(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុរបស់ភពផែនដី មនុស្សត្រូវរួមគ្នាការពារបរិស្ថាន ព្រៃឈើ ក៏ដូចជាធនធានធម្មជាតិឱ្យមាននិរន្តរភាព ហើយទាញផលចំណេញមកវិញតាមរយៈវិស័យទេសចរណ៍ ក្នុងនោះទេសចរណ៍សហគមន៍ និងអេកូទេសចរណ៍ គឺជាស្នូលដ៏សំខាន់បំផុតក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាព។
លោករដ្ឋមន្ត្រី ថោង ខុន ថ្លែងយ៉ាងដូច្នេះត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាបូកសរុបស្ដីពី ការប្រលងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី៣ ឆ្នាំ២០១៩ នៅសណ្ឋាគារភ្នំពេញ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
តាមរយៈការលើកឡើងនេះ លោករដ្ឋមន្ត្រីបានបន្តថា ទន្ទឹមនឹងការការពារបរិស្ថាន ព្រៃឈើ ធនធានវប្បធម៌ និងធនធានធម្មជាតិ ប្រជាពលរដ្ឋអាចបង្កើតជាសហគមន៍ទេសចរណ៍ ដោយអាចរកចំណូលបានច្រើនជាងការប្រកបរបរបរបាញ់សត្វ កាប់ព្រៃឈើ ឬកសិកម្មយថាផលនោះទៅទៀត។
លោកថា នៅពេលសហគមន៍មានធនធានចម្រុះសម្បូរបែប រួមជាមួយការបន្ថែមការយកចិត្តទុកដាក់បញ្ហាអនាម័យ គុណភាពសេវាកម្ម សុវត្ថិភាពចំណីអាហារ និងបដិសណ្ឋារកិច្ចល្អផងនោះ សហគមន៍ខ្លួនឯងនឹងទទួលបានការចាប់អារម្មណ៍ និងវត្តមានរបស់ភ្ញៀវទេសចរច្រើនឡើងៗ ដែលបាននាំលំហូរចំណូលថវិកាចូលទៅក្នុងសហគមន៍ជាបន្តបន្ទាប់ ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃបានយ៉ាងស្រួល។
លោកបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍន៍នានា សូមបន្តចូលរួមការពារបរិស្ថា ព្រៃឈើ ធនធានវប្បធម៌ ធនធានធម្មជាតិប្រកបដោយនិរន្តរភាពតទៅទៀត ដើម្បីរួមគ្នាកាត់បន្ថយ ក៏ដូចជាទប់ទល់ការប្រែប្រួលអាកាសធាតុលើផែនដីយើងនេះ។
ពិសេសជាងនេះទៅទៀត ការចូលរួមរបស់ប្រជាសហគមន៍ក្នុងកិច្ចការខាងលើនេះ ក៏ជាការរួមចំណែកអនុវត្តគោលការណ៍អភិវឌ្ឍប្រកបដោយនិរន្តរភាព របស់អង្គការទេសចរណ៍ពិភពលោកផងដែរ ពោលគឺមិនមែនសម្រាប់តែពេលបច្ចុប្បន្ន គឺសម្រាប់នាពេលអនាគតផងដែរ។
លោក ថោង ខុន បានបញ្ជាក់ទៀតថា កម្ពុជាមានតំបន់ភូមិភាគឦសាន ភាគនិរតី និងតំបន់មួយចំនួនសុទ្ធតែមានសក្ដានុពលផ្នែកអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍។ ក្រៅពីនោះ តំបន់ទេសចរណ៍បែបវប្បធម៌ ប្រាង្គប្រាសាទ ក៏មានសក្ដានុពលសំខាន់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍សហគមន៍ផងដែរ៕