Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ទទួលសម្ភារផ្សព្វផ្សាយបញ្ហាគ្រឿងញៀនពីគ្រឹះស្ថានហិរញ្ញវត្ថុ អិលអូអិលស៊ី

07-11-2019 15:59

(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បានប្រគល់ជូននូវខិត្តប័ណ្ណព័ត៌មានផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀនចំនួន ៥០,០០០សន្លឹក ដល់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការផ្សព្វផ្សាយ នាឱកាសព្រះរាជពិធីបុណ្យអុំទូក នាថ្ងៃទី១០-១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ក្រៅពីប្រគល់ជូននូវខិត្តប័ណ្ណ ព័ត៌មានផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដល់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អិលអូអិលស៊ី ក៏បានចូលរួមឧបត្ថម្ភថវិកា សម្រាប់ការប្រគំតន្ត្រី និងធ្វើបដាផ្សព្វផ្សាយ ថែមទាំងប្រគល់ជូនសម្ភារប្រើប្រាស់មួយចំនួនដូចជា៖ ឆត្រធំ ឆត្រតូច ពែងតែ មួកក្រណាត់ ថង់បរិស្ថាន និងបន្តោងសោ ជាដើម។

ពិធីប្រគល់នេះ បានធ្វើឡើងនៅការិយាល័យកណ្តាល របស់អិលអូអិលស៊ី ដោយលោក សុខ វឿន ប្រធាននាយកប្រតិបត្តិ និងឧត្តមសេនីយ៍ទោ លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី បានថ្លែងថា «ការលុបបំបាត់គ្រឿងញៀន មិនអាចដោះស្រាយដោយយើងម្នាក់ឯងបានឡើយ ការដោះស្រាយគឺត្រូវផ្តើមពីយើងទាំងអស់គ្នា ការលុបបំបាត់គ្រឿងញៀន ជាបញ្ហារួមចំបងដែលយើងគ្រប់គ្នាត្រូវចូលរួមដោះស្រាយ ដើម្បីបញ្ចៀសគ្រោះថ្នាក់ និងនាំមហន្តរាយដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ»។

លោកលើកទឹកចិត្តឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋសហការគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀន ដែលនាំឲ្យបំផ្លាញសង្គមរបស់យើង។ លោកបានបន្ថែមទៀតថា អិលអូអិលស៊ី នឹងបន្តគាំទ្រអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងពេញទំហឹង ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ឧត្តមសេនីយ៍ទោ លឹម តុងហួត បានថ្លែងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី (LOLC) ជាដៃគូសហការសកម្ម ដែលតែងតែគាំទ្រដល់អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនលើការងារផ្សព្វផ្សាយ អប់រំប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ។ លោកបានបន្ថែមថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនតម្រូវ ឲ្យមានការចូលរួមពីគ្រប់វិស័យ ជាពិសេសពីវិស័យឯកជន ដូចដែលអិលអូអិលស៊ី កំពុងធ្វើសហការគ្នានេះ។

សូមបញ្ជាក់ថា នេះជាលើកទី៦ហើយ ដែលអិលអូអិលស៊ី បានប្រគល់ជូនអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នូវខិត្តប័ណ្ណព័ត៌មានផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន ដែលនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់អិលអូអិលស៊ី (LOLC) ក្នុងការបន្តចូលរួមលុបបំបាត់គ្រឿងញៀននៅកម្ពុជា៕