(ភ្នំពេញ)៖ ដើម្បីជាការចូលរួម លើកកម្ពស់វិស័យអប់រំនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមការអប់រំជាលក្ខណៈអន្តរជាតិ និងជួយឱ្យសិស្ស របស់ខ្លួន មានការអភិវឌ្ឍន៍ផ្នែកខួរក្បាលបានកាន់តែឆាប់រហ័ស សាលា អាស៊ី អូស្ត្រាលី ក្នុងឱកាសបើកបវេនកាលឆ្នាំសិក្សាថ្មី ២០១៩ ២០២០ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានប្រកាសបន្ថែមមុខវិជ្ជាសិក្សាបែប ស្ទែមរ៉ូបូស៊ីង ថ្មីមួយទៀតដល់សិស្សរបស់ខ្លួនបន្ថែមលើមុខវិជ្ជាផ្សេងៗទៀត។
ពីធីបើកបើកបវេនកាលឆ្នាំសិក្សាថ្មី របស់សាលា អាស៊ី អូស្ត្រាលី និងដាក់បន្ថែមមុខវិជ្ជាសិក្សាបែប ស្ទែមរ៉ូបូស៊ីង នេះ ធ្វើឡើងក្រោមអធិបតីភាពលោក ហែម បូណារិន នាយកសាលា អាស៊ី អូស្ត្រាលី, លោក រស់ សាវីតធី នាយកប្រតិ បត្តិក្រុមហ៊ុន រ៉ូបូស៊ីងកម្ពុជា, លោក គុយ ប៉ាន់ឆ័យ នាយកក្រុមហ៊ុន RIELLIONAIRE ព្រមទាំងមានការ ចូលរួមពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។
លោក ហែម បូណារិន បានឱ្យដឹងថា សម្រាប់សាលាអាស៊ី អូស្រ្តាលី គឺមានថ្នាក់បណ្តុះបណ្តាលទាំងភាសារខ្មែរ និងភាសាអង់គ្លេស ដែលមានសិស្សទាំងអស់ចំនួន៣០៦នាក់ មានគ្រប់កម្រិត គ្រប់ជំនាញទាំងសាលាបឋមសិក្សា ជាភាសាខ្មែរ និងភាសារអង់គ្លេសគ្រប់កម្រិត ហើយក្នុងបវេសនកាលថ្មីនេះ សាលាបានដាក់បន្ថែមកម្មវិធីថ្មីមួយទៀតគឺកម្មវិធីសិក្សាតាមបែប ស្ទែមរ៉ូបូស៊ីង ដើម្បីពង្រឹងសមត្ថភាពសិស្សឱ្យកាន់តែរឹងមាំបន្ថែមទៀត ជាមួយនឹងការអប់រំតាមលក្ខណៈអន្តរជាតិ។
លោកបានបន្ថែមទៀតថា ការអប់រំបែបស្ទែមរ៉ូបូស៊ីងនេះ និងជួយឱ្យសិស្សទទួលបានគំនិតក្នុងការឆ្នៃប្រឌិតអ្វីដែរថ្មីៗ ដើម្បីជួយឱ្យសិស្សអាចពង្រឹងសមត្ថភាពបានកាន់តែប្រសើរឡើងមួយកម្រិតថែមទៀតផងដែរ។
លោក រស់ សាវីតធី បានឱ្យដឹងថា កម្មវិធីសិក្សារ៉ូបូតស៊ីងនេះ គឺជាកម្មវិធីអប់រំបែបស្ទែម ដែលនាំចូលពីសហរដ្ឋអាមេរិក ហើយមុខវិជ្ជា រ៉ូបូស៊ីង និងកម្មវិធីសរសេរកូដនេះ មានលក្ខណៈពិសេសៗដូចជា ជា ឧបករណ៍សិក្សាដែលមានស្តង់ដារខ្ពស់ នាំចូលពីប្រទេសកូរ៉េខាងត្បូង, មានកម្មវិធីសិក្សាច្បាស់លាស់, គ្រូបង្រៀនបានទទួលការបណ្តុះបណ្តាលពីគ្រូជំនាញមកពីសហរដ្ឋអាមេរិក។ កម្មវិធីនេះអាចដាក់បង្រៀនដល់សិស្សានុសិស្ស ចាប់ពីកម្រិតបឋមរហូតដល់កម្រិតមធ្យមសិក្សា ដែលជួយបណ្តុះភាពវៃឆ្លាតដល់ពួកគេ ស្របតាមបដិវត្តន៍ឧស្សាហកម្មទី៤ នៃវិស័យបច្ចេកវិទ្យាទំនើបនាសតរត្សទី២១ ទាក់ទងនឹងការសាងសង់គ្រឿងយន្ត កាច្នៃប្រឌិតដោយប្រើប្រាស់ការស្រមើស្រម៉ៃផងដែរ។
លោក រស់ សាវីតធី បានបញ្ជាក់ឱ្យដឹងទៀតថា កម្មវិធីសិក្សារ៉ូបូស៊ីង នេះបាននឹងកំពុងពង្រីកសាខារបស់ខ្លួនជុំវិញពិភពលោក ហើយក៏មានបណ្តាប្រទេសនៅតំបន់អាស៊ី កំពុងដំណើរការកម្មវិធីនេះយ៉ាងពេញនិយមដូចជា កូរ៉េខាងត្បូង ម៉ាឡេស៊ី និងចិន ជាដើម។ កម្មវិធីសរសេរកូដក៏និងជួយអភិវឌ្ឍសមត្ថភាពខួរក្បាលកុមារ និងយុវជនបានយ៉ាងមានប្រសិទ្ធភាព តាមរយៈការសិក្សាបែបអនុវត្តផ្ទាល់ព្រមទាំងលាយឡំនឹងភាពកម្សាន្តសប្បាយផងដែរ៕