(ភ្នំពេញ)៖ វិស័យថាមពលស្អាតនៅកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈក្នុងឆ្នាំ២០១៩ កម្មវិធី «សប្ដាហ៍ថាមពលស្អាត២០១៩» កំពុងអបអរសាទរនិងផ្សព្វផ្សាយអំពីសមិទ្ធផលទាំងនេះ។ កម្មវិធី សប្ដាហ៍ថាមពលស្អាត ចូលរួមអបអរ និងផ្ដល់ឱកាសក្នុងការបង្ហាញអំពីសក្ដានុពលនៃការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា។
ក្នុងនាមជាការជួបជុំផ្នែកថាមពលស្អាតធំជាងគេនៅកម្ពុជា កម្មវិធីនេះមានព្រឹត្តិការណ៍ចំណុះជាង៣០នៅទូទាំងរាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៧ ខែវិច្ឆិកា។ កម្មវិធី សប្ដាហ៍ថាមពលស្អាត នឹងផ្ដល់ឱកាសជូនសិស្សនិស្សិត អ្នកអភិវឌ្ឍគម្រោងថាមពល អ្នកអភិវឌ្ឍអចលនទ្រព្យ អ្នកជំនាញការផ្នែកថាមពល សហគ្រិន នវានុវត្តករបច្ចេកវិទ្យា និងអ្នកមានចំណាប់អារម្មណ៍លើបច្ចេកវិទ្យាទាំងអស់ស្វែងយល់អំពីគម្រោងផ្សេងៗសិក្សា និងពិភាក្សាអំពីថាមពលស្អាត និងជួបជជែកជាមួយនឹងអ្នកជំនាញក្នុងវិស័យពាក់ព័ន្ធ។
សកម្មភាពទាំងនេះ នឹងបិទបញ្ចប់ដោយរាត្រី ព្រឹត្តិ-ការណ៍ពិព័រណ៍ និងកំសាន្តសប្ដាហ៍ថាមពលស្អាត ដែលនឹងមានការចូលរួមពីក្រុមហ៊ុនថាមពលចំនួន១៥។ សូមអំពាវនាវដល់សាធារណជន មេត្តាចូលរួមគាំទ្រសមិទ្ធផលក្នុងការប្រើប្រាស់ថាមពលស្អាតនៅកម្ពុជា។ ការងាកមកប្រើថាមពលស្អាត នឹងមិនអាចសម្រេចបានឡើយ ប្រសិនបើគ្មានការចូលរួមចំណែកពីទាំងអស់គ្នា ដូច្នេះយើងម្នាក់ៗគួរចូលរួមឱ្យបានគ្រប់ៗគ្នា។
ក្នុងរយៈពេលមួយសប្ដាហ៍នេះ នឹងមានការធ្វើទស្សនកិច្ចជាបន្តបន្ទាប់ ទៅរោងចក្រធ្យូងអនាម័យរបស់ក្រុមហ៊ុនធ្យូងអនាម័យ ខ្មែរ ហ្គ្រីន ឆាលខូល ឯ.ក (Khmer Green Charcoal Co., Ltd.)។ ក្រុមហ៊ុននេះកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការកាត់បន្ថយភាពក្រីក្រនិងទប់ស្កាត់ការបាត់បង់ព្រៃឈើ ទន្ទឹមនឹងការផ្គត់ផ្គង់ផលិផលមួយដែលជួយការពារសុខភាពនៃអ្នកប្រើប្រាស់។ ដំណាលគ្នានេះ ក្រុមហ៊ុន អេធិក បាយអូដាយចេស្តឺ អិនធឺណាសិនណាល់ (ATEC Biodigesters International) ក៏នឹងស្វាគមន៍សាធារណជនឱ្យចូលមើលផ្ទះបាយគំរូរបស់អតិថិជនខ្លួន ដើម្បីជួយឱ្យសាធារណជនស្វែងយល់ច្បាស់អំពីការកែច្នៃកាកសំណល់ ដើម្បីចម្រាញ់យកឧស្ម័នស្អាតសម្រាប់ចម្អិនអាហារនិងអំពីគុណប្រយោជន៍នៃបច្ចេកវិទ្យានេះចំពោះជីវភាពអ្នកប្រើប្រាស់។
ក្រុមហ៊ុន អេកូសាន់ (ខេមបូឌា) (Ecosun (Cambodia)) ក៏នឹងបើទ្វារដំណើរការនាថ្ងៃសៅរ៍សប្ដាហ៍នេះ ដើម្បីស្វាគមន៍អ្នកចូលទៅទស្សនា និងស្វែងយល់បន្ថែមអំពីផលិតផលរបស់ខ្លួនដែលផ្ដល់អគ្គិសនី ដល់សហគមន៍ជនបទដែលគ្មានខ្សែបណ្ដាញអគ្គិសនីទៅដល់។
សម្រាប់អ្នកដែលកំពុងស្វែងរកកម្មវិធីនៅភ្នំពេញ ដើម្បីចូលរួមកម្មវិធីសប្ដាហ៍ថាមពលស្អាត បានសហការជាមួយនឹង Factory Films និងអង្គការមូលនិធិពិភពលោកដើម្បីធម្មជាតិ (WWF) ដើម្បីចាក់បញ្ចាំងវីដេអូឯកសារក្រោមចំណងជើង «ភពរបស់យើង» ត្រង់វគ្គទឹកសាប ដែលលើកយកបញ្ហាគម្រោងវារីអគ្គិសនីខ្នាតធំក្នុងទន្លេមេគង្គ និងជម្រើសនានាដោយឡែកពីនេះមកបង្ហាញ។
បន្ទាប់ពីនេះ នាថ្ងៃទី៦ ខែវិច្ឆិកា អង្គការអុកស្វាម (Oxfam) អង្គការស្ម័គ្រចិត្តដើម្បីសង្គម (CVS) និងវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum on Cambodia) នឹងសហការរៀបចំ កិច្ចពិភាក្សាថាមពលស្អាត លើប្រធានបទ «ជម្រើសផ្សេងៗជំនួសឱ្យវារីអគ្គិសនីខ្នាតធំ»។ រីឯក្រុមហ៊ុន Sirea នឹងរៀបចំបើកទ្វាររោងជាងខ្លួននៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាជូនសាធារណជន ដើម្បីបង្ហាញអំពីដំណោះស្រាយដ៏អស្ចារ្យក្នុងការបង្កើនទិន្នផលប្រព័ន្ធថាមពលនិងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យតាមរយៈបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម។
កម្មវិធី សប្ដាហ៍ថាមពលស្អាត ក៏នឹងផ្ដល់ឱកាសឱ្យនវានុវត្តករ យុវជន និងសហគ្រិនបានជួបជុំគ្នានៅ Impact Hub ក្នុងកម្មវិធី «នវានុវត្តន៍បៃតង៖ ប្លុកឆេន, បញ្ញាសិប្បនិមិត្ត និងសញ្ញាបណ្ណបៃតង» និងកិច្ចពិភាក្សាដែលរៀបចំដោយក្លឹបតស៊ូមតិរបស់វិទ្យាស្ថានភាសាបរទេស លើប្រធានបទ «តើកម្ពុជាគួរហាមឃាត់ការប្រើប្រាស់ឥន្ទនៈហ្វូស៊ីលឬទេ?»។ ទន្ទឹមនឹងនេះ នឹងមានសិក្ខាសាលាចំនួនជាង២០ សម្រាប់សិស្សនិងនិស្សិត ព្រមទាំងមានកម្មវិធី ប្រកួតប្រជែងថាមពលស្អាត ដែលបើកឱកាសឱ្យប្អូនៗសិស្សវិទ្យាល័យបានស្វែងយល់ពីអាជីពនិងអនាគតនៅក្នុងវិស័យថាមពលស្អាត។
គួរកត់សម្គាល់ថា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ កម្ពុជាបានងាកទៅរកប្រភពថាមពលស្អាត ដើម្បីឆ្លើយតបនឹងតម្រូវការអគ្គិសនីរបស់ខ្លួន។ បច្ចុប្បន្ន កម្ពុជាបានអនុម័តគម្រោងរោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យធំៗចំនួនពីរ, គម្រោងថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិ្យដែលមានអានុភាពផ្គត់ផ្គង់សរុបជាង ៤១០មេហ្កាវ៉ាត់ និងគម្រោងថាមពលខ្យល់ដែលមានអានុភាពផ្គត់ផ្គង់សរុបជាង៨០មេហ្កាវ៉ាត់។
អាជ្ញាធរអគ្គិសនីកម្ពុជា ក៏បានចេញសេចក្ដីព្រាងអត្រាថ្លៃអគ្គិសនីថ្មី ដែលនឹងជំរុញឱ្យមានការកាត់បន្ថយថ្លៃថាមពល តាមរយៈការគ្រប់គ្រងតម្រូវការនិងរយៈពេលមានតម្រូវការគំហុក និងតាមរយៈការបើកផ្លូវប្រសើរជាងមុនឱ្យថាមពលពន្លឺព្រះអាទិត្យចូលរួមបង្កើនសមាមាត្រថាមពលបៃតងក្នុងវិស័យថាមពលរបស់នៅកម្ពុជា។ ដោយមានការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអគ្គិសនីកម្ពុជា ក្រសួងរ៉ែនិងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កំពុងធ្វើទំនើបកម្មប្រព័ន្ធខ្សែបណ្ដាញផ្គត់ផ្គង់អគ្គិសនីជាតិនិងធ្វើសមាហរណ-កម្មថាមពលកកើតឡើងវិញចូលក្នុងប្រព័ន្ធខ្សែបណ្ដាញនេះ សំដៅធានាការផ្គត់ផ្គង់ថាមពលដែលស្អាតនិងមានតម្លៃសមរម្យស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងបន្តមានកំណើននិងមានការអភិវឌ្ឍ៕