(ពោធិ៍សាត់)៖ ពិធីបុណ្យអុំទូក «ង» ខ្នាតអន្តរជាតិ ត្រូវបានអាជ្ញាធរខេត្តពោធិ៍សាត់ រៀបចំជាលើកទី១ នៅក្នុងឆ្នាំ២០១៨ ដោយមានទូកចូលរួមប្រកួតចំនួន១៣គូ និងមានភ្ញៀវទេសចរជាតិ-អន្តរជាតិ រហូតទៅដល់ជាង ៥ម៉ឺននាក់ ហើយក៏ជាឆ្នាំប្រវត្តិសាស្ត្រផងដែរ សម្រាប់ខេត្តពោធិ៍សាត់ ដែលបានប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ក្រោមគំនិតផ្តួចផ្តើមពីលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។
សម្រាប់ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានបន្តរៀបចំការប្រណាំងទូក «ង» ខ្នាតអន្តរជាតិ ជាលើកទី២បន្ថែមទៀត ដែលពិធីនេះនឹងត្រូវប្រារព្ធធ្វើឡើងមានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅវេទិកាអុំទូក តាមបណ្តោយស្ទឹងពោធិ៍សាត់ ទល់មុខផ្លូវចូលវត្តពាលញែក និងមានទូកចូលរួមប្រកួតចំនួន៣១ទូក ស្នើនឹង១៥គូ មកពីគ្រប់មន្ទីរអង្គភាព វត្តអារាម និងវិស័យឯកជន។
ថ្លែងក្នុងឱកាស ជួបសំណេះសំណាល ចែកអាវឯកសណ្ឋានក្រុមកីឡាករទូក និងចាប់ឆ្នោតជ្រើសរើសលេខរៀងដៃគូប្រគួតប្រជែង នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញ, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ការរៀបចំឲ្យមានពិធីអុំទូកនាពេលនេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការរបស់បងប្អូនពុកម៉ែយើង ដែលលោកតែងតែមានការចង់ឃើញការប្រគួតអុំទូកនេះ ទៅតាមរដូវកាល នៃបុណ្យប្រពៃណីជាតិរបស់យើង ជាពិសេសចង់ឃើញភាពប៉ិនប្រសព្វ និងភាពក្លាហាន របស់កីឡាករនៅក្នុងខេត្តផង។ ការអុំនេះ គឺជាការអុំប្រឡងប្រណាំងជ្រើសរើសជ័យលាភី លេខ១ លេខ២ និងលេខ៣ ប្រចាំតាមបណ្តាស្រុក ក្រុង មន្ទីរអង្គភាពនានាជុំវិញខេត្ត ក្នុងនាមសាមគ្គីភាព និងបង្កឲ្យមានភាពសប្បាយអធិកអធមនៅក្នុងខេត្ត។
ចំពោះឆ្នាំនេះយើងបានយកក្រុមបច្ចេកទេសពីសហព័ន្ទកីឡាជាតិ សម្រាប់ធ្វើការអត្ថាធិបាយ ការផ្គូរផ្គងទូក ការជ្រើសរើសអ្នកឈ្នះ និងអ្នកចាញ់ ដើម្បីមានឱកាសទៅចូលរួមប្រឡងប្រណាំង ជាមួយខេត្តក្រុងដ៏ទៃទៀត។ ជាមួយគ្នានោះ លោកសូមឲ្យកីឡាករទូកទាំងអស់ រក្សាឲ្យបាននូវភាពថ្លៃថ្នូរ និងសាមគ្គីភាពផ្ទៃក្នុង ក្រោមម្លប់នៃសុខសន្តិភាព ស្ថេរភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍន៍លើគ្រប់វិស័យ នៃការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកសង្ឃឹមយ៉ាងមុតម៉ាំថា គ្រប់មន្ទីរអង្គភាព វត្តអារាម វិស័យឯកជន ភ្ញៀវជាតិ អន្តរជាតិ សិស្សនិស្សិត បងប្អូនប្រជាពលរដ្ឋ នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះឲ្យបានច្រើនកុះករ។
សូមបញ្ជាក់ថា ចំពោះសម្លៀកបំពាក់ឯកសណ្ឋានក្រុមកីឡាករទូក ទាំង៣១ទូក ត្រូវបានរៀបចំឡើងទៅតាមសម័យកាលបុរាណខ្មែរ ក្រោមការឧបត្ថម្ភពីលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវត្តខេត្តពោធិ៍សាត់។ ដោយឡែកសម្លៀកបំពាក់ភ្ញៀវកិត្តិយសចូលរួមទស្សនា សម្រាប់នារី ក៏ត្រូវបានប្រើប្រាស់ទៅតាមព័ណ៌នៃថ្ងៃនីមួយៗ ដោយថ្ងៃទី០៧នេះ សំពត់ព័ណ៌បៃតង អាវព័ណ៌ស ពានាក្រម៉ាបៃតង ពាក់ស្លាកសមាគមនារី និងថ្ងៃទី០៨ស្អែក សំពត់ព័ណ៌ទឹកប៉ិច អាវព័ណ៌ស ពានាក្រម៉ាទឹកប៉ិច ពាក់ស្លាកសមាគមនារីដដែល។
នៅថ្ងៃ០៩ ពិធីហូប«អំបុកខ្មែរ ថែជាតិ សាសនា ព្រះមហាក្សត្រ» នារីពាក់អាវបំពង់ក្រម៉ា ខោព័ណ៌ខ្មៅ។ ថ្ងៃទី១១ ក្នុងពីធីអកអំបុក សំពះព្រះខែ និងលយប្រទីប នារីស្លៀកក្បិនព័ណ៌លឿងស្លាទុំ អាវព័ណ៌ស ពានាក្រម៉ាលឿងស្លាទុំ ពាក់ស្លាកសមាគមនារីដូចគ្នា។ រីឯបុរសវិញ ស្លៀកអាវហូល និងអាវអាចារ្យ ខោចែវ ទៅតាមព័ណ៌នៃថ្ងៃនីមួយៗផងដែរ៕