(កំពង់ស្ពឺ)៖ កុមារកំព្រាក្រីក្រចំនួន៤៥នាក់ រស់នៅក្នុងមណ្ឌលកុមារកំព្រាដ៏កម្សត់មួយ ស្ថិតនៅភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានចាប់ផ្តើមបង្ហាញ ស្នាមញញឹមឡើងវិញជាបណ្តើរៗហើយ បន្ទាប់ពីពួកគេបានរស់នៅមានព្រឹកខ្វះល្ងាច មានល្ងាចខ្វះព្រឹក អស់រយៈពេលជាយូរមកហើយ ក្រោយពីប្រធានមជ្ឈមណ្ឌល កុមារកំព្រាដ៏សែនចិត្តធម៍មួយរូប គឺលោក នៅ សារ៉ាត់ មានចិត្តសណ្តោសប្រណីរើសយកមកពីវត្តមកចិញ្ចឹម ដោយដើរសុំម្ហូបអាហារដែលនៅសេសសល់ ពីអ្នកជិតខាង និងនៅតាមកម្មវិធីដែលមាននៅក្បែរៗនោះ យកមកឱ្យពួកគេហូប ដើម្បីបានរស់បន្តទៅមុខទៀត។
សុបិនដ៏សែនអាក្រក់របស់កុមារកំព្រាទាំងអស់នេះ បានចាប់ផ្តើមល្អវិញជាបណ្តើរៗហើយ បន្ទាប់ពីមានសប្បុរសជនបានមើលឃើញ និងចាប់ផ្តើមជួយជាបន្តបន្ទាប់ ជាស្តែងលោកឧកញ៉ា នួន អក បន្ទាប់ពីបានមើលឃើញពីភាពលំបាករបស់កុមារកំព្រារទាំងអស់នេះ ក៏មានចិត្តអាណិត និងសុខចិត្តធ្វើជាសប្បុរសជនមួយរូបដែរ ដោយនៅល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បាននាំយកសម្ភារមួយចំនួន មានសំលៀកបំពាក់ សៀវភៅប៊ិច និងថវិកាចំនួន៤ពាន់ដុល្លារ ទៅជួយឧបត្ថម្ភដល់មជ្ឈមណ្ឌលផ្ទាល់ និងបានសន្យាជួយឧបត្ថម្ភថវិកា៤ពាន់ដុល្លារជារៀងរាល់ខែ ចំនួន២០ឆ្នាំ ជាមួយនឹងការជួលគ្រូបង្រៀនភាសារអង់គ្លេស ចិន និងជួយឱ្យក្មេងៗទាំងនេះ រៀនរហូតចប់សាកលវិទ្យាល័យថែមទៀតផង។
លោកឧកញ៉ា នួន អក បានឱ្យដឹងថា ដំបូងឡើងពេលលោកបានឃើញការបង្ហោះលើបណ្ដាញសង្គម លោកក៏ស្វែងមករកមណ្ឌលនេះដោយផ្ទាល់ ហើយនៅពេលមកដល់ លោកពិតជាសង្វែកណាស់ ព្រោះក្មេងៗនៅក្នុងមណ្ឌលនេះ មានទឹកមុខស្លេកស្លាំង ហាក់ដូចជាខ្វះអាហារូបត្ថម្ភ ឬកង្វះវីតាមីន ពេលឃើញនូវទិដ្ឋភាពនេះហើយ ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប លោកបានប្ដេជ្ញា និងសន្យាជាមួយប្រធានមជ្ឈមណ្ឌលថា នឹងជួយផ្គត់ផ្គង់ដល់មជ្ឈមណ្ឌលនេះ ក្នុងមួយខែ៤ពាន់ដុល្លារអាមេរិក ដើម្បីឱ្យប្រធានមណ្ឌលយកថវិកា ចាត់ចែងទៅតាមតម្រូវការចាំបាច់ដូចជា អាហារហូបចុក សម្លៀកបំពាក់ និងថ្នាំសង្កូវនៅពេលពួកគេឈឺជាដើម។
លោកឧកញ៉ា នួន អក បានឱ្យដឹងទៀតថា ក្មេងកំព្រាទាំងនោះ ក្រៅពីទទួលបានការទំនុបបម្រុង ផ្នែកអាហារ ស្នាក់នៅ និងសិក្សារៀនសូត្រចប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ហើយនោះ លោកនឹងបន្តជួយដល់ក្មេងកំព្រាទាំងនោះទៀត ឱ្យទទួលបានការសិក្សានៅសាកលវិទ្យាល័យនានា ទៅតាមជំនាញដែលពួកគេស្រលាញ់ និងចូលចិត្តរៀងៗខ្លួន រហូតទទួលបាន ការងារធ្វើប្រចាំជីវិត។ លោកថា «ក្មេងៗគឺទំពាំងស្នងឬស្សី ហើយការអភិវឌ្ឍធនធានមនុស្ស គឺជាការជួយយ៉ាងខ្លាំងដល់ ប្រទេសជាតិ»។
លោកឧកញ៉ាបន្តថា លោកបានជួយដល់មជ្ឈមណ្ឌលនេះ អស់រយៈពេល៨ខែមកហើយ ថ្វីត្បិតតែលោកបានឧបត្ថម្ភ៤ពាន់ដុល្លារក្នុងមួយខែ ដល់មជ្ឈមណ្ឌលក៏ដោយ ក៏មិនមែនថា លោកឧបត្ថម្ភផ្ដាច់មុខនោះដែរ។ សប្បុរសជនដទៃទៀត ដែលមានសទ្ធាអាចមកបរិច្ចាគជូនមជ្ឈមណ្ឌល ដើម្បីជួយសង្គ្រោះក្មេងៗ ដែលជាធនធានដ៏សំខាន់សម្រាប់កសាងប្រទេស ហើយបើសិនជាយើងមានលទ្ធភាពហើយ យើងមិនអើពើជួយពួកគេ សួរថា១០ ឬ២០ឆ្នាំទៅមុខទៀត តើវាសនាពួកគេនឹងទៅជាយ៉ាងណា ហើយកូនៗរបស់ពួកគេនឹងក្លាយជាយ៉ាងណា។
បើតាមលោក នៅ សារ៉ាត់ ជាប្រធានមណ្ឌល កុមារកំព្រាដ៏កម្សត់នេះ បាននិយាយទាំងអួលដើម.ក ថា ដំបូងឡើយលោក គឺជាព្រះសង្ឃដែលបួសនៅវត្ត ក្នុងភូមិឃុំនេះផ្ទាល់តែម្ដង។ អំឡុងពេលលោកបួស ជាព្រះសង្ឃ លោកបានមើលឃើញនូវអ្វី ដែលមិនចង់ឃើញជាច្រើន ជាក់ស្ដែងលោកបានឃើញគេយកក្មេងៗ មិនទាន់ដឹងក្ដីមកទុកនៅវត្ត ពេលខ្លះក៏ឃើញមានទារក ទើបតែកើតបានពីរបីខែ មកដាក់នៅវត្តប្រៀបដូចជាកូនសត្វ។ ឃើញបែបនេះលោកក៏បានលាចាកសិក្ខាបទ និងសម្រេចបង្កើតជាមជ្ឈមណ្ឌលមួយ ដើម្បីជួយសង្គ្រោះក្មេងទាំងនោះ ពីព្រោះបើសិនជាលោកនៅជាព្រះសង្ឃទៀតនោះ លោកមិនអាចមើលថែពួកគេបានល្អ និងដិតដល់នោះឡើយ។
លោកបន្តថា កាលពីបើកដំបូង គឺវេទនាខ្លាំងណាស់ ដោយសារតែតំបន់នោះហាក់ឆ្ងាយពីទីប្រជុំផង និងមិនទាន់មានភ្លើងអគ្គិសនី ទៅដល់នៅឡើយ។ ពេលយប់ឡើង ក្មេងៗយំដោយសារតែងងឹត និងរងារហើយមានមូសទៀត លោកក៏បានប្រមូលស្លឹកឈើងាប់ៗមកបង្កាត់ភ្លើង ដើម្បីបំភ្លឺឱ្យពួកគេហើយពេលក្មេងឈឺម្ដងៗ ក៏ពិបាកក្នុងការយកទៅពេទ្យដែរ ដោយសារតែនៅឆ្ងាយពីពេទ្យ ដូច្នេះលោកមានតែទិញថ្នាំណា ដែលអាចជួយសម្រួលឱ្យពួកគេមួយគ្រាប៉ុណ្ណោះ។
លោក សារ៉ាត់ បាននិយាយទាំងទឹកភ្នែករលីងរលោងទៀតថា ឃើញសប្បុរសជនជាច្រើនបង្ហាញក្ដីស្រលាញ់ចំពោះក្មេងៗ ដែលលោកចាត់ទុកជាកូនរបស់ខ្លួនដូចនេះ លោករំភើប និងរំជួលចិត្តណាស់ ដែលបានឃើញសប្បុរសជនពីភ្នំពេញ បង្ហាញក្ដីស្រលាញ់ដល់កូនៗរបស់លោក ទាំងដែលពួកគេស្ទើរតែអស់សង្ឃឹមក្នុងជីវិត ព្រោះតែគ្មានឪពុកម្ដាយនឹងគេ ហើយត្រូវមករស់ជាមួយលោក។
លោកបញ្ជាក់ទៀតថា ក្មេងៗក្នុងមជ្ឈមណ្ឌលនេះ ពេលទៅរៀនត្រូវបានក្មេងដទៃទៀតប្រមាថមើលងាយថា ជាក្មេងមណ្ឌល ក្មេងគ្មានម៉ែឪជាដើម ដែលធ្វើឱ្យពួកគេហាក់ ដូចជាខ្លាចៗគេ និងរៀនមិនសូវជាចេះប៉ុន្មានទេ។ ដោយឃើញបែបនេះ គ្រូនៅសាលាដែលបង្រៀនពួកគេ ក៏បានស្ម័គ្រចិត្តមកបង្រៀនដល់មណ្ឌល ដើម្បីបំប៉នបន្ថែម និងមានវគ្គជាភាសាអង់គ្លេស ចិន ផងដែរ ក្រៅពីមុខវិជ្ជាដែលគេរៀននៅសាលា៕