៀសវាងបោះសំរាមចោលក្នុងទឹកទន្លេ ក៏ដូចជាតាមទីសាធារណៈ។
លោកអភិបាលខណ្ឌចំការមន ក្នុងឱកាសនោះ ក៏បានផ្តាំផ្ញើដល់កីឡាករចំណុះទូក ត្រូវប្រកាន់ភ្ជាប់នូវទឹកចិត្តជាអ្នកកីឡា ចេះយោគយល់គ្នាទៅវិញទៅមក មិនថាការប្រកួតឈ្នះ ឬចាញ់ ត្រូវហ៊ានទទួលស្គាល់ការពិត លើសពីនេះត្រូវចេះស្រលាញ់គ្នាក្នុងនាមជាខ្មែរដូចគ្នា។ លោក ថេង សុថុល ក៏បានផ្តាំផ្ញើឲ្យកីឡាករទាំងអស់ កុំសេពគ្រឿងស្រវឹង ខណៈនៃការប្រកួតរង់ចាំដល់ពេលប្រកួតចប់ និងទទួលបានជ័យជំនះ ជាមុនសិនផងដែរ។
លោក ថេង សុថុល ក៏បានឧបត្ថម្ភដល់ក្រុមកីឡាករ ចំណុះឲ្យទូកចំនួន៤ របស់ខណ្ឌចំការមន រួមមាន៖ មី៤កេសធំ, ទឹកសុទ្ធ១០០យួរ, បាកាស ២០កេស, ទឹកផ្លែឈើ ២០កេស និងថវិកា ២លាន៥០ម៉ឺនរៀល។ ទូកទាំង៤ របស់ខណ្ឌចំការមន មានឈ្មោះ ទី១៖ សំហេងសែនជ័យបារមីចាក់អង្រែ, ទី២៖ បាសាក់សំហេងសែនជ័យទូក, ទី៣៖ សំហេងសែនជ័យបារមីទួលទំពូង និងទី៤៖ សំហេងមហាសែនតេជៈ។
ក្រោយបញ្ចប់ពិធីសំណេះសំណាលរួចមក គណៈអធិបតី ក៏បានទស្សនាការហ្វឹកហាត់សាកល្បង កម្លាំងគ្នាផងដែរ ដែលធ្វើឡើងនៅក្រោយវត្តចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ៕