(ព្រះវិហារ)៖ ផ្ទះមួយខ្នងដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្ត្រ័ា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ដឹកនាំក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ស្រុក និងអជ្ញាធរមូលដ្ឋាន ចុះទៅប្រគល់ផ្ទះមួយខ្នងជូនដល់អតីតយុទ្ធជន ជាជនពិកាមួយគ្រួសាររស់នៅភូមិក្តី ឃុំរអាង ស្រុកសង្គមថ្មីខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្ត្រ័ា បានថ្លែងថា សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន គឺបង្កើតឡើងក្នុងន័យដើម្បីលើកទឹកចិត្ត លើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនរបស់យើង បន្ទាប់ពីបានលះបង់ពេលវេលា កម្លាំងកាយចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបំពេញការងារជូនជាតិមាតុភូមិ រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។
លោកប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានបន្តទៀតថា ដោយអនុវត្តន៍តាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានធ្វើការណែនាំឲ្យសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវខិតខំប្រឹងប្រែងដោះស្រាយរាល់ក្តីកង្វល់ និងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនកម្ពុជាយើងឲ្យមានជីវភាពរស់នៅល្អប្រសើរ។
ជាក់ស្តែងនៅថ្ងៃនេះ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានដឹកនាំក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាស្រុកសង្គមថ្មី និងអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅជួលលើកផ្ទះមួយខ្នង ជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន មានទំហ៊ំ ៤x៦ម៉ែត្រ សង់អំពីឈើប្រក់សង្ក័សីដោយចំណាយថវិកាអស់ ៨៨៥០០០០រៀល ជូនគ្រួសារអតីតយុទ្ធជន ជាជនពិកាមួយគ្រួសារឈ្មោះជុំ ពុំ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិឃុំខាងលើ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋយើង ចូលរួមហូបអំបុកសាមគ្គី អំបុកការពារជាតិ សាសនា ព្រះមហាក្សត្រ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឲ្យបានគ្រប់ៗគ្នា ដោយមិនត្រូវជឿតាមការញុះញង់ណាមួយរបស់ក្រុមក្បត់ជាតិដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី ដែលមានបំណងបង្កអសន្តិសុខក្នុងប្រទេស និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោតនោះទេ៕