(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី ហ៊ុន ចាន់ធី ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចុះពិនិត្យមើលទីតាំង ត្រៀមរៀបចំប្រារព្ធពិធីពិសាអំបុកសាមគ្គី ការពារ «ជាតិ សាសនា ព្រះមហាក្សត្រ» នារសៀលថ្ងៃ០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅបរិវេណដីវាល ជាប់ផ្លូវចូលបឹងព្រះពន្លៃ ស្ថិតក្នុងភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ក្នុងឱកាសចុះពិនិត្យទីតាំងប្រារព្ធពិធី លោក ម៉ៅ ធនិន បានថ្លែងថា «នៅថ្ងៃ០៩ ខែវិច្ឆិកាខាងមុខនេះ គឺជាថ្ងៃដែលប្រទេសយើង ប្រារព្ធពិធីបុណ្យឯករាជ្យជាតិ និងជាថ្ងៃបុណ្យកំណើត នៃកងយោធពលខេមរភូមិន្ទ ដូច្នេះហើយ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមអបអរសាទរ ក្នុងរូបភាពហូបអំបុកសាមគ្គី ដើម្បីការពារជាតិ សាសនា ព្រះមហាក្សត្រ ទាំងអស់គ្នា»។
ជាមួយគ្នានោះ ការរៀបចំពិធីនេះ ក៏មានគោលបំណងក្រើនរំលឹក និងផ្សព្វផ្សាយជូនដល់យុវជន យុវនារី ឱ្យទទួលបានការយល់ដឹងអំពីប្រវត្តិ និងសកម្មភាពបុកអំបុក ដើម្បីចូលរួមថែរក្សាកេរ្តិ៍ដំណែលដូនតា ដែលបានបន្សល់ទុកឱ្យបានគង់វង្សល្អ ដល់កូនចៅជំនាន់ក្រោយបានស្គាល់ បានឃើញ និងបានដឹងគ្រប់ៗគ្នា។
លោកបន្ថែមថា យើងទាំងអស់គ្នា មានឱកាសជួបជុំប្រារព្ធពិធី គឺដោយសារប្រទេសជាតិយើង មានសុខសន្តិភាព ក្រោមការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ នាំមកនូវសុខសន្តិភាព ស្ថេរភាពពេញផ្ទៃប្រទេស និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
លោកសង្ឃឹមយ៉ាងមុតមាំថា ក្មួយៗយុវជន យុវនារី ដែលជាទំពាំងស្នងឫស្សី ពិតជាចូលរួមផ្សព្វផ្សាយបន្ត រក្សាឱ្យបាននូវទំនៀមទម្លាប់ប្រពៃណីខ្មែរ និងចូលរួមជួយថែរក្សាការពារ សុខសន្តិភាព និងសមិទ្ធផលដែលកើតមានសព្វថ្ងៃបានគង់វង្សយូរអង្វែងតរៀងទៅ។
សូមបញ្ជាក់ថា ការដាល់អំបុក ឬបុកអំបុក គេច្រើនធ្វើនៅពេលច្រូតស្រូវដើមដៃ ជាស្រូវដំណើបថ្មី ឬជួនកាលក៏មានស្រូវខ្សាយនោះជាដើម។ កាលដែលបុកអំបុក គឺមិនមែនដើម្បីតែបានអំបុកទទួលទានមួយមុខនោះទេ បំណងមួយទៀត គឺយកអំបុកប្រើក្នុងពិធីផ្សេងៗ របស់ប្រពៃណីខ្មែរ ដូចជាអកអំបុក សំពះព្រះខែជាដើម។ ដំបូងគេត្រូវច្រូតស្រូវពណ៌ស្លាបសេក ឬស្រូវស្រស់មកលីងក្នុងអំបែង រហូតដល់ស្រូវចាប់ផ្ទុះមួយៗ ទើបគេចាក់ស្រូវទៅក្នុងត្បាល់។
អ្នកបុកអំបុកកាលពីសម័យមុនៗ ច្រើនមានគ្នា២នាក់ គឺម្នាក់កាន់អង្រែវែងដៃពីរ និងម្នាក់ទៀតកាន់អង្រែដៃមួយឬអង្រែខ្លី។ ក្នុងពេលកំពុង បុកអំបុកយើងឃើញថា អ្នកកាន់អង្រែខ្លីហាក់ដូចជារហ័សរហួន និងសកម្មជាងម្នាក់ទៀត ត្បិតដៃម្ខាងកាន់អង្រែ និងម្ខាងទៀតកាន់ប្រដាប់ឆ្កៀស។ អ្នកបុកអំបុកទាល់តែឃើញថាអំបុកពៀចសំប៉ែត និងខ្ចាត់សម្បកស្រូវចេញអស់ ទើបឈប់ ហើយបារដាក់ចង្អេរយកទៅអុំសំអាត គ្មានសម្បកស្រូវ។
ឯកាយវិការអុំនោះទៀតសោត ក៏មានបែបមានបទច្រើនយ៉ាងដូចជារែង អង្រួន ស្ទៃជាដើម។ មុនពេលចាប់ផ្តើមអុំគេត្រូវយកកញ្ច្រែងរែងកន្ទក់ ចេញដោយចង្អេ ដើម្បីឲ្យអំបុក និងកន្ទក់នៅផ្សេងពីគ្នា។ បន្ទាប់មកទៀត គឺអុំជម្រុះក្បាលអង្កាម ចុងក្រោយ គឺគេអង្រួនចង្អេរឱ្យគ្រាប់អំបុកធំៗ ហៅថាអង្ករដើម និងគ្រាប់ស្រូវឡើងមកខាងលើ ងាយស្រួលរើសគ្រាប់ស្រូវចេញឱ្យបានស្អាត។ សកម្មភាពបុកអំបុកកាលពីសម័យមុន គឺទាមទារ ឱ្យមនុស្សឧស្សាហ៍ព្យាយាម តស៊ូ អត់ធ្មត់គ្រប់បែបយ៉ាង មិនដូចសម័យបច្ចុប្បន្ន គេប្រើប្រាស់ឧបករណ៍ដោយស្វ័យប្រវត្តិនោះឡើយ៕