(ភ្នំពេញ)៖ ក្នុងឱកាសទទួលជួបសម្តែងការគួរសមរវាងស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ លោក Kenro Izu ជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង នៅទីស្ដីក្រសួង នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩, ភាគីទាំងពីរ បានប្តេជ្ញារួមគ្នាខិតខំបន្ដលើកកម្ពស់សុខភាពរបស់កុមារកាន់តែប្រសើរ ជាពិសេស រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានលើកទឹកចិត្ដដល់ស្ថាបនិក នៃមន្ទីរពេទ្យនេះ បន្ដការងារ និងស្វែងរកសប្បុរសជនក្នុង និងក្រៅស្រុក ចូលរួមឧបត្ថម្ភដល់មន្ទីរពេទ្យ ឱ្យបន្តបើកដំណើរការយ៉ាងរលូនរហូតទៅ។
រដ្ឋមន្រ្តី ម៉ម ប៊ុនហេង បានថ្លែងឱ្យដឹងថា មន្ទីរពេទ្យកុមារអង្គរ ជាមន្ទីរពេទ្យ ផ្តល់សេវាពិនិត្យព្យាបាលជំងឺកុមារ ដោយឥតគិតថ្លៃ ដែលបានបើកដំណើរការចាប់តាំងពីឆ្នាំ១៩៩៩មកម៉្លេះ នៅលើទឹកដីខេត្តសៀមរាប ដោយក្នុងមួយឆ្នាំៗចំណាយថវិកាប្រហែល ៦,៥លានដុល្លារ ដើម្បីផ្គត់ផ្គង់រាល់ការព្យាបាលជំងឺជូនកុមារកម្ពុជា។
ជាការឆ្លើយតបរបស់លោកស្ថាបនិកមន្ទីរពេទ្យកុមារអង្គរ លោក Kenro Izu បានថ្លែងថា លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ក្នុងការចូលរួមចំណែកជួយកុមារកម្ពុជា ឱ្យមានសុខភាពល្អប្រសើរឡើង។ទន្ទឹមនឹងនោះ លោកបានបញ្ជាក់ថា មន្ទីរពេទ្យមួយទៀត ដែលបានបង្កើតឡើង ស្ថិតនៅស្រុកសូទ្រនិគម ខេត្ដសៀមរាប ដើម្បីព្យាបាលជំងឺកុមារ និងសម្រាលកូន នឹងផ្ទេរផ្នែកមួយនៃមន្ទីរនេះ មករាជរដ្ឋាភិបាល ឱ្យទៅជាមន្ទីរពេទ្យរដ្ឋរបស់វិញ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានថ្លែងអំណរគុណ ដល់ការខិតខំប្រឹងប្រែងរបស់លោក Kenro Izu រួមជាមួយសប្បុរសជននៅក្រៅប្រទេស និងក្នុងស្រុកផងដែរ ដែលតែងតែបន្ដជួយឧបត្ថម្ភគាំទ្រ ដើម្បីឱ្យដំណើរការមន្ទីរពេទ្យនេះ កាន់តែមានរលូនមក ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជា។
ជាពិសេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា មន្ទីរពេទ្យកុមារអង្គរ ក៏ទទួលបានការឧបត្ថម្ភគាំទ្រ ពីរាជរដ្ឋាភិបាលកម្ពុជាយើងផងដែរ តាំងពីការចាប់ផ្ដើមដំណើរការ រហូតមកដល់បច្ចុប្បន្ន រួមទាំងចេញថ្លៃសេវា អគ្គិសនី ទឹក និងឱសថមួយចំនួនទៀត ពិសេសអំឡុងជំងឺគ្រុនឈាមកន្លងទៅ។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីសុខាភិបាល ក៏បានលើកទឹកចិត្ដដល់ស្ថាបនិកនៃមន្ទីរពេទ្យកុមារអង្គរ ដើម្បីស្វែងរកជំនួយបន្ថែមទៀតពីសប្បុរសជនជាតិ និងអន្ដរជាតិ តាមមធ្យាបាយ និងប្រព្រឹត្ដិការផ្សេងៗដែលអាចសហការជាមួយអាជ្ញាធរខេត្ដសៀមរាប។
សូមជម្រាបថា មន្ទីរពេទ្យកុមារអង្គរ ក្រៅពីផ្ដល់សេវាពិនិត្យ និងព្យាបាលសុខភាពជូនកុមារកម្ពុជា ក៏បានបណ្ដុះបណ្ដាលគិលានុដ្ឋាករបស់មន្ដ្រីសុខាភិបាលមួយចំនួនផងដែរ ៕