(ប៉ៃលិន)៖ ភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមចំនួន២ខ្សែ នឹងត្រូវចាក់បញ្ជាំងជាលើកដំបូងដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ដើម្បីឲ្យប្រជាជននៅខេត្តត្បូងពេជ្រមួយនេះ មានឱកាសចូលរួមទស្សនាកម្សាន្តសប្បាយ និងស្វែងយល់ពីវប្បធម៌ប្រពៃណីរវាងប្រទេសចិន និងកម្ពុជាឲ្យកាន់តែស៉ីជម្រៅថែមទៀត។
ក្រុមការងារចាក់បញ្ចាំងព្រឹត្តិការណ៍ដំណើរភាពយន្តចល័តចិន-កម្ពុជា ដ៏ឆ្នើមលើកទី០៤ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានធ្វើដំណើរទៅខេត្តប៉ៃលិនហើយ ដើម្បីចាក់បញ្ចាំងភាពយន្តចិន និងខ្មែរ ជូនប្រជាពលរដ្ឋនៅទីនេះទស្សនាដោយសេរី ចាប់ពីម៉ោង០៦រសៀលនេះតទៅ នៅសួនច្បារមុខសាលាខេត្តប៉ៃលិន។ នេះបើតាមការផ្សព្វផ្សាយរបស់វិទ្យុមិត្តភាពកម្ពុជា-ចិន។
លោក យិន វុត្ថា មន្ត្រីជំនាញនៃនាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាប្រធានក្រុមការងារ ដឹកនាំការចាក់បញ្ចាំងភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤នេះ បានឲ្យដឹងថា ក្រុមការងារបានធ្វើការចែលខិតប័ណ្ណ និងផ្សព្វផ្សាយតាមឧគ្ឃោសនស័ព្ទ នៅតាមទីផ្សារ ភូមិស្ថាន សាលារៀនពីព្រឹត្តិការនេះ។
លោកបញ្ជាក់ថា ភាពយន្តដែលបញ្ចាំងនៅខេត្តបៃលិននេះ មានចំនួនពីររឿង ដោយភាពយន្តចិនមានចំណងជើងថា «មួយគីឡូម៉ែត្រចុងក្រោយ» និងភាពយន្តខ្មែរគឺរឿង «ដើមក្រសាំង» ដែលមានតម្លៃអប់រំ ឆ្លុះបញ្ចាំងពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា និងចិនតាមសម័យកាលនីមួយៗ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរ កាន់តែបានស្វែងយល់ពីគ្នាកាន់តែច្រើនតាមរយៈសិល្បៈ និងតាមរយៈភាពយន្តនេះ។
លោក រតនា រ៉ាយុទ្ធ ប្រធានគ្រប់គ្រងកម្មវិធីផ្សាយ នៃវិទ្យុមិត្តភាពកម្ពុជាចិន បានឲ្យដឹងដែរថា នេះជាលើកទី១ហើយ ដែលថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថានទូតចិនប្រចាំរាជធានីភ្នំពេញ សម្រេចជ្រើសរើសខេត្តបៃលិននេះ ជាគោលដៅទីមួយ សម្រាប់ព្រឹត្តិការណ៍ចាក់បញ្ចាំងភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើមលើកទី៤ ឆ្នាំ២០១៩នេះ មានគោលបំណងផ្សព្វផ្សាយវប្បធម៌ នៃប្រទេសទាំងពីរឲ្យកាន់តែទូលំទូលាយថែមទៀត។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថានទូតចិនប្រចាំរាជធានីភ្នំពេញ បានសហការជាមួយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយ៍វិទ្យុទូរទស្សន៍មជ្ឈិមចិន, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រុមហ៊ុនភាពយន្តចិនគ្រុប និងអង្គភាពសារពត៌មាន Fresh News បានប្រារព្ធធ្វើពិធីសម្ពោធបើកព្រឹត្តិការណ៍ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី០៤ ជាផ្លូវការ ដែលរៀបចំឡើងនៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងលោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតី បើកសម្ពោធកម្មវិធីនេះ។
ក្រុមការងារចាក់បញ្ចាំងភាពយន្តសហការដោយកម្ពុជា-ចិន នឹងនាំយកនូវរឿងដ៏ល្អៗ ដូចជាមួយគីឡូម៉ែត្រចុងក្រោយ, រឿងសួស្ដីលោកមហាសេដ្ឋី, រឿងដើមក្រសាំង, រឿងប្រតិបត្តិការសមុទ្រក្រហម, រឿងម្ចាស់កាំបិតត្នោត, រឿងកុងហ្វូយូហ្គា, រឿងអ្នកចម្បាំងចចក, និងរឿងលោកឪពុក ទៅចាក់បញ្ចំាងចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០១៩ ដោយនឹងធ្វើដំណើរទៅកាន់ខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា។ ក្នុងនោះខេត្តប៉ៃលិន (ថ្ងៃទី០៦ វិច្ឆិកា ២០១៩នេះ), ឧត្តរមានជ័យ (ថ្ងៃទី០៨ វិច្ឆិកា ២០១៩), ក្រចេះ (ថ្ងៃទី០៥ ធ្នូ ២០១៩), ត្បូងឃ្មុំ (ថ្ងៃទី០៧ ធ្នូ ២០១៩), ព្រៃវែង (ថ្ងៃទី០៩ ធ្នូ ២០១៩), តាកែវ (ថ្ងៃទី១១ ធ្នូ ២០១៩), កំពត (ថ្ងៃទី១៣ ធ្នូ ២០១៩), និងកណ្ដាល (ថ្ងៃទី១៥ ធ្នូ ២០១៩) ផងដែរ។
ចាប់តាំងពីឆ្នាំ២០១៦រហូតមក ការបញ្ចាំងភាពយន្តចល័តដ៏ឆ្នើមកម្ពុជា-ចិន បានធ្វើឡើងនៅខេត្តក្រុងចំនួន២០ នៃប្រទេសកម្ពុជារួចហើយ ដោយមានអ្នកទស្សនាគាំទ្រជិត ១០ម៉ឺននាក់។ ព្រឹត្តិការណ៍ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមនេះ គឺទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាជនរស់នៅតាមបណ្ដាខេត្តក្រុងមួយចំនួនធំ៕