(ប៉ៃលិន)៖ ការចាក់បញ្ចាំងភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី០៤ ឆ្នាំ២០១៩ នៅខេត្តប៉ៃលិន បានបញ្ចប់ហើយកាលពីរាត្រី ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាមួយនឹងលទ្ធផលល្អប្រសើរ ដោយមានអ្នកចូលរួមទស្សនាប្រមាណ៣០០នាក់ ដែលនេះបានបង្ហាញឱ្យឃើញពីចំណងមិត្តភាពដ៏រឹងមាំ រវាងប្រទេសកម្ពុជានិងចិន។
ភាពយន្តដែលបញ្ចាំងនៅខេត្តបៃលិនទាំងពីររឿងនេះ មានចំណងជើងថា «មួយគីឡូម៉ែត្រចុងក្រោយ» និងភាពយន្តខ្មែរគឺរឿង «ដើមក្រសាំង» ដែលមានតម្លៃអប់រំ ឆ្លុះបញ្ចាំងពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងចិនតាមសម័យកាលនីមួយៗ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរ កាន់តែបានស្វែងយល់ពីគ្នាកាន់តែច្រើនតាមរយៈសិល្បៈ និងតាមរយៈភាពយន្តនេះ។
ក្នុងឱកាសចូលរួមទស្សនាការចាក់បញ្ចាំងភាពយន្តចិន-កម្ពុជានោះ លោក អ៉ីលី ឈុន អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិន បានបង្ហាញការសប្បាយរីករាយ និងគាំទ្រយ៉ាងខ្លាំងចំពោះព្រឹត្តិការចាក់បញ្ចាំងភាពយន្តចិនកម្ពុជានេះ ព្រោះបានបម្រើដល់ការកម្សាន្ត និងជំរុញឱ្យប្រជាជន បានស្វែងយល់ពីវប្បធម៌ទៅវិញទៅមក។
កញ្ញា សំ ស្រីរ័ត្ន ជាគ្រូបង្រៀននៅក្រុងប៉ៃលិន ហើយបានមកទស្សនាភាពយន្តនេះ បានឱ្យតម្លៃខ្ពស់ចំពោះការចាក់បញ្ចាំងភាពយន្តដ៏ឆ្នើមចិនកម្ពុជានេះ ព្រោះបានធ្វើឱ្យប្រជាជន ជាពិសេសយុវវ័យបានយល់ដឹងពីទំនាក់ទំនងល្អរវាងកម្ពុជា និងចិន ដូចដែលប្រមុខថ្នាក់ដឹកនាំប្រទេស ទាំងពីរបានអនុវត្តន៍ប្រកបដោយផ្លែផ្កាដ៏ត្រចេះត្រចង់។
ជាមួយគ្នានេះដែរ លោក សិន សេង ជាប្រជាពលរដ្ឋមកទស្សនាភាពយន្តចិនខ្មែរនេះ ក៏បានសសើរថា រឿងមួយគីឡូម៉ែត្រចុងក្រោយ ដែលជាភាពយន្តរបស់ចិន ពិតមានបច្ចេកទេសថតល្អ រូបភាពច្បាស់ បង្កប់នូវតម្លៃអប់រំខ្ពស់ពីការ អភិវឌ្ឍជីវភាពគ្រួសារ និងសហគមន៍។ ចំណែកឯរឿងខ្មែរចំណងជើងថា ដើមក្រសាំងវិញ ក៏បានបង្ហាញពីការលុបបំបាត់អំពើហឹង្សាក្នុងគ្រួសារផងដែរ។
ព្រឹត្តិការណ៍ដំណើរភាពយន្តចល័តចិន-កម្ពុជា ដ៏ឆ្នើមលើកទី៤នេះ រៀបចំដោយស្ថានទូតចិនប្រចាំនៅកម្ពុជា សហការជាមួយវិទ្យុមិត្តភាពកម្ពុជា-ចិន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ ជាពិសេសវិស័យវប្បធម៌សិល្បៈភាពយន្ត។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថានទូតចិនប្រចាំរាជធានីភ្នំពេញ បានសហការជាមួយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយ៍វិទ្យុទូរទស្សន៍មជ្ឈិមចិន, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រុមហ៊ុនភាពយន្តចិនគ្រុប និងអង្គភាពសារពត៌មាន Fresh News បានប្រារព្ធធ្វើពិធីសម្ពោធបើកព្រឹត្តិការណ៍ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី០៤ ជាផ្លូវការ ដែលរៀបចំឡើងនៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី បើកសម្ពោធកម្មវិធីនេះ។
ក្រុមការងារចាក់បញ្ចាំងភាពយន្តសហការដោយកម្ពុជា-ចិន នឹងនាំយកនូវរឿងដ៏ល្អៗ ដូចជាមួយគីឡូម៉ែត្រចុងក្រោយ, រឿងសួស្ដីលោកមហាសេដ្ឋី, រឿងដើមក្រសាំង, រឿងប្រតិបត្តិការសមុទ្រក្រហម, រឿងម្ចាស់កាំបិតត្នោត, រឿងកុងហ្វូយូហ្គា, រឿងអ្នកចម្បាំងចចក, និងរឿងលោកឪពុក ទៅចាក់បញ្ចំាងចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០១៩ ដោយនឹងធ្វើដំណើរទៅកាន់ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។ ក្នុងនោះខេត្តប៉ៃលិន (ថ្ងៃទី០៦ វិច្ឆិកា ២០១៩), ឧត្តរមានជ័យ (ថ្ងៃទី០៨ វិច្ឆិកា ២០១៩), ក្រចេះ (ថ្ងៃទី០៥ ធ្នូ ២០១៩), ត្បូងឃ្មុំ (ថ្ងៃទី០៧ ធ្នូ ២០១៩), ព្រៃវែង (ថ្ងៃទី០៩ ធ្នូ ២០១៩), តាកែវ (ថ្ងៃទី១១ ធ្នូ ២០១៩), កំពត (ថ្ងៃទី១៣ ធ្នូ ២០១៩), និងកណ្ដាល (ថ្ងៃទី១៥ ធ្នូ ២០១៩) ផងដែរ។
ចាប់តាំងពីឆ្នាំ២០១៦រហូតមក ការបញ្ចាំងភាពយន្តចល័តដ៏ឆ្នើមកម្ពុជា-ចិន បានធ្វើឡើងនៅខេត្តក្រុងចំនួន២០ នៃប្រទេសកម្ពុជារួចហើយ ដោយមានអ្នកទស្សនាគាំទ្រជិត ១០ម៉ឺននាក់។ ព្រឹត្តិការណ៍ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមនេះ គឺទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាជនរស់នៅតាមបណ្ដាខេត្តក្រុងមួយចំនួនធំ៕