(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ និងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ទូទាំងខេត្តកំពង់ធំ បានចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់រូបសំណាក «អាចារ្យលាក់» ដែលជាអតីតមេទ័ពនា សម័យអាណានិគមបារាំង និងជាគ្រូផ្សំថ្នាំឱសថខ្មែរបុរាណមានបារមីខ្ពស់ ដែលប្រជាពលរដ្ឋខ្មែរគ្រប់រូប បានគោរពសក្ការៈ ជាពិសេសនៅខេត្តកំពង់ធំ ឲ្យទទួលបានសេចក្តីសុខ សេចក្តីចម្រើន។
ពិធីក្រុងពាលីនិងបច្ចុះបឋមសិលា សាងសង់រូបសំណាក អាចារ្យលាក់នេះ បានប្រារព្ធធ្វើឡើងចំណុចច្រមុះជ្រូក ក្នុងភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំដោយមានការចូលរួមដោយលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខលូ អភិបាលខេត្តកំពង់ធំ និងនិមន្តចូលរួមដោយ ព្រះទេពសត្ថាបារមី សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាមេគុណខេត្តកំពង់ធំព្រមទាំងមន្រ្តីរាជការកងកម្លាំងសិស្សានុសិស្សនិងពលរដ្ឋយ៉ាងច្រើនកុះករ។
លោក សុខ លូ បានថ្លែងថា អាចារ្យលាក់គឺជាវីរៈបុរសខ្មែរ ជាមេទ័ព ដែលមានមន្តអាគមក្នុងការព្យាបាលជំងឺហើយបានតស៊ូ រំដោះជាតិ ចេញពីការជិះជាន់របស់អាណានិគមនិយមបារាំង ក្នុងអំឡុងឆ្នាំ១៨៦៦។ លោកតែងតែប្រើឧបករណ៍បូរាណជាអាវុធការពារខ្លួនរួមមាន៖ ដាវ លំពែង ស្នា ធ្នូ ជ័រឆក់...។
ផ្នែកខាងមុខដៃទាំងសងខាងកាន់ដាវរាងកោង ដកចេញពីស្រោមបានបន្តិច ក្នុងគោលបំណងបង្ហាញអំពីកេតនភណ្ឌដែលគាត់យកមកប្រើប្រាស់ក្នុងការ ប្រយុទ្ធតស៊ូឬបង្ហាញពីវីរៈភាព នៃអ្នកតស៊ូឬអ្នកក្លាហាន។ ជើងខាងឆ្វេងមានភ្ជាប់ចបជីក ក្នុងគោលបំណង បង្ហាញឲ្យឃើញថា អាចារ្យលាក់ គឺជាគ្រូមន្តអាគម មើលជំងឺ ចេះផ្សំថ្នាំព្យាបាល។ ផ្នែកខាងក្រោយខ្នង មានស្នា និងបំពង់ដាក់គ្រាប់ស្នា ក្នុងបំណងបង្ហាញឲ្យឃើញថា នៅពេលលោកអាចារ្យលាក់ ចេញប្រយុទ្ធតស៊ូ ជាមួយបារាំង ក្រៅអំពីការប្រើដាវគឺលោកបានប្រើប្រាស់អាវុធ ជាស្នាជាដើម។
រូបសំណាក អាចារ្យលាក់ ដែលគ្រោងសាងសង់ឡើងនេះគឺសិតពីស្ពាន់និងលោហធាតុផ្សេងៗ កំពស់៤,៥ម៉ែត្រ ទំងន់ប្រហែល២,៥តោន...។
លោកបានបន្តថា ប្រទេសយើងមានសន្តិភាព យើងបានមកធ្វើបុណ្យរួមគ្នា ធ្វើពិធីសាសនាជា មួយគ្នាដ៏សប្បាយរីករាយជាមួយគ្នា កក្តាទាំងនេះក៏ដោយសារតែប្រទេសយើងមានសន្តិភាព ជាពិសេសនោះ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ធំនឹងរៀបចំពិធីបុណ្យឯករាជ្យជាតិ នៅទីតាំងវិមានឯករាជ្យដែលទើបតែសាងសង់ថ្មីនៅពេល លុះបន្ទាប់មកក៏មានពិធីហូបអំបុកសាមគ្គីការពារ ជាតិ សាសនា ព្រះមហាក្សត្រ នៅសួនច្បារគល់ស្ពានស្ទឹងសែន និងមានកម្មវិធីចែកអំបុកព្រឺ ជូនបងប្អូនប្រជាពលរដ្ឋ ដែលបាន អញ្ជើញចូលរួម និងធ្វើដំណើរឆ្លងកាត់ មកទទួលយកអំបុកពិសារ និងនៅពេលរាត្រី មានការប្រារព្វពិធីនៅ វិមានឯករាជ្យ ដែលមានការបាញ់កាំជ្រួចដើម្បីអបអរសាទរបុណ្យឯករាជជាតិ និងជាថ្ងៃកំណើតកងទ័ពរបស់យើង។
លោក សុខ លូ បានបញ្ជាក់ថា ពេលបច្ចុប្បន្ននេះ មានភ័ពសំណាងដែលបានរស់នៅ ជ្រកក្រោមម្លប់សន្តិភាពសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល បាននាំមកនូវសន្តិភាពជូនបងប្អូនខ្មែរទូទាំងប្រទេស៕