(សៀមរាប)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើសុំឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជួយកែតម្រូវនូវសុន្ទរកថារបស់សម្តេចក្នុងឱកាសអញ្ជើញជា អធិបតីភាពបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១២ ដែលធ្វើឡើងនៅខេត្តសៀមរាបនាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្នុងឱកាសនោះសម្តេចមានប្រសាន៍ថា «ឆ្នាំ២០២៤ អាស៊ាននឹងធ្វើជាម្ចាស់ផ្ទះការ ប្រកួតបាល់ទាត់ពិភពលោក World Cup» ក្នងន័យនេះសម្តេចតេជោ ស្នើសុំកែតម្រូវមកជាពាក្យថា «ឆ្នាំ២០២៤ អាស៊ាននឹងដាក់ពាក្យស្នើសុំប្រកួតប្រជែងធ្វើជាម្ចាស់ផ្ទះ សម្រាប់ប្រកួតបាល់ទាត់ ពិភពលោក World Cup»។
តាមរយៈបណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះ, សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «អាស៊ានមានចំណុចរួមមួយ មានន័យថា ឆ្នាំ២០២៤ អាស៊ាននឹងដាក់ពាក្យស្នើសុំប្រកួតប្រជែងធ្វើជាម្ចាស់ផ្ទះសម្រាប់ប្រកួតបាល់ទាត់ ពិភពលោក World Cup។ នេះជាអត្តសញ្ញាណរបស់អាស៊ាន ដែលទើបនឹងចុះហត្ថលេខារវាងអាស៊ាន ជាមួយ FIFA កាលពីប៉ុន្មានថ្ងៃមុននៅទីក្រុងបាងកក ដែលអាចចាត់ទុកថា ពេលនោះប្រទេសទាំងអស់នៅក្នុងអាស៊ាន នឹងក្លាយទៅជាកន្លែងតែមួយ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ហើយអាចអាស៊ាន នឹងបង្កើតជា Team (ក្រុម) បាល់ទាត់មួយទៅប្រកួតជាមួយប្រទេសដ៏ទៃ»៕