Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម ចុះពិនិត្យកម្លាំងអាវុធហត្ថ ដែលត្រៀមអនុវត្តបទបញ្ជាបង្ក្រាបក្រុមក្បត់ជាតិ ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

06-11-2019 17:04

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចុះសំណេះសំណាល នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថខេត្តកំពង់ចាម។

ក្នុងពិធីនេះ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការរង នាយរងសេនាធិការ, អនុប្រធានមន្ទីរ, នាយការិយាល័យ, មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក-ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា បានបង្ហាញពីភាពស្និទ្ធស្នាល យកចិត្តទុកដាក់ និងលើកទឹកចិត្ត ចំពោះកងកម្លាំងប្រដាប់អាវុធ ក្នុងការការពារ សុខសុវត្ថិភាពជូនប្រទេសជាតិ ដោយដាក់បទបញ្ជាឲ្យកងកម្លាំង ត្រៀមខ្លួនជាស្រេចទប់ស្កាត់ និងបង្ក្រាបរាល់គ្រប់សកម្មភាពទាំងឡាយណា ដែលចង់ឲ្យកម្ពុជា ធ្លាក់ចូលភ្លើងសង្គ្រាមជាថ្មី ដើម្បីការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងពលរដ្ឋខ្មែរទូទាំងប្រទេស។

អភិបាលខេត្តកំពង់ចាម បានថ្លែងប្រកាសជាថ្មីទៀតថា ជាមួយនឹងការប្រកាសវិលចូលស្រុក បង្កចលាចលរបស់ទណ្ឌិត សម រង្ស៊ីនេះ និងបក្ខពួក កងកម្លាំងប្រដាប់អាវុធ និងប្រជាជនទូទាំងខេត្ត គឺនៅស្វាគមន៍ដោយចាប់វាយខ្នោះ និងរៀបចំបន្ទប់ពន្ធនាគាររង់ចាំទទួល។

ក្រោមជំហររឹងមាំ និងស្មារតីយ៉ាងម៉ុះមុត ក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានប្តេជ្ញាអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំខេត្ត ធានាឲ្យបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងទប់ស្កាត់ បង្រ្កាបឱ្យបានរាល់សកម្មភាពទាំងឡាយណា ដែលប៉ុនប៉ងប្រឆាំង និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីការបោះឆ្នោត ដូចជនក្បត់ជាតិ ទណ្ឌិត សម រង្ស៉ី និងបក្ខពួក កំពុងបង្កចលាចលវឹកវរដល់ស្ថេរភាពសង្គមជាតិម្តងហើយម្តងទៀតនោះ។

ក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត បានចែកអំណោយដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មីចំនួន២០០កេស និងថវិកា៥,០០០,០០០រៀល ដើម្បីដោះស្រាយដល់កម្លាំងពេលចុះបំពេញភារកិច្ចនាពេលខាងមុខ៕