(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យលោកវរនាវីឯក Aleksandr Basov ប្រធានផ្នែកស្ថាបនា ស្នងការប្រយុទ្ធ នៃអគ្គបញ្ជាការដ្ឋាន កងទ័ពជើងទឹកសហព័ន្ធរុស្ស៉ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា កម្ពុជាចាត់ទុករុស្ស៉ី ជាមិត្តចាស់ និងជាដៃគូសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជា។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថា ក្រោយពីកម្ពុជាបានរំដោះពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាឆ្នាំ១៩៧៩ រុស្ស៉ីដែលពីមុន ជាអតីតសហភាពសូវៀត បានជួយឧបត្ថម្ភគាំទ្រលើគ្រប់វិស័យដល់កម្ពុជា ជាពិសេសការបណ្តុះបណ្តាលធនធាន ទាំងផ្នែកស៊ីវិល និងផ្នែកយោធា ហើយបច្ចុប្បន្នអ្នកទាំងនោះ បានក្លាយជាមន្រ្តីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល និងជាមេបញ្ជាការ ជាថ្នាក់ដឹកនាំនៅក្នុងជួរកងយោធពលខេមរភូមិន្ទផងដែរ។
បន្ថែមពីនេះ អគ្គមេបញ្ជាការកងយោពលខេមរភូមិន្ទរបស់កម្ពុជា ក៏បានថ្លែងអំណរគុណចំពោះសហព័ន្ធរុស្ស៉ី ដែលបានជួយកម្ពុជានាពេលកន្លងមក ហើយបច្ចុប្បន្នរុស្ស៉ី ក៏នៅតែបន្តជួយដល់កម្ពុជាជានិច្ច។
ជាកិច្ចឆ្លើយតប លោកវរនាវីឯក Aleksandr Basov បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលបានទទួលបដិសណ្ឋាកិច្ច ស្វាគមន៏យ៉ាងកក់ក្តៅដល់ប្រតិភូ។ លោកវរនាវីឯក Aleksandr Basov បានគូសបញ្ជាក់ពីគោលបំណង នៃដំណើរទស្សនកិច្ចនេះ ក្នុងការពិភាក្សាការងារលំហាត់ ជាច្រើនគោលដៅសំខាន់ គឺកិច្ចសហប្រតិបត្តិការតាំងពីឆ្នាំ១៩៨០មក និងត្រៀមសហការជាមួយគ្នាបន្តទៀត។
លោកវរនាវីឯក Aleksandr Basov បានបញ្ជាក់ថា ភាពចាំបាច់ជាមួយកងទ័ពជើងទឹកកម្ពុជា ជាកិច្ចកាចំបង នៃកិច្ចសហការ ហើយរុស្ស៉ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីមកចុះអនុស្សារណៈយោគយល់គ្នា៕