(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី០៩ ខែវិច្ឆិកានេះ បានសេចក្ដីជូនដំណឹងប្រាប់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មនានានូវការណែនាំមួយចំនួនពាក់ព័ន្ធនឹងការបញ្ចៀសចរាចរណ៍ ក៏ដូចជាព័ត៌មានផ្សេងទៀតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកាខាងមុខ។

ចំណុចដែលរដ្ឋបាលរាជធានីភ្នំពេញណែនាំនោះ រួមមាន​៖

១៖ រថយន្តឈ្នួលដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉ក មិនអនុញ្ញាតឱ្យចរាចរចូលក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៩ រហូតដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង ១០៖០០នាទី រហូតដល់ម៉ោង ២២៖០០នាទី ប៉ុន្តែអាចចរាចរណ៍បានចាប់ពីម៉ោង ២២៖០០នាទី រហូតដល់ម៉ោង ១០៖០០នាទី។

២៖ ហាមមិនឱ្យរថយន្តធុនធំ រថយន្តក្រឡុកស៊ីម៉ង់ត៍ រថយន្តដឹកទំនិញ ចរាចរណ៍ចូលក្នុងរាជធានីភ្នំពេញ និងផ្អាកការដ្ឋានសំណង់ទាំងអស់ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩។

៣៖ គ្រប់យានយន្តធ្វើដំណើរមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មិនអនុញ្ញាតឱ្យចរាចរណ៍លើផ្លូវច្រាំងទន្លេសាប ផ្លូវលេខ១៣០ ផ្លូវលេខ៥ ផ្លូវលេខ១៥៤ មហាវិថីព្រះនរោត្តម ផ្លូវលេខ២១៤ ផ្លូវលេខ៥១ ផ្លូវលេខ២៩៤ កំណាត់មហាវិថីសម្តេចសុធារសដល់កែងផ្លូវស្ថានទូតរុស្ស៊ី វិថីរដ្ឋសភា ផ្លូវលេខ៧៨ ផ្លូវសបឺត មហាវិថីព្រះសុរាម្រិត កំណាត់តីរវិថីព្រះស៊ីសុវត្ថិដល់កែងផ្លូវលេខ១៣០។

៤៖ នៅផ្លូវជាតិលេខ១៖ រថយន្តធុនធំ និងរថយន្តដឹកទំនិញដែលឆ្លងកាត់រាជធានីភ្នំពេញ ត្រូវចូលចតនៅក្នុងបរិវេណវត្តនិរោធរង្សី ចំណតរថយន្តច្បារអំពៅ (ចំណតបេនរថយន្ត ស៊ុយ សុផាន) និងត្រូវបញ្ចេសចរាចររថយន្តធុនធំចំណុចផ្លូវជាតិលេខ១ កែងផ្លូវរោងចក្រថៃហ្គ័រ។ ចំពោះរថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទ និងម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវចូលចតក្នុងបរិវេណវត្តនិរោធរង្សី និងតាមបណ្តោយផ្លូវលេខ៣៦៩ (ខាងត្បូងវត្តព្រែកប្រា)។

៥៖ នៅផ្លូវជាតិលេខ២៖ រថយន្តធុនធំ និងរថយន្តដឹកទំនិញ ត្រូវចូលចតនៅចំណតរថយន្តចាក់អង្រែក្រោម និងក្នុងបរិវេណអនុវិទ្យាល័យចាក់អង្រែ។ ចំពោះរថយន្តដឹកអ្នកដំណើរគ្រប់ប្រភេទ និងម៉ូតូសណ្តោងរ៉ឺមកត្រូវចូលចតចំណតចាក់អង្រែក្រោម និងក្នុងបរិវេណអនុវិទ្យាល័យចាក់អង្រែ ទីធ្លាវត្តចាក់អង្រែលើ។ ចំពោះរថយន្តធុនធំដែលចរាចរលើផ្លូវលេខ២១៧ ត្រូវឈប់ចតនៅខាងជើងរង្វង់មូលដីក្រហម។

៦៖ នៅផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤៖ រថយន្តដឹកជញ្ជូនគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់រាជធានីភ្នំពេញទៅតាមបណ្តាខេត្តប៉ែកពាយ័ព្យ និងឦសានត្រូវធ្វើចរាចរតាមមហាវិថីឈ្នះឈ្នះ ទៅតាមផ្លូវជាតិលេខ៥ ឬឆ្លងកាត់ស្ពានព្រែកព្នៅ។

សម្រាប់រថយន្តធុនធំ និងរថយន្តដឹកទំនិញ ត្រូវចូលចតនៅចំណតរថយន្តចោមចៅ ស្តុបមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងស្តុប២០០៤។ ចំពោះរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉កដឹកអ្នកដំណើរមកទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកត្រូវឈប់ចតមិនឱ្យហួសស្តុបណតប្រ៊ីតឡើយ។

៧៖ នៅផ្លូវជាតិលេខ៥៖ រថយន្តធុនធំត្រូវបង្វែរទិសធ្វើដំណើរតាមមហាវិថីឈ្នះ-ឈ្នះ ឬចូលចតនៅចំណតគីឡូម៉ែត្រលេខ៩។ ចំពោះរថយន្តដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កត្រូវចូលចតនៅសាលាដែក ដោយមិនឱ្យចូលហួសផ្លូវលេខ៦៨ឡើយ។

៨៖ នៅផ្លូវជាតិលេខ៦៖ រថយន្តធុនធំត្រូវបង្វែរទិសធ្វើដំណើរឆ្លងកាត់ស្ពានលីយ៉ុងផាត់តាមមហាវិថីឈ្នះ-ឈ្នះ។ ចំពោះរថយន្តដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉ក ត្រូវចូលចតនៅទីតាំងដីតំបន់អភិវឌ្ឍន៍ OCIC។

៩៖ នៅផ្លូវលេខ២៧១ និងផ្លូវលេខ៣៧១៖ រថយន្តធុនធំ និងរថយន្តដឹកទំនិញត្រូវចូលចតនៅខាងត្បូងស្ពានម័ល។ ចំពោះរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉កដឹកអ្នកដំណើរមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកត្រូវឈប់នៅចំណុចច្រមុះជ្រូកក្បាលថ្នល់។

១០៖ នៅផ្លូវចោមចៅ (ផ្លូវវេងស្រេង)៖ រថយន្តដឹកអ្នកដំណើរ និងម៉ូតូសណ្តោងរ៉ឺម៉កដែលចូលតាមមហាវិថីសម្តេចព្រះមុនីរ៉េត ត្រូវចូលចតនៅសាលាបឋមសិក្សាស្ទឹងមានជ័យ។ រថយន្តធុនធំ ត្រូវបញ្ចៀសចរាចរណ៍នៅត្រង់ចំណុចច្រមុះជ្រូកស្ទឹងមានជ័យ។

១១៖ ចំពោះរថយន្ត និងម៉ូតូសណ្តោងរ៉ឺម៉កដឹកអ្នកដំណើរមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តាមផ្លូវលេខ៥៩៨ និងមហាវិថីឧកញ៉ាម៉ុងឫទ្ធី ត្រូវបង្វែរចូលតាមផ្លូវតូចៗមិនឱ្យចូលហួសមហាវិថី គីម អ៊ីលស៊ុង និងចតនៅបរិវេណតំបន់អភិវឌ្ឍន៍បឹងកក់៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ៖