(ភ្នំពេញ)៖ ក្រុមហ៊ុន VR Legend PLC ដែលជាក្រុមហ៊ុនកំពុងរីកចម្រើនយ៉ាងឆាប់រហ័សលើការវិនិយោគ ក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្ម និងរៀបចំព្រឹត្តិការណ៍ក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធីជួបជុំអ្នកវិនិយោគ និងដៃគូអាជីវកម្មរបស់ខ្លួន ដើម្បីបង្ហាញសមិទ្ធផលជោគជ័យ និងឱកាសរីកចម្រើន ក្នុងវិស័យពាណិជ្ជកម្មនៅសណ្ឋាគារ Rosewood Phnom Penh។
កម្មវិធីជួបជុំដ៏ឱឡារិកនេះ រៀបចំឡើងក្រោមប្រធានបទសំខាន់ៗចំនួន៣ គឺទី១៖ ណែនាំអំពីជម្រើសជាច្រើន នៃការធ្វើវិនិយោគ នៅជុំវិញពិភពលោក ហើយការវិនិយោគមួយចំនួន បានចាប់ផ្តើមក្នុងប្រទេសកម្ពុជា ជាយូរណាស់មកហើយ, ទី២៖ បង្ហាញពីភាព រីកចម្រើនគួរ ឱ្យកត់សម្គាល់ របស់វិស័យផ្សព្វផ្សាយពាណិជ្ជកម្មនៅកម្ពុជា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមនឹងការណែនាំពីការវិវឌ្ឍ នៃបច្ចេកវិទ្យា Virtual Reality (VR) និង Augmented Reality (AR) ដែលបានប្រើប្រាស់នៅក្នុងប្រទេសភាគខាងលិច ហើយបច្ចេកវិទ្យាទាំងអស់នេះ អាចនឹងក្លាយជាទម្រង់ នៃការផ្សព្វផ្សាយពាណិជ្ជកម្មដ៏ទំនើប នាពេលអនាគត ក្នុងប្រទេសកម្ពុជា និងទី៣៖ ពាក់ព័ន្ធនឹងការបង្ហាញ ពីសមិទ្ធផលការងារសំខាន់ៗដែល VR Legend PLC សម្រេចបានក្នុងឆ្នាំ២០១៩។
លោក Dr. Henry Sim ដែលជា Group Chairman របស់ក្រុមហ៊ុន VR Legend PLC បានបង្ហាញចំណាប់អារម្មណ៍ប្រកបដោយទំនុកចិត្តថា «ត្រឹមរយៈពេលមួយដ៏ខ្លី VR Legend PLC អាចពង្រីកសក្តានុពលរបស់ខ្លួន រហូតក្លាយជាក្រុមហ៊ុន ដែលរីកចម្រើនយ៉ាងឆាប់រហ័សមួយ ក្នុងចំណោមក្រុមហ៊ុនជាច្រើននៅកម្ពុជា ហើយខ្ញុំជឿជាក់យ៉ាងមុតមាំថា VR Legend PLC នឹងទទួលបានជោគជ័យលើសពីផែនការណ៍ ដែលបានគ្រោងទុក នេះក៏ដោយសារមានថ្នាក់ដឹកនាំ និងបុគ្គលិកដែលពោរពេញ ដោយការប្តេជ្ញាចិត្តខ្ពស់ មានឆន្ទះ មានចក្ខុវិស័យវែងឆ្ងាយ រួមនឹងជំនាញច្បាស់លាស់ថែមទៀតផង»។
អ្នកស្រី តាក់ ពិសិដ្ឋរដ្ឋលីដា ជា Group CEO របស់ VR Legend PLC ក៏បានបញ្ជាក់បន្ថែមដែរថា ចាប់តាំងពីយើងចាប់ផ្តើមបង្កើតក្រុមហ៊ុនដំបូង យើងបាន និងកំពុងឈរលើគោលជំហរដ៏រឹងមាំក្នុងការក្លាយជាក្រុមហ៊ុនផ្តល់សេវាកម្មផ្សព្វផ្សាយគ្រប់ប្រភេទ ដែលមិនទាក់ទងនឹងថ្នាំជក់ និងគ្រឿងស្រវឹង ដែលគោលជំហរនេះកំពុងឆ្លើយតប ១០០% ទៅនឹងគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា។
អ្នកស្រី តាក់ ពិសិដ្ឋរដ្ឋលីដា បានបន្តថា ទោះបីជាក្រុមហ៊ុនរបស់យើងថ្មីទើប តែមានវត្តមានឡើង ក៏ប៉ុន្តែសមាជិកក្រុមការងាររបស់យើងម្នាក់ៗ សុទ្ធតែមានចំណុចពិសេសមួយដូចគ្នា។ ពួកគាត់ចូលចិត្តការប្រកួតប្រជែង នឹងឧបសគ្គដែលកើតឡើងនៅនឹងមុខ ហើយពួកគាត់នឹងដាក់ចិត្ត និងកម្លាំង១០០ ភាគរយ ដើម្បីសម្រចកិច្ចការនោះដោយជោគជ័យ។ មានសមាជិកក្រុមការងារយើងខ្លះ មានបទពិសោធន៍ការងារ ក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មនេះជិត ៣០ឆ្នាំហើយ ប៉ុន្តែការគិត និងអារម្មណ៍របស់ពួកគាត់នៅតែក្មេង និងទាន់សម័យកាលជានិច្ច។ ដោយសារគុណសម្បត្តិទាំងអស់នេះហើយ ទើបជម្រុញឱ្យពួកយើងបានលទ្ធផលជោគជ័យលើសពីដែនកំណត់។ មានទំនុកចិត្ត និងសុទិដ្ឋិនិយមខ្ពស់ ដែលក្រុមហ៊ុន VR Legend PLC នឹងក្លាយជាចំណែកមួយ ដ៏សំខាន់នៃការស្ថាបនា វិស័យផ្សព្វផ្សាយពាណិជ្ជកម្ម របស់ព្រះរាជាណាចក្រកម្ពុជា យើងឱ្យកាន់តែខ្លាំងក្លាឡើង។
អ្នកស្រី Tho Socheatvanny ជា Board Member របស់ VR Legend PLC បានបន្ថែមថា តាមរយៈមតិយោបល់ល្អៗ ដែលយើងទទួលបាន ពីអ្នកចូលរួមទាំងអស់ យើងសម្រេចថា នឹងរៀបចំកម្មវិធីជួបជុំបែបនេះជាប្រចាំ ដើម្បីឱ្យអ្នកវិនិយោគ និងដៃគូអាជីវកម្មរបស់យើង ទទួលចំណេះដឹង អំពីឱកាសវិនិយោគក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្ម និងការអភិវឌ្ឍនាពេលអនាគតរបស់កម្ពុជា។ ពិតជាមានសេចក្តីសោមនស្ស រីករាយបំផុត នៅពេលដែលឃើញ Group CEO និង Group COO របស់យើងឡើងមកបង្ហាញអំពីគោលជំហរ នៃការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា ខណៈពេលដែលប្រទេសកម្ពុជារបស់យើង កំពុងត្រូវបានគេចាត់ទុកថា ជាប្រទេសដែលពោរពេញទៅដោយឱកាសវិនិយោគប្រសើរជាងគេប្រចាំ តំបន់អាស៊ីប៉ាស៊ីហ្វិច៕