(កណ្ដាល)៖ លោក គីម រិទ្ធី អភិបាលរងខេត្តកណ្តាល និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកណ្តាល បានថ្លែងកោតសរសើរ ដល់សាលាអន្តរជាតិ វេស្ទលែនដ៍ ដែលជាគ្រឹះស្ថានអប់រំឯកជនមួយ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកែទម្រង់ប្រព័ន្ធអប់រំស៊ីជម្រៅ យ៉ាងពិតប្រាកដ និងការអភិវឌ្ឍសង្គម និងប្រទេសជាតិ។
ការថ្លែងកោតសរសើរបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោក គីម រិទ្ធី អភិបាលរងខេត្តណ្តាល អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីចែកវិញ្ញាបនបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ ដែលបានប្រឡងជាប់ជាស្ថាពរ ក្នុងឆ្នាំសិក្សា ២០១៨-២០១៩ របស់សាលាអន្តរជាតិ វេស្ទលែនដ៍។ ពិធីនេះ រៀបចំធ្វើឡើងនៅសាលាអន្តរជាតិ វេស្ទលែនដ៍ ដែលមានទីតាំងស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក គីម រិទ្ធី បានថ្លែងថា សាលាអន្តរជាតិ វេស្ទលែនដ៍ មានការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ លើការបណ្តុះបណ្តាលក្មួយៗ ប្អូនៗ សិស្សានុសិស្ស ដែលជាធនធានមនុស្សដ៏សំខាន់ សម្រាប់អភិវឌ្ឍប្រទេសជាតិ នាពេលអនាគតពិតប្រាកដ ដូចពាក្យស្លោកមួយឃ្លា បានពោលថា «យុវជនជាទំពាំងស្នងឬស្សី និងសរសរទ្រូងរបស់ប្រទេសជាតិ»។
អភិបាលរងខេត្តកណ្តាល ក៏បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំសាលាអន្តរជាតិ វេស្ទលែនដ៍ ដែលបានចូលរួមក្នុងបុព្វហេតុសង្គម ជាច្រើនរួមមាន៖
* ការធ្វើកម្មវិធីទិវាបរិស្ថានស្អាត ក្នុងក្រុងតាខ្មៅជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់ និងបំផុសស្មារតី ដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមធ្វើការសម្អាតទីក្រុងតាខ្មៅ ឲ្យបានស្អាត
* កម្មវិធីបរិច្ចាគឈាម ជូនដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាម។
* កម្មវិធីអប់រំផ្លូវចិត្តសិស្សានុសិស្ស ឲ្យខិតខំប្រឹងរៀនសូត្រ ប្រព្រឹត្តអំពើល្អ ស្រលាញ់អ្នកមានគុណ និងជៀសឲ្យផុតពីការសេពគ្រឿងញៀន តាមមាគ៌ារបស់ព្រះពុទ្ធសាសនា។
ជាមួយគ្នានោះ លោក គីម រិទ្ធី ក៏បានលើកទឹកចិត្តប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវចូលរួម និងគោរពធ្វើតាមការណែនាំ និងការតម្រង់ទិសរបស់សាលា ពីព្រោះកម្មវិធីរបស់សាលាល្អ សម្រាប់ប្អូនៗ ក្នុងការបន្តការសិក្សា នៅថ្នាក់ឧត្តមសិក្សា និងសង្គមការងារនាពេលអនាគត។
បើតាមរបាយការណ៍ លោក ថន សុកលីម នាយកសាលាអន្តរជាតិ វេស្ទលែនដ៍ បានឲ្យដឹងថា សាលាអន្តរជាតិ វេស្ទលែនដ៍ជាគ្រឹះស្ថានអប់រំឯកជនមួយ ដែលមានការទទួលស្គាល់ជាផ្លូវការ ដោយក្រសួងអប់រំ យុវជន និងកីឡា តាមប្រកាស២១៧២ អយកប្រក ចុះថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១១។ ជាការពិតណាស់ សាលាអន្តរជាតិ វេស្ទលែនដ៍ មានកម្មវិធីសិក្សាធំៗចំនួន៣ ដែលកំពុងតែដំណើរការ នាពេលបច្ចុប្បន្ននេះ។
* កម្មវិធីសិក្សាចំណេះទូទៅខ្មែរពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី១២
* កម្មវិធីសិក្សាចំណេះទូទៅអន្តរជាតិ (ថ្នាក់បឋមសិក្សា)
* កម្មវិធីសិក្សាភាសាអង់គ្លេសទូទៅ (ពេញម៉ោង និងក្រៅម៉ោងពីថ្នាក់មត្តេយ្យ ដល់មនុស្សពេញវ័យ)។
ដើម្បីចូលរួមចំណែកធ្វើកំណែទម្រង់ ប្រព័ន្ធអប់រំស៊ីជំរៅក្នុងការពង្រឹងគុណភាពអប់រំ ថ្នាក់មធ្យមសិក្សា សាលាអន្តរជាតិ វេស្ទលែនដ៍ បានពង្រឹងលើការធ្វើតេស្តសិស្សយ៉ាងតឹងរឹង ដោយផ្អែកលើពាក្យស្លោករបស់ក្រសួងអប់រំ យុវជន និងកីឡាមួយឃ្លាគឺ «អ្នកចេះគឺជាប់» និងបានរៀបចំកម្មវិធីសិក្សាផ្សាភ្ជាប់ទ្រឹស្តី ទៅនឹងការអនុវត្តជាក់ស្តែងរួមមាន ការធ្វើពិសោធន៍វិទ្យាសាស្រ្តមុខវិជ្ជា ជីវវិទ្យា រូបវិទ្យា និងគីមីវិទ្យា នៅក្នុងថ្នាក់រៀនដោយផ្ទាល់។
លើសពីនេះ សាលាក៏បានរៀបចំកម្មវិធីចុះកម្មសិក្សាខ្លីៗតាមស្ថាបនរដ្ឋ ក៏ដូចជាស្ថាបនឯកជនមួយចំនួន ដើម្បីសិក្សាស្វែងយល់ ទន្ទឹមនឹងនេះ សាលាក៏បានធ្វើការរៀបចំដំណើរទស្សនកិច្ចសិក្សា នៅតាមតំបន់ប្រវត្តិសាស្រ្ត ដំណើរកម្សាន្តនៅតាមទីរម្យណីដ្ឋាននានា ដើម្បីសិក្សាពង្រីកចំណេះដឹងលើវប្បធម៌ និងអរីយធម៌ខ្មែរ និងការរៀបចំកម្មវិធី ពិព័ណ៌វិទ្យាសាស្រ្តបង្ហាញស្នាដៃសិស្សជារៀងរាល់ឆ្នាំ ដើម្បីផ្តល់ឱកាសឲ្យសិស្សានុសិស្ស បញ្ចេញសមត្ថភាព ទេពកោសល្យ និងស្នាដៃ។
សាលាអន្តរជាតិ វេស្ទលែនដ៍ មិនត្រឹមតែចូលរួមចំណែកកែទម្រង់ការអប់រំស៊ីជម្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកក្នុងសកម្មភាពសង្គមមួយចំនួនរួមមាន៖ កម្មវិធីទិវាបរិស្ថានស្អាតរបស់សាលាអន្តរជាតិ វេស្ទលែនដ៍ កម្មវិធីបរិច្ចាគឈាម ជូនមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដើម្បីជួយសង្គ្រោះជីវិត ដែលត្រូវការឈាមជាចាំបាច់ និងចូលរួមក្នុងកម្មវិធីមនុស្សធម៌ផ្សេងៗទៀត៕