(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណី លួចគាស់ផ្ទះប្រជាពលរដ្ឋ ដើម្បីលួចសម្ភារមានតម្លៃ។
ជនសង្ស័យឈ្មោះ ឡេង យៀប អាយុ៣៣ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅចំណុចភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងថា បន្ទាប់ពីជក់គ្រឿងញៀនហើយ រូបគេបានឃើញម្ចាស់ផ្ទះជាប្តីប្រពន្ធ បានជិះម៉ូតូចេញពីផ្ទះ ដោយរូបគេឃើញឱកាសល្អក៏បានផ្លោះរបងចូល ព្រមទាំងយកកន្រ្តៃកាត់ស័ង្កសីចូលទៅខាងក្នុងផ្ទះ ហើយបានរើកកាយរកសម្ភារមានតម្លៃ ស្របពេលនោះម្ចាស់ផ្ទះមកវិញទាន់ឃើញ ក៏ប្តឹងសមត្ថកិច្ចអាវុធហត្ថខណ្ឌជ្រោយចង្វារ ធ្វើការឃាត់ខ្លួនតែម្តង៕