(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានជំរុញឱ្យក្រុមការងារ និងមន្រ្តីពាក់ព័ន្ធចំណុះរដ្ឋបាលរាជធានីភ្នំពេញ សម្រុកបង្ហើយការងាររបស់ខ្លួនដែលនៅសេសសល់បន្តិចបន្តួច ឱ្យបានរួចរាល់ទាំងស្រុងនៅថ្ងៃនេះ ព្រោះថា បុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩ ឈានជិតមកដល់ហើយ។ រាជធានីភ្នំពេញ ត្រូវតែស្រស់ស្អាតជាងឆ្នាំកន្លងទៅ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិអន្តរជាតិមកពីគ្រប់ទិសទី។
ការជម្រុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងកាលពីល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំមួយជាមួយកម្លាំងមានសមត្ថកិច្ចអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួននៅសាលារាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានថ្លែងថា គ្រប់ភាគីពាក់ព័ន្ធត្រូវសម្រុកពន្លឿនការកែលម្អសោភណ័ភាព និងហេដ្ឋរចនាសម្ព័ន្ធនានាដែលនៅសេសសល់ឆ្ពោះទៅរៀបចំព្រះរាជពិធីអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងឆ្នាំ២០១៩នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិមកលេងព្រះរាជពិធីបុណ្យនេះឲ្យបានកាន់តែច្រើន និងមានភាពអធិកអធម។
ជាងនេះទៅទៀត លោកអភិបាលក៏បានសុំឱ្យអ្នកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់បំផុតលើបញ្ហាសំរាមទាំងការរៀបចំទុកដាក់ការផ្សព្វផ្សាយអប់រំ ពីការវេចខ្ចប់ការពង្រាយធុង ឬកញ្ឆេសំរាមការប្រមូលសំរាមចេញពីបរិវេណពិធី និងកន្លែងសប្បាយភាពនានាត្រូវតែធានាឱ្យបានទាន់ពេលវេលានិងល្អបំផុត។
លោកអភិបាលរាជធានី បានសុំឱ្យប្រជាពលរដ្ឋចូលរួមវេចខ្ចប់ និងទុកដាក់សំរាមតាមធុងឬកញ្ឆេសំរាមឱ្យបានត្រឹមត្រូវដើម្បីសោភណ្ឌភាពរាធានីរបស់យើង។
ពាក់ព័ន្ធដល់ការតុបតែ និងការត្រៀមលក្ខណៈសម្បត្តិក្នុងពិធីបុណ្យធំៗខាងលើនេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា មកដល់ពេលនេះសម្រេចបាន ៩៥ភាគរយហើយមន្រ្តីជំនាញ នៃមន្ទីរសាធារណការសហការជាមួយអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធបានធ្វើសកម្មភាពកែលម្អរសោភណ័ភាពបរិស្ថាន នៅក្នុងតំបន់បរិវេណកន្លែងប្រារព្វព្រះរាជពិធីកែលម្អរសួនច្បារសាធារណៈភ្លើងបំភ្លឺចម្រុះពណ៌ឲ្យកាន់តែភ្លឺច្បាស់ និងស្អាតជាងមុនរួមទំាងការស្ថាបនាបង្គន់អនាម័យសាធារណៈជាច្រើនកន្លែង ដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិអន្តរជាតិ បានប្រើប្រាស់ដោយសេរីមិនគិតតម្លៃសេវាអ្វីឡើយ ជាពិសេសបានធ្វើបង្គន់អនាម័យតទឹកភ្លើងជូនដល់កីឡាករអ៊ុទូកគ្រប់កន្លែងស្នាក់នៅក្នុងតំបន់អូស៊ីអាយស៊ី។
បន្ថែមពីនេះការ តុបតែងរបាកាត់ទន្ទឹងផ្លូវដើម្បីស្វាគមន៍ភ្ញៀវទេសចរមកលេងកម្សាន្តនៅក្នុងព្រះពិធីបុណ្យអុំទូកនៅទីតំាងសំខាន់ៗចំនួន៤កន្លែង ដូចជានៅតំបន់រម្មណីយដ្ឋានវត្តភ្នំ មហាវិថីព្រះនរោត្តម ខាងជើងវិមានឯករាជ្យ លើផ្លូវព្រះស៊ីសុវត្ថិ និងក្បែររង្វង់មូលសម្តេចព្រះសង្ឃរាជជួនណាត។
លោក ឃួង ស្រេង បានបន្ថែមថាគ្រប់ដើមឈើធំៗនៅតាមដងមហាវិថីវិថីនិងផ្លូវសំខាន់ៗជាច្រើនត្រូវបានតុងតែងភ្លើងពណ៌ និងលាបថ្នាំស្ទើរួចរាល់ទាំងស្រុង។ នៅតាមសួនច្បារនិមួយៗមានព័ទ្ធខ្សែជុំវិញដើម្បីការពារសោភណ្ឌភាពសម្រស់នៃសួនច្បារទាំងនោះ។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកសម្រាប់ឆ្នាំ២០១៩នេះ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ហើយនឹងមានទូកងទូកមួងមកពីតាមបណ្តាខេត្តចូលរួមជាច្រើន។
តាមប្រវត្តិនៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបអកអុំបុកនិងសំពះព្រះខែរៀបចំឡើងដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់របស់ពួកខ្មាំងសត្រូវ។ ពិធីនេះបានទទួលការនិយមគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំដោយមានការប្រណាំងទូកអុំ និងទូកចែវបុរស-នារី បណ្ដែតប្រទីបអកអំបុក និងសំពះព្រះខែឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំប្រជាពលរដ្ឋកម្ពុជា៕