(ភ្នំពេញ)៖ ដើម្បីរួមចំណែកដល់ការលើកស្ទួយវិស័យអប់រំ ជាមួយរាជរដ្ឋាភិបាលកម្ពុជា លោកឧកញ៉ា គួច ម៉េងលី មានមហិច្ឆតាបញ្ជូនសិស្សកម្រិតវិទ្យាល័យ យ៉ាងច្រើនបំផុតក្នុង១ឆ្នាំៗ ឲ្យបានទៅផ្លាស់ប្តូរការសិក្សានៅប្រទេសនានា រហូតដល់រយៈពេល១ឆ្នាំ នៅជុំវិញពិភពលោកទាំងមូលតែម្តង។
បើតាមលោកឧកញ៉ា គួច ម៉េងលី ស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ MJQE បានឲ្យដឹងបន្ថែមថា ប្រទេសសំខាន់ៗទាំងនោះ រួមបញ្ជូលទាំងសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, នៅអឺរ៉ុប, អាស៉ី, អាមេរិកឡាទីន, អូស្ត្រាលី, អូសេអានី និងអង់តាក់ទិកជាដើម។
ការបញ្ជាក់របស់លោក បានធ្វើឡើងក្នុងឱកាសដែល MJQE ចុះហត្ថលេខាលើអនុស្សារណៈយោគយល់ (MOU) ជាមួយ AYC ដោយសេវាកម្មផ្លាស់ប្តូរការសិក្សាអន្តរជាតិ (ICES) នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ICES វាគឺជាសេវាកម្មផ្លាស់ប្តូរការសិក្សាអន្តរជាតិ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩១ នៅសហរដ្ឋអាមេរិក។ នេះគឺជាភ្នាក់ងារផ្លាស់ប្តូរកម្មវិធីសិក្សា អន្តរជាតិ និងជាអង្គការផ្លាស់ប្តូរយុវជនអន្តរជាតិ។ អស់រយៈពេលជិតបីទសវត្សមកហើយ ICES បានលើកកម្ពស់សន្តិភាពក្នុងពិភពលោក តាមរយៈការជំរុញការយល់ដឹង និងវប្បធម៌អន្តរជាតិដល់សិស្ស និងគ្រួសារជាច្រើនពាន់នាក់នៅជុំវិញពិភពលោក។
លោកឧកញ៉ា គួច ម៉េងលី បានប្រាប់ថា មូលហេតុដែល MJQE ជ្រើសរើសចុះហត្ថលេខាលើអនុស្សារណៈយោគយល់ជាមួយ AYC ដោយ ICES ពីព្រោះ MJQE បានធ្វើការជាមួយគ្នាអស់រយៈពេលជាង ៣ឆ្នាំមកហើយ ដើម្បីដំណើរការ TESOL House។ ម៉្យាងវិញទៀត ICES ជាក្រុមហ៊ុនដែលមានភាពល្បីល្បាញ និងធំមួយនៅប្រទេសថៃ។
សូមបញ្ជាក់ផងដែរថា ICES Cambodia គឺជាភ្នាក់ងារផ្លាស់ប្តូរកម្មវិធីសិក្សាសម្រាប់សិស្សានុសិស្សថ្នាក់វិទ្យាល័យ ដែលមានរយៈពេលមួយឆ្នាំ ទៅកាន់ប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, អឺរ៉ុប, អាស៊ី, អាមេរិកឡាទីន, អូស្ត្រាលី, អូសេអានី និងអង់តាក់ទិកជាដើម។
ការចុះកិច្ចព្រមព្រៀងរវាង MJQE និង ICES មានគោលបំណងដើម្បី៖
១៖ បញ្ជូនសិស្សថ្នាក់ទី១០ និង១១ នៅវិទ្យាល័យដើម្បីចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សា ទៅសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស, កាណាដាអូស្ត្រាលី, ជប៉ុន, អ៉ីតាលី, បារាំង, អាល្លឺម៉ង់, ហូឡង់, ថៃ, និងប្រទេសដទៃទៀត។
២៖ ផ្តល់ឱ្យសិស្សអន្តរជាតិនូវឱកាសដ៏កម្រ ដើម្បីរៀនអំពីវប្បធម៌មួយទៀត បទពិសោធន៍ថ្មី ទំនៀមទម្លាប់ថ្មី និងបង្កើតមិត្តភាពពេញមួយជីវិត។
៣៖ ស្វែងយល់ខ្លួនឯងពេលរស់នៅជាមួយគ្រួសារម្ចាស់ផ្ទះ នៅសហរដ្ឋអាមេរិក ចូលរៀននៅវិទ្យាល័យ និងបង្កើនជំនាញភាសាអង់គ្លេសរបស់ពួកគេ។
ICES Cambodia សហការជាមួយ ICES Thailand ក៏មានកម្មវិធីខ្លី និងបោះជំរុំ ជាភាសាអង់គ្លេសផងដែរគឺ៖
១៖ កម្មវិធីសិក្សាក្នុងរយៈពេលខ្លី ឬដំណើរទស្សនកិច្ចសិក្សាដំណើរទស្សនកិច្ចសិក្សា៖ ផ្តល់ជូនដំណើរទស្សនកិច្ចសិក្សាខ្លីសម្រាប់សិស្សកម្ពុជានៅសហរដ្ឋអាមេរិក, អង់គ្លេស, អឺរ៉ុប, ញូវហ្សេឡែន, អូស្ត្រាលី, ជប៉ុន និងសិង្ហបុរី។
២៖ ការបោះជំរុំ ជាមួយភាសាអង់គ្លេស (ការបោះជំរុំនៅបរទេស) ផ្តល់ការបោះជំរុំសិក្សាជាភាសាអង់គ្លេសនៅបរទេស សម្រាប់សិស្សកម្ពុជា ដែលមានដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស, តៃវ៉ាន់, ចិន, សិង្ហបុរី, និងថៃ។
ឧកញ៉ា គួច ម៉េងលី បានបន្ថែមថា ដើម្បីផ្តល់ជូនដល់សិស្សានុសិស្ស និងមហាជនទូទៅបើកដំណើរការនៃកម្មវិធីនេះ MJQE នឹងផ្តល់ជូនអាហាររូបករណ៍ ១០០% ដល់សិស្សានុសិស្សម្នាក់ ដើម្បីទៅសិក្សានូវសហរដ្ឋអាមេរិក ចំនួន១ឆ្នាំ។
លោក Sangkarn AMSAMANG ដែលជា CEO របស់ AYC ប្រទេសថៃ បានបញ្ជាក់ថា ក្នុង១ឆ្នាំៗលោកបានផ្តល់ឱកាសឲ្យសិស្សនៅប្រទេសថៃ បានទៅផ្លាស់ប្តូរការសិក្សាតាមកម្មវិធីនេះ ប្រមាណ២០០នាក់ឯណោះ។ លោកបានផ្តល់ជាគំនិតថា សិស្សដែលទៅសិក្សានៅក្រៅប្រទេស ត្រូវតែប្រកាន់ខ្ជាប់ឲ្យបាននូវឥរិយាបទល្អ ព្រោះជាអ្នកតំណាងឲ្យប្រទេសជាតិទាំងមូល៕