(កណ្ដាល)៖ បញ្ហានានាជាច្រើន ដែលប្រជាពលរដ្ឋក្រុងតាខ្មៅ បានស្នើឱ្យរដ្ឋបាលខេត្តកណ្ដាលជួយដោះស្រាយ ហើយត្រូវបានលោកស្រី ហ៊ុន កុសនី អភិបាលរងខេត្តកណ្ដាល សន្យាថានឹងដោះស្រាយជូនពលរដ្ឋតាមការគួរ ពីមួយជំហានទៅមួយជំហាន។
សំណើរបស់ពលរដ្ឋធ្វើឡើង នៅក្នុងវេទិកាពិគ្រោះយោបល់ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដែលមានបងប្អូនពលរដ្ឋចូលរួមរាប់រយនាក់។
បញ្ហាប្រឈម និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងសង្កាត់តាខ្មៅ លើកឡើងក្នុងអង្គវេទិកាមានដូចជា បញ្ហាសណ្ដាប់ធ្នាប់សាធារណៈ ការកកស្ទះចរាចរណ៍ ការដាក់ធុងសំរាម ការស្នើសុំដាក់ប្រព័ន្ធលូ និងប្រព័ន្ធទឹកស្អាត ការស្នើសុំឱ្យដាក់បង្គោលភ្លើង រួមនឹងការស្នើសុំផ្លូវបេតុងប្រវែង៦០០ម៉ែត្រ, ២០០ម៉ែត្រ, ៩០ម៉ែត្រ ដែលផ្លូវទាំងនោះពិបាកក្នុងការធ្វើដំណើរ ទៅមកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុងភូមិថ្មី ភូមិថ្មី២ និងភូមិព្រែកសំរោង៣។
លោកស្រី ហ៊ុន កុសនី បានឆ្លើយតបថា រាល់គ្រប់បញ្ហាប្រឈម និងសំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានលើកឡើង ក្នុងវេទិកាសាធារណៈនេះ ក្រុមការងារជំនាញនឹងធ្វើការដោះស្រាយ ជូនតាមដំណាក់កាលពីមួយជំហានទៅមួយជំហាន។
ឆ្លៀតឱកាសនេះដែរ លោកស្រីអភិបាលរងខេត្ត បានធ្វើការផ្សព្វផ្សាយ ឱ្យប្រជាពលរដ្ឋទូទាំងសង្កាត់តាខ្មៅទាំងអស់គ្នា ចូលរួមហូបអំបុក សន្តិភាព ថែជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី៩ វិច្ឆិកាខាងមុខនេះ រួមជាមួយនឹងការពន្យល់ណែនាំប្រជាពលរដ្ឋ កុំឱ្យចាញ់បោកឧបាយកលរបស់ជនខិលខូច ដែលតែងតែធ្វើសកម្មភាពញុះញង់ និងបង្កភាពអសន្តិសុខ និងចង់ផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយការធ្វើបដិវត្តពណ៌ និងធ្វើចលនាផ្សេងៗ៕