(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានថ្លែងថា ព្រឹទ្ធាចារ្យ ប្រៀបបានទៅនឹងបណ្ណាល័យរស់ សំបូរទៅដោយបទពិសោធន៍ ជាឃ្លាំងចំណេះដឹងសម្រាប់មនុស្សជំនាន់ក្រោយ។
លោកអភិបាលខេត្តបានលើកឡើងបែបនេះ ខណៈពេលដែលលោកអញ្ជើញជាអធិបតីក្នុងពិធី សម្ភោធដាក់ឲ្យប្រើប្រាស់ អាគារសិក្សាមួយខ្នង២ជាន់១២បន្ទប់ ជាជំនួយរបស់អង្គការដៃគូអភិវឌ្ឍន៍ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិទ្យាល័យ ស្រេង គីម ស្ថិតក្នុងឃុំស្រង៉ែ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
លោកអភិបាលខេត្តបានបន្តថា «ការសិក្សារៀនសូត្រទីណា កន្លែងណា ក៏អាចរៀនបានដែរ ជាពិសេសគឺការសិក្សារៀនសូត្រពីចាស់ព្រឹទ្ធាចារ្យ ដែលពួកគាត់សំបូរទៅដោយបទពិសោធន៍ជាច្រើន ពោលព្រឹទ្ធាចារ្យប្រៀបដូចជាបណ្ណាល័យរស់ ក្នុងការផ្ដល់ចំណេះដឹងឲ្យដល់មនុស្សជំនាន់ក្រោយ»។
លោកអភិបាលខេត្ត បានថ្លែងដាស់តឿនដល់ប្អូនប្អូន ក្មួយៗ ជាសិស្សានុសិស្ស ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ កុំចំណាយពេលអត់ប្រយោជន៍ ទៅធ្វើរឿងដែលមិនចំណេញ។ ត្រូវខិតខំត្រងត្រាប់ស្ដាប់ឪពុកម្ដាយ និងស្ដាប់លោកគ្រូ អ្នកគ្រូ រៀនឲ្យពូកែ ឲ្យស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់វិស័យអប់រំនេះឆ្ពោះមកមូលដ្ឋាន សំដៅលើកកម្ពស់គុណភាពចំណេះដឹង និងការរស់នៅរបស់ប្រជាពលរដ្ឋ ព្រោះចំណេះដឹងនិងការរស់ នៅនេះគឺដើរទន្ទឹមគ្នា ដូច្នេះវិស័យអប់រំ ជាវិស័យស្នូលរបស់រដ្ឋាភិបាល ជាវិស័យអតិភាព នៃយុទ្ធសាស្ត្រចតុកោណ។
លោកថ្លែងថា សិស្សានុសិស្សទាំងអស់ ត្រូវតែផ្លាស់ប្ដូរឥរិយាបថ ខិតខំរៀនសូត្រឱ្យបានពូកែ ដើរឲ្យទាន់សម័យកាល ព្រោះបច្ចុប្បន្នប្រទេសជាតិ ក៏ដូចជាពិភពលោកកំពុងតែមានការរីកចម្រើនឥតឈប់ឈរ ដូច្នេះទាល់តែយើងមានចំណេះដឹង ទើបអាចប្រកួតប្រជែងជាមួយគេបាន៕