(ភ្នំពេញ)៖ ហាងលក់ម៉ូតូហុងដា ហ៊ុយគ័ង កំពង់ត្រឡាច ដែលមានទីតាំងស្ថិតនៅ ភូមិសុបិន ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានបើកសម្ពោធជាផ្លូវហើយ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកបណ្ឌិត ខាន់ឆៃ កៀស្រ៊ីថាណាកន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អិន ស៊ី អិច។
លោក ប៊េន កៀស្រ៊ីថាណាកន (Mr. Ben Kiasrithanakorn) ប្រធានក្រុមហ៊ុន អិន ស៊ី អិច បានឡើងថ្លែងថា៖ ថ្ងៃនេះ សូមអបអរសាទរពិធីសម្ពោធហាងថ្មី ដែលត្រូវជាសាខាទី៧៤របស់យើងនៅទូទាំងប្រទេសហើយក៏ជាសាខាទី២ សម្រាប់ខេត្តកំពង់ឆ្នាំងនេះផងដែរ។ ដូច្នេះសរុបមកក្នុងខេត្តកំពង់ឆ្នាំង មានសាខាទាំងអស់ចំនួន២។
ការឆ្លងកាត់ក្នុងការធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៥មកកាន់ទីនេះ បានឃើញមានស្ពាននិងផ្លូវថ្នល់កំពុងជួសជុលកែរលំអរ ហើយយើងសង្ឃឹមថា នៅពេលបញ្ចប់ការជួសជុលកែរលំអរនេះ ប្រជាពលរដ្ឋនឹងទទួលបាននូវប្រយោជន៍ដ៏ធំពីគំរោងជួសជុលកែរលំអរនេះ ដូចជាការសំចៃពេលវេលា និងតម្លៃដឹកជញ្ជូន នាំឱ្យទទួលបានផលចំណេញកាន់តែច្រើន ហើយតម្រូវការម៉ូតូពេលនោះក៏កើនឡើងដែរ។
វាគឺជាពេលវេលាដ៏ល្អសម្រាប់ការអប់រំ និងការត្រៀមរៀបចំយុវជនជំនាន់ក្រោយសម្រាប់អនាគតនៃអាជីវកម្មម៉ូតូ និងជាក្តីសង្ឃឹមដ៏ធំបំផុតនៃការអភិវឌ្ឍនៃអនាគតអាជីវកម្មរបស់យើង។
ទន្ទឹមនឹងនោះ លោក ហ៊ិតុសិ អាកាអូកាក់ (Mr. Hitoshi Akaoka) ប្រធាន Honda R&D Southeast Asia Co., Ltd. ក៏បានថ្លែងថា ក្រុមហ៊ុនហុងដានៅទូទាំងពិភពលោក បានបង្កើតនិងផ្សព្វផ្សាយចក្ខុវិស័យឆ្នាំ២០៣០របស់ខ្លួនរួចមកហើយនៅក្នុងឆ្នាំ២០១៧ ដែលក្នុងនោះបានប្តេជ្ញាចិត្តដើម្បី "ពង្រីកលទ្ធភាពនៃជីវិតរបស់មនុស្សទាំងអស់" ហើយយើងកំពុងធ្វើការឆ្ពោះទៅរកការសម្រេចបានការងារនេះ។ ស្ថាបនិកក្រុមហ៊ុនហុងដាគឺលោក សុអិឈិរ៉ុ ហុងដា ជឿជាក់ថា “បច្ចេកវិទ្យាគឺសម្រាប់មនុស្ស” និង “មានប្រយោជន៍សម្រាប់មនុស្ស”។ អភិវឌ្ឍបច្ចេកវិទ្យានិងទទួលយកបច្ចេកវិទ្យា ហើយអភិវឌ្ឍអាជីវកម្មនៅទូទាំងពិភពលោក។
ឥឡូវនេះក្រុមហ៊ុនហុងដា គឺជាដៃគូអាជីវកម្មដ៏ជិតស្និទ្ធជាមួយក្រុមហ៊ុន អិន ស៊ី អិច ដែលបានផ្តល់នូវផលិតផលហុងដាជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២មកម្លេះ។
ផលិតផលរបស់ហុងដា បានក្លាយជាមធ្យោបាយដ៏សំខាន់សំរាប់ការធ្វើដំណើរប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ក្រុមហ៊ុនហុងដាបានលក់ម៉ូតូជាច្រើនទូទាំងពិភពលោក ប៉ុន្តែមិនមានប្រទេសណាដែលមានចំណែកទីផ្សាររបស់ខ្លួន90% ដែលភាគច្រើនប្រើប្រាស់ម៉ូតូហុងដាទេ។
លោក ទី ហ៊ុយគ័ង ជាម្ចាស់ហាងលក់ម៉ូតូហុងដា ហ៊ុយគ័ង កំពង់ត្រឡាច បានថ្លែងថា ហាងរបស់លោកមានលក់ម៉ូតូម៉ាកហុងដាជាច្រើនប្រភេទ ធានាគុណភាពខ្ពស់ ជាពិសេសមានផ្ដល់នូវសេវាកម្មថែទាំ និងជួសជុលដោយជាងជំនាញៗដែលបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវពីក្រុមហ៊ុន អិន ស៊ី អិច ព្រមទាំងមានលក់គ្រឿងបន្លាស់សុទ្ធរបស់ហុងដា ធានាថាមិនក្លែងក្លាយជូនដល់អតិថិជនទាំងអស់ទៀតផង៕