(ភ្នំពេញ)៖ ហាងលក់ម៉ូតូហុងដា ស៊ាវតុង ត្រាំខ្នារ ដែលមានទីតាំងស្ថិតនៅ ភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ត្រូវបានបើកសម្ពោធជាផ្លូវហើយ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកបណ្ឌិត ខាន់ឆៃ កៀស្រ៊ីថាណាកន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អិន ស៊ី អិច។
លោក ប៊េន កៀស្រ៊ីថាណាកន (Mr. Ben Kiasrithanakorn) ប្រធានក្រុមហ៊ុន អិន ស៊ី អិច បានឱ្យដឹងថា លើកំណាត់ផ្លូវជាតិលេខ៣ ពីភ្នំពេញមកកាន់ទីនេះ ទាំងសងខាងផ្លូវ បានឃើញមាន ផ្ទះល្វែង រោងចក្រ ស្ថានីយប្រេងឥន្ធនៈ និងហាងលក់ទំនិញជាច្រើន។
ផ្លូវលេខ៣ នឹងក្លាយជាផ្លូវដ៏សំខាន់បំផុតមួយ នៅក្នុងកម្ពុជា ជាពិសេសសម្រាប់ភ្ញៀវទេសចរ និងសម្រាប់ការដឹកជញ្ជូនទំនិញ ហើយវានឹងក្លាយជាផ្លូវមួយដែលប្រកួតប្រជែងជាមួយនឹងផ្លូវលេខ៤ ។
លោកសង្ឃឹមថា នៅពេលបញ្ចប់ការជួសជុលកែរលំអរនេះ ប្រជាពលរដ្ឋនឹងទទួលបាននូវប្រយោជន៍ដ៏ធំ ពីគំរោងជួសជុលកែរលំអរនេះ ដូចជាការសំចៃពេលវេលា និងតម្លៃដឹកជញ្ជូន នាំ អោយទទួលបានផលចំណេញកាន់តែច្រើន ហើយតម្រូវការម៉ូតូពេលនោះក៏កើនឡើងដែរ។
ទីប្រជុំជនត្រាំខ្នារ មានទីតាំងស្ថិតនៅចន្លោះស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងស្រុកបាទី ខេត្តតាកែវ ដែលផ្តល់គុណប្រយោជន៍ផ្នែកភូមិសាស្ត្រសម្រាប់បង្កើតសាខានេះដើម្បីគ្របដណ្ដប់គោលដៅលក់ និងក្រោយពីលក់រវាងតំបន់ទាំងពីរ។
លើសពីនោះ លោកជឿជាក់ថា ការបង្កើតសាខានៅត្រាំខ្នារនេះ នឹងផ្តល់ជូនបន្ថែមទៀតដល់អតិថិជនរបស់យើងនៅក្នុងតំបន់នេះនិងនៅក្បែរៗនេះ នូវភាពងាយស្រួលក្នុងការទិញម៉ូតូ និងទទួលបានសេវាកម្មបន្ទាប់ពីលក់។
លោកបន្ដថា៖ លោកស្រី លី ស្រី ជាម្ចាស់សាខាដែលពូកែម្នាក់ ជាពិសេសលើសេវាកម្មក្រោយពីលក់ នឹងជាដៃគូពាណិជ្ជកម្មជាមួយ អិន ស៊ី អិច រយៈពេល១២ឆ្នាំមកហើយ។
លោកបានកោតសរសើរចំពោះភាពជោគជ័យរបស់គាត់ក្នុងរយៈពេល១២ឆ្នាំក្នុងអាជីវកម្មម៉ូតូ ហើយលោកក៏មានសុទិដ្ឋិនិយមផងដែរថា គាត់នឹងគ្រប់គ្រងហាងនេះ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ លោកសង្ឃឹមយ៉ាងមុតមាំថា អតិថិជនទាំងអស់ដែលរស់នៅក្នុងតំបន់នេះ និងក្បែរៗនេះ នឹងទទួលបានសេវាកម្មថែទាំងម៉ូតូ ទាំងអស់គ្នា ក្រោយពីការដាក់ឱ្យដំណើរការ ហាងលក់ម៉ូតូហុងដា អ៊ឹស៊ាវតុង ត្រាំខ្នារ នៅពេលនេះ។
ទន្ទឹមនឹងនោះដែរ រីយុ តាកាហាស៊ិ (Ryo Takahashi) ជាប្រធានចាត់ការទូទៅនិងសម្របសម្រួលផ្នែកពាណិជ្ជកម្មម៉ូតូ Asian Honda Motor Co., Ltd. បានមានប្រសាសន៍បន្ថែមក្នុងឱកាសនោះថា៖ ក្រុមហ៊ុនហុងដានៅទូទាំងពិភពលោក បានបង្កើត និងផ្សព្វផ្សាយចក្ខុវិស័យឆ្នាំ២០៣០របស់ខ្លួនរួចមកហើយនៅក្នុងឆ្នាំ ២០១៧ បានប្តេជ្ញាចិត្តដើម្បី "ពង្រីកលទ្ធភាពនៃជីវិតរបស់មនុស្សទាំងអស់" ហើយយើងកំពុងធ្វើការឆ្ពោះទៅរកការសម្រេចបានការងារនេះ។
ស្ថាបនិកក្រុមហ៊ុនហុងដា គឺលោក សុអិឈិរ៉ុ ហុងដា ជឿជាក់ថា “បច្ចេកវិទ្យា គឺសម្រាប់មនុស្ស” និង “មានប្រយោជន៍សម្រាប់មនុស្ស”។ អភិវឌ្ឍបច្ចេកវិទ្យា និងទទួលយកបច្ចេកវិទ្យា ហើយអភិវឌ្ឍអាជីវកម្មនៅទូទាំងពិភពលោក។
ឥឡូវនេះ ក្រុមហ៊ុនហុងដា គឺជាដៃគូអាជីវកម្មដ៏ជិតស្និទ្ធជាមួយក្រុមហ៊ុន អិន ស៊ី អិច ដែលបានផ្តល់នូវផលិតផលហុងដាជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩២មកម្លេះ។ ផលិតផលរបស់ហុងដាបានក្លាយជាមធ្យោបាយដ៏សំខាន់ សម្រាប់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។
ក្រុមហ៊ុនហុងដា បានលក់ម៉ូតូជាច្រើនទូទាំងពិភពលោក ប៉ុន្តែមិនមានប្រទេសណា ដែលមានចំណែកទីផ្សាររបស់ខ្លួន90% ដែលភាគច្រើនប្រើប្រាស់ម៉ូតូហុងដាទេ។ អគុណណាស់ចំពោះកិច្ចខំប្រឹងប្រែងនិងគាំទ្ររបស់លោកអ្នក។
ពិធីសម្ពោធ ហាងលក់ម៉ូតូហុងដា ស៊ាវតុង ត្រាំខ្នារ ដែលមិនអាចបំភ្លេចបាននេះ គឺជាសមិទ្ធិផលនៃគោលដៅរួមចំណែករយៈពេលវែង ជាមួយនឹងក្រុមហ៊ុន អិន ស៊ី អិច ដើម្បីរួមចំណែកបម្រើដល់សង្គម និងកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ហើយឥឡូវគោលដៅនេះ ត្រូវបានរួមចំណែកដោយលោកស្រី លី ស្រី ។
លោកស្រី លី ស្រី ជាម្ចាស់ហាងលក់ម៉ូតូហុងដា ស៊ាវតុង ត្រាំខ្នារ បានថ្លែងថា ហាងរបស់លោកស្រី មានលក់ម៉ូតូម៉ាកហុងដាជាច្រើនប្រភេទ ធានាគុណភាពខ្ពស់ ជាពិសេសមានផ្ដល់នូវសេវាកម្មថែទាំ និងជួសជុលដោយជាងជំនាញៗដែលបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវពីក្រុមហ៊ុន អិន ស៊ី អិច ព្រមទាំងមានលក់គ្រឿងបន្លាស់សុទ្ធរបស់ហុងដា ធានាថាមិនក្លែងក្លាយ ជូនដល់អតិថិជនទាំងអស់ទៀតផង៕